"ទេសចរណ៍បៃតង ដាភុក (Da Phuc) – River Camping" នាំមកនូវបទពិសោធន៍ដ៏ជិតស្និទ្ធជាមួយធម្មជាតិ។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
សកម្មភាពកម្សាន្តក្រោមផ្ទៃមេឃនៅមាត់ទន្លេ ក្នុងបរិយាកាសស្រស់ស្រាយ និងខ្យល់អាកាសបរិសុទ្ធ។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ភ្ញៀវទេសចរសាកល្បងបទពិសោធន៍នៃទម្រង់ទេសចរណ៍កសិកម្មនៅភូមិដាភុក។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ភ្ញៀវទេសចរចូលរួមប្រមូលផលកសិផលស្អាតនៅឯវាលស្រែ។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
រួមគ្នាទទួលបានបទពិសោធន៍នៃការដាំបន្លែ ការប្រមូលផល និងការទិញបន្លែគ្រប់ប្រភេទ។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ផ្នែកសំខាន់នៃដំណើរស្វែងយល់ដាភុក គឺស្វែងយល់ពីជីវភាពកសិកម្មរបស់អ្នកស្រុក។ ភ្ញៀវទេសចរអាចទៅទស្សនាតំបន់ផលិតកសិកម្មគំរូដូចជា តំបន់ដាំបន្លែ និងម្ទេស តាមបែបកសិកម្មស្អាត។ មិនត្រឹមតែស្តាប់ការណែនាំអំពីដំណើរការផលិតប៉ុណ្ណោះទេ ភ្ញៀវក៏អាចចូលរួមផ្ទាល់ក្នុងដំណាក់កាលងាយៗមួយចំនួន នៃការដាំដុះផងដែរ។ បទពិសោធន៍ទាំងនេះ ជួយឱ្យភ្ញៀវយល់ច្បាស់ពីការងាររបស់កសិករ ក៏ដូចជាផ្នត់ជីវិតប្រចាំថ្ងៃ នៅជាយក្រុង។
ជាទម្រង់ទេសចរណ៍ថ្មី ដាភុកយកចិត្តទុកដាក់ខ្ពស់ លើការការពារបរិស្ថាន និងរក្សាទេសភាពធម្មជាតិ។ ជំនួសឱ្យការអភិវឌ្ឍបែបប្រញាប់ប្រញាល់ មូលដ្ឋានផ្តល់អាទិភាពដល់សកម្មភាពទេសចរណ៍ក្នុងកម្រិតសមស្រប ដើម្បីធានាបាននូវតុល្យភាព រវាងការទាញយកផលពីទេសចរណ៍ និងការអភិរក្សប្រព័ន្ធអេកូឡូស៊ីមាត់ទន្លេ។
ដាភុក កំពុងបោះជំហានបញ្ជាក់រូបភាព ជាគោលដៅទេសចរណ៍បែបធម្មជាតិ រស់រាយរាក់ទាក់ និងប្រកបដោយនិរន្តរភាព។ រូបថត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម
សហគមន៍មូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍន៍ទេសចរណ៍។ ប្រជាពលរដ្ឋបានលើកទឹកចិត្តឱ្យចូលរួមផ្ទាល់ ក្នុងសកម្មភាពផ្សេងៗដូចជា ធ្វើជាមគ្គុទ្ទេសក៍ ផ្តល់សេវាកម្ម ផ្គត់ផ្គង់ កសិផល និងចម្អិនម្ហូបប្រពៃណី។ របៀបធ្វើនេះ មិនត្រឹមតែបង្កើតមុខរបរដល់អ្នកស្រុកប៉ុណ្ណោះទេ ថែមទាំងជួយឱ្យទេសចរណ៍ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ជាមួយជីវភាពវប្បធម៌ក្នុងតំបន់។
តាមរយៈការអភិវឌ្ឍទេសចរណ៍បៃតង ដាភុករំពឹងថានឹងបង្កើតឱកាសសេដ្ឋកិច្ចថ្មីសម្រាប់សហគមន៍មូលដ្ឋាន ព្រមទាំងលើកកម្ពស់ស្មារតីការពារបរិស្ថាន និងថែរក្សាទន្លេកាឡូ។ សកម្មភាពទេសចរណ៍បានរៀបចំឡើងដោយសម្រប់ជាមួយធម្មជាតិ សមស្របតាមទិសដៅអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាពនៃទីក្រុងហាណូយ៕
អត្ថបទ៖ ខាញ់ឡុង - រូបថត៖ វៀតគឿង ខាញ់ឡុង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង