ដើម្បីសម្រេចបាននូវសៀវភៅរូបភាព “របរប្រពៃណីវៀតណាម”ឈ្មោះជាភាសាអង់គ្លេស Vietnam’s Traditional Crafts អ្នកថតរូប ត្រឹន ថេភុង (Tran The Phong) បានចំណាយពេលវេលាជាង១០ឆ្នាំ...
ដើម្បីសម្រេចបាននូវសៀវភៅរូបភាព “របរប្រពៃណីវៀតណាម”ឈ្មោះជាភាសាអង់គ្លេស Vietnam’s Traditional Crafts អ្នកថតរូប ត្រឹន ថេភុង (Tran The Phong) បានចំណាយពេលវេលាជាង១០ឆ្នាំ ធ្វើដំណើរពីភាគខាងជើងទៅភាគខាងត្បូង ខិតខំស្វែងយល់ សណ្ដាប់រឿងរ៉ាវ និង ថតកាលៈទេសៈសាមញ្ញតែស្អាតគួរឱ្យទ្រេកអរ។
ក្នុងអំឡុងពេល៣៤ឆ្នាំផ្សារភ្ជាប់នឹងរបរថតរូប ត្រឹន ថេភុង (Tran The Phong) មានឱកាសធ្វើដំណើរទៅទីនេះទីនោះ ជួបសិប្បករជាច្រើន បានស្តាប់នូវរឿងរ៉ាវ ព្រមទាំងឃើញពួកគាត់អភិរក្សរបរប្រពៃណីទៀតផង។ ជាមួយនឹងក្តីស្រឡាញ់ និង ការគោរពនេះ រូបថតអំពីរបរប្រពៃណីវៀតណាមរបស់ ត្រឹន ថេភុង (Tran The Phong) មានកាន់តែច្រើននៅក្នុងម៉ាស៊ីនថតរូប។ បងបានធ្វើដំណើរទៅកាន់ខេត្តក្រុងជាច្រើន ចូលទៅផ្ទាល់ភូមិរបរប្រពៃណីដើម្បីសំណេះសំណាល កត់ត្រា និងថតរូប។ ផ្តើមពីរូបថតជាង២០ពាន់សន្លឹក កត់ត្រាអនុស្សាវរីយ៍អំពីភូមិរបរប្រពៃណីទូទាំងប្រទេស ត្រឹន ថេភុង (Tran The Phong) បានសម្រេចចិត្តជ្រើសយកកម្រងរូបភាពចំនួន៤៥ តាមស្តង់ដារអាទិភាពលក្ខណៈពិសេស និង សិប្បកម្ម។ ចំពោះបង នោះជាចំរៀកទាំង៤៥ ដែលពាំលក្ខណៈពិសេសនៃតំបន់ភូមិភាគ មានទាំងដង្ហើមជីវិតនៃជនជាតិវៀតណាមទៀតផង។
ពិធីបើកបង្ហាញសៀវភៅរូបថត “របរប្រពៃណីវៀតណាម” និង តាំងពិព័រណ៍របស់អ្នកថតរូប ត្រឹន ថេភុង (Tran The Phong)។ រូបថត៖ តួអង្គផ្តល់ជូន
តាំងពីរបរធ្វើក្រដាស (ខេត្តកាវបាំង - Cao Bang) របរសិតដែក មីដុង (My Dong) (ខេត្តហាយភុង - Hai Phong) របរដេរប៉ាក់វ៉ាន់ឡឹម (Van Lam) (ខេត្តនិញប៊ិញ - Ninh Binh) របរគូរគំនូរដុងហូ (Dong Ho) (ខេត្តបាក់និញ - Bac Ninh) របរធ្វើកុលាលភាជន៍បាតត្រាង (Bat Trang) (ហាណូយ) របរធ្វើមួកស្លឹក (ខេត្តធឿថៀនហ្វេ - Thua Thien Hue) របរត្បាញសំពត់ ម៉ាចូវ (Ma Chau) (ខេត្តក្វាងណាម - Quang Nam) របរធ្វើបន្ទះឫស្សីគូជី (Cu Chi) របរធ្វើគោម (ទីក្រុងហូជីមិញ) របររវៃសប្បកដូង (ខេត្តបេនត្រែ - Ben Tre) របរតម្បាញសំពត់សង្កិប (ខេត្តអានយ៉ាង - An Giang)។ល។ ជារូបភាពងាយចួបប្រទះនៅក្នុងរូបថត ដែលបង្កើតដោយអ្នកថតរូប ត្រឹន ថេភុង (Tran The Phong) ផ្តើមចេញដោយភាពទ្រាំទុក្ខលំបាក នៃជាងសិប្បកម្ម។
របរធ្វើទឹកសាអ៊ីវ (ខេត្តហឹងអៀន - Hung Yen)។ រូបថត៖ ត្រឹន ថេភុង
ទឹកមុខនឿយហត់ ប៉ុន្តែកែវភ្នែកពួកគាត់តែងពោរពេញដោយក្តីសប្បាយរីករាយ។ “អ្នកដែលខ្ញុំចួបនៅតាមតំបន់ភូមិភាគទូទាំងប្រទេស ពេលខ្ញុំសន្សំសំចៃទិន្នន័យសម្រាប់សៀវភៅពិសេសនេះ សុទ្ធតែមានចំណុចរួមមួយគឺស្រឡាញ់មុខរបរ ប្តេជ្ញាចិត្តប្រកបមុខរបរដល់ទីបំផុត ទោះបីចួបទុក្ខលំបាកនៅក្នុងជីវភាពរស់នៅ” អ្នកថតរូប ត្រឹន ថេភុង (Tran The Phong) រៀបរាប់។
ពេលឃើញឃ្លាំងទិន្នន័យដែលសន្សំជាង១០ឆ្នាំ មួយថ្ងៃកាន់តែពេញ អ្នកថតរូប ត្រឹន ថេភុង (Tran The Phong) ចំណាយពេលជិតមួយឆ្នាំ ដើម្បីជម្រើសរូបថត ត្រៀមខ្លឹមសារសម្រាប់សៀវភៅ។ ជម្រើសរូបថតជាដំណាក់កាលចំណាយពេលវេលាច្រើនបំផុត ដោយសាររូបថតមានចំនួនច្រើនសន្ធឹកសន្ធប់។ ឃ្លាល្បះក៏បានអ្នកនិពន្ធជ្រើសដោយហ្មត់ចត់ ធ្វើដូចម្តេចឱ្យបានសុក្រិតបំផុត ធានាព័ត៌មានចាំបាច់ត្រូវតែគ្រប់គ្រាន់សម្រាប់បម្រើការផ្សព្វផ្សាយ លក្ខណៈវប្បធម៌ពិសេសរបស់ទឹកដី។ ប៉ុន្តែការសំខាន់បំផុត បងចង់បំផុសគំនិតស្វែងយល់អំពីរបរប្រពៃណីវៀតណាមជូនអ្នកអានគ្រប់ទិសទី។
សៀវភៅមានកម្រាស់២០០ទំព័រលើកនេះ ប្រការដែលធ្វើឱ្យ ត្រឹន ថេភុង (Tran The Phong) យកចិត្តទុកដាក់បំផុត គឺការរំលេចបានសម្រស់សាមញ្ញ ស្និទ្ធិស្នាលរបស់សិប្បករ ជាអ្នកលះបង់ដោយស្ងៀមស្ងាត់ផ្សារភ្ជាប់នឹងរបរប្រពៃណី។ ពួកគាត់ជឿជាក់ថា ដោយមនោសញ្ចេតនាពិតៗ របរប្រពៃណីនឹងបានអភិរក្ស អភិវឌ្ឍ ទោះបីជីវភាពរស់នៅទំនើប ដាក់ចេញបញ្ហាប្រឈមយ៉ាងណាក៏ដោយ។
ពិធីបើកបង្ហាញសៀវភៅរូបថត “របរប្រពៃណីវៀតណាម” និង តាំងពិព័រណ៍នៃអ្នកថតរូប ត្រឹន ថេភុង (Tran The Phong)។ រូបថត៖ តួអង្គផ្តល់ជូន
អ្នកថតរូបថត ត្រឹន ថេភុង (Tran The Phong) សម្រេចចិត្តបោះពុម្ពតែ១០០ក្បាល ដោយគុណភាពក្រដាសដែលបានជម្រើស។ ក្រដាសបោះពុម្ពរូបភាព និង ក្រដាសក្រប បានជ្រើសយកពីក្រដាសសម្រាប់គូរគំនូររបស់អ៊ីតាលី។ ក្របសៀវភៅជាវត្ថុធាតុក្រដាសយកមកពីប្រទេសហូឡង់។ ក្របប្រអប់ដាក់សៀវភៅធ្វើដោយក្រដាសកាត់តុងរបស់ប្រទេសហ្វាំងឡង់៕
អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប រូបថត៖ ត្រឹន ថេភុង
ប្រែសម្រួល៖ រីកើង