ព័ត៌មាន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

មន្ត្រីជាន់ខ្ពស់ឥណ្ឌាជូន​ដំណើរ​លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងជំនួបទ្វេភាគីនៅឥណ្ឌា។ រូបថត៖ VNA

យោងតាមលោករដ្ឋមន្ត្រី ឡេ ហយជុង ការចូលរួមរបស់វៀតណាមនៅក្នុងកិច្ចប្រជុំកំពូល BRICS លើកទី១៨ ជាពិសេសសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ត្រូវបានកោតសរសើរយ៉ាងខ្លាំងដោយបណ្តា​ប្រទេសជាសមាជិក និងប្រទេសម្ចាស់ផ្ទះ​។ លោករដ្ឋមន្ត្រី ឡេ ហយជុង បានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាខួបលើកទី ២០​ នៃការបង្កើត BRICS។ ដូច្នេះ ការចូលរួមរបស់វៀតណាមនៅក្នុងកិច្ច​ប្រជុំ​កំពូលមិនត្រឹមតែពង្រឹងការចូលរួមនិងការរួមវិភាគទានរបស់វៀតណាមចំពោះ BRICS ក្នុងនាមជាប្រទេសដៃគូប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងជាមួយសមាជិក BRICS និងប្រទេសដៃគូផ្សេងទៀតផងដែរ។ តាមរយៈការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ BRICS វៀតណាមបានពង្រឹងការយោគយល់គ្នាទៅវិញទៅមក និងការជឿទុកចិត្តខាងនយោបាយ ព្រមទាំងបានស្វែងយល់ពីសក្តានុពលសហប្រតិបត្តិការថ្មីៗនិងជាក់ស្តែង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសនាពេលខាងមុខ។

ការចូលរួមរបស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ក្នុងកិច្ចប្រជុំកំពូល BRICS លើកទី១៨ ក៏ទទួលបានការចាប់អារម្មណ៍ពីអ្នកនយោបាយឥណ្ឌា និងមតិសាធារណៈផងដែរ។ មតិ​ទាំងអស់ មិនត្រឹមតែផ្តោតលើអត្ថន័យទ្វេភាគីនៃ​ជំនួបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​លើការចូលរួមរបស់វៀតណាមនៅក្នុងដំណើរការពង្រីក និងបង្កើនតួនាទីរបស់ BRICS ទៀតផង។ ដោយវាយតម្លៃការចូលរួមរបស់វៀតណាមចំពោះ BRICS លោក​សាស្ត្រាចារ្យ Faisal Ahmed មកពីសាលាគ្រប់គ្រង Fore នៅសាកលវិទ្យាល័យដេលី (ឥណ្ឌា) បានសង្កត់ធ្ងន់ថា៖ «គោលនយោបាយការបរទេសឯករាជ្យ និងស្វ័យភាពជាយុទ្ធសាស្ត្រដែលវៀតណាមកំពុងស្វែងរក ជួយបង្កើន​តួនាទីរបស់វៀតណាមជា​កត្តាដ៏មានឥទ្ធិពលនៅអឌ្ឍគោល​ខាងត្បូង។ ទីពីរ គឺបញ្ហានៃបណ្តាញផលិតកម្មសកល។ សក្តានុពលដ៏ធំធេងរបស់វៀតណាមក្នុងការពង្រីកនិងបង្កើតបណ្តា​ញ​ផលិតកម្មសកល ដោយត​ភ្ជាប់ជាមួយប​ណ្តាប្រទេសអាស៊ាន គឺមានសារៈសំខាន់ខ្លាំងណាស់» ៕


top