គណៈប្រតិភូដែលជាឯកអគ្គរដ្ឋទូត អ្នកតំណាង ប្រធានស្ថាប័ននានា និងអង្គការអន្តរជាតិប្រចាំនៅវៀតណាម បានមានដំណើរទស្សនកិច្ច និងស្វែងយល់ អំពីវប្បធម៌ដ៏ពិសេសនៃជនជាតិវៀតណាម នៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិវៀតណាម។
គណៈប្រតិភូដែលជាឯកអគ្គរដ្ឋទូត អ្នកតំណាង ប្រធានស្ថាប័ននានា និងអង្គការអន្តរជាតិប្រចាំនៅវៀតណាម បានមានដំណើរទស្សនកិច្ច និងស្វែងយល់ អំពីវប្បធម៌ដ៏ពិសេសនៃជនជាតិវៀតណាម នៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិវៀតណាម។
កម្មវិធីនេះ បានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនូវសម្រស់ប្រទេសជាតិ មនុស្សជាតិ និងតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់វៀតណាម ទៅកាន់មិត្តភក្តិអន្តរជាតិ។ នៅទីនេះ បណ្តាអ្នកការទូតបានធ្វើដំណើរស្វែងយល់ ចាប់ពីតំបន់ភ្នំភាគខាងជើង រហូតដល់តំបន់ដីសណ្ដទន្លេភាគខាងត្បូង ដោយមានអារម្មណ៍ដឹងយ៉ាងច្បាស់នូវ "សាមគ្គីភាពក្នុងភាពចម្រុះ" នៃខឿនវប្បធម៌វៀតណាម។
គណៈប្រតិភូនៃស្ថាប័នការទូត ទស្សនាស្ថាបត្យកម្មនៃបណ្តុំប្រាសាទចាម។ រូបថត៖ ឡាមសឺន
ភ្ញៀវអន្តរជាតិរួមគ្នាពិសោធន៍របរធ្វើកុលាលភាជន៍បាវត្រុក របស់ជនជាតិចាម - ដែលជាបេតិកភណ្ឌវប្បធម៌អរូបី បានអង្គការ UNESCO ចុះក្នុងបញ្ជីត្រូវការការការពារបន្ទាន់។ រូបថត៖ ឡាមសឺន
ការធ្វើដំណើរនេះ បានចាប់ផ្ដើមនៅលំហភូមិជនជាតិមឿង (Muong)។ ភ្ញៀវអន្តរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះស្ថាបត្យកម្មផ្ទះរត ដែលមានដំបូលរាងដូចស្នូក អណ្តើក ផ្សារភ្ជាប់នឹងរឿងនិទាន "ការបង្កើតទឹក បង្កើតដី"។ មិនត្រឹមតែបានទស្សនាប៉ុណ្ណោះទេ ឯកអគ្គរដ្ឋទូតទាំងឡាយថែមទាំងបានចូលរួមដោយផ្ទាល់ក្នុងសកម្មភាពប្រចាំថ្ងៃរបស់បងប្អូនជនជាតិ ដូចជាការត្បាញធ្វើសិប្បកម្ម តម្បាញសំពត់ និងរីករាយជាមួយសិល្បៈសម្តែងប្រជាប្រិយ។ ស្នាមញញឹមដ៏ស្រស់ស្រាយ បានលេចឡើងនៅពេលដែលបណ្តាអ្នកការទូត បានចូលរួមរាំរបាំក្រាប និងបោះឈូង នៅទីធ្លាផ្ទះរត។
ជនជាតិ សឺដាំង ណែនាំឧបករណ៍តន្ត្រីប្រពៃណី ដល់មិត្តភក្តិអន្តរជាតិ។ រូបថត៖ ឡាមសឺន
បន្ទាប់ពីចាកចេញពីលំហវប្បធម៌ជនជាតិមឿង គណៈប្រតិភូបានបន្តទៅកាន់ភូមិជនជាតិ សឺដាំង។ នៅទីនេះ សម្លេងរំពងនៃឧបករណ៍តន្ត្រីទ័ររឹង និងខ្លងពុត បានទាក់ទាញចិត្តអ្នកទស្សនា។ បងប្អូនជនជាតិសឺដាំង បានណែនាំយ៉ាងយកចិត្តទុកដាក់ដល់ភ្ញៀវ នូវរបៀបប្រើប្រាស់ឧបករណ៍តន្ត្រីធ្វើពីឫស្សី បង្កើតបានជាលំហនៃការផ្លាស់ប្តូរសិល្បៈគ្មានព្រំដែន។
អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ទ្រិញ ធីធ្វី រួមជាមួយអ្នកការទូតអន្តរជាតិ ស្វែងយល់ពីវប្បធម៌ជនជាតិមឿង។ រូបថត៖ ឡាមសឺន
ចំណុចលេចធ្លោបន្ទាប់ គឺតំបន់វត្តខ្មែរ និងបណ្តុំប្រាសាទចាម។ ប្រតិភូទាំងឡាយ បានសម្របខ្លួន ក្នុងលំហ "ពណ៌សម្បុរវប្បធម៌វិញឡុង" ជាមួយនឹងប្រភេទសិល្បៈបេតិកភណ្ឌដូចជា ចម្រៀងចាប៉ី ការច្រៀងសាក់ប៊ួភូឡេ ឬចង្វាក់រាំវង់យ៉ាងទន់ភ្លន់។ ជាពិសេស សិល្បៈស្មូនដីនៅបៅត្រុក (បេតិកភណ្ឌដែលបានទទួលស្គាល់ដោយអង្គការ UNESCO) បានធ្វើឱ្យភ្ញៀវជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលបានប៉ះដីឥដ្ឋផ្ទាល់ដៃ និងសាកល្បងសូនរូបក្អមឆ្នាំង ក្រោមការណែនាំពីសិប្បករ។
គណៈប្រតិភូអន្តរជាតិចូលចិត្តផលិតផលដែលធ្វើដោយដៃ ក្នុងសកម្មភាពពិសោធន៍តម្បាញស្លឹកដូងបែបប្រពៃណីនៅខេត្តត្រាវិញ (ចាស់)។ រូបថត៖ ឡាមសឺន
ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាសកម្មភាពទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ពានចម្លងវប្បធម៌ដ៏សំខាន់ រួមចំណែកពង្រឹងចំណងមិត្តភាព រវាងវៀតណាម និងបណ្តាប្រទេស និងអង្គការនានាលើពិភពលោក។ តាមរយៈនោះ រូបភាពនៃប្រទេសវៀតណាមមួយ ដែលសម្បូរទៅដោយអត្តសញ្ញាណ ភាពរស់រវើក និងស្រឡាញ់សន្តិភាព បានបន្សល់ទុកនូវចំណាប់អារម្មណ៍ មិនអាចបំភ្លេចបានក្នុងចិត្តមិត្តភក្តិអន្តរជាតិ៕ អត្ថបទ និងរូបថត៖ ឡាមសឺន/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង