ធ្វើដំណើរតាមបង ង្វៀន វ៉ានបាំង (Nguyen Van Bang) ចេញទៅដាក់ដាយ ទូកនាំយើងខ្ញុំទៅជិតខ្សែពួរចង់សំកាំង ពីបង្គោលមួយទៅបង្គោលមួយ។ បង្គោលបេតុងធំប៉ិនៗសសរផ្ទះ បានចងខ្សែពួរប្រទាក់ប្រទាមរាប់សិបកន្ទុយ ទាញចុះបង្កប់ទៅបាតសមុទ្រ។ តភ្ជាប់បង្គោលដោយខ្សែពួរ កណ្តាលមានសំណាញ់ដាយលាតសំកាំងហារមាត់។ បងបាំង (Bang) ចែករំលែក៖ “គ្រួសារមានប្រពៃណីប្រកបមុខរបរនេសាទ។ នាឆ្នាំ១៩៨៦ ខ្ញុំឃើញអ្នកនេសាទមូលដ្ឋានប្រកបមុខរបរដាក់ដាយច្រើន ទើបខ្ញុំក៏ធ្វើតាម”។ សព្វថ្ងៃ បងបាំង (Bang) មានបង្គោលដាយរាំងចំនួនបី កម្មករ១៨នាក់ និង ទូកដឹកជញ្ជូនពីរគ្រឿង។ បង្គោលដាយតូចបំផុត បានចំណាយប្រាក់សាងសង់ជិត២០០លានដុង។ របរដាក់ដាយធ្វើពេញមួយឆ្នាំ។ បង្គោលដាយរបស់បងបាំង (Bang) រកប្រាក់ចំណូលបានប្រហែល១០០លានដុងក្នុងមួយខែ។
បានដឹងថា មុខរបរដាក់ដាយនៅខេត្តវូងតាវ (Vung Tau) ជាមុខរបរបន្តស្នងពីឪពុក។ មុខរបរនេះ បានអ្នកនេសាទតំបន់សមុទ្រភូមិភាគខាងត្បូងវៀតណាម បង្កើតចេញសម្រាប់នេសាទជលផល។ តំបន់ដាក់ដាយស្ថិតនៅទីដែលមានកម្រិតទឹកជ្រៅពី១៥ ទៅដល់ ១៦ម៉ែត្រ ពួកគាត់ដោតបង្គោលឈើ ឬបេតុងមានប្រវែងពី១៧ ទៅដល់ ១៨ម៉ែត្រ ចុះទៅបាតសមុទ្រ។
ដើម្បីប្រកបមុខរបរដាក់ដាយត្រូវមានកម្មករចាប់ពី៣ ទៅដល់៥នាក់៖ អ្នកចំណាយប្រាក់បោះបង្គោលដាយ បានពួកគាត់ហៅថាម្ចាស់ដាយ។ អ្នកដឹកជញ្ជូនជលផល ផ្គត់ផ្គង់ស្បៀងអាហារ ទឹកផឹកពីដីគោក ចេញមកដល់បង្គោលដាយហៅថា “មិត្តទូក”។ អ្នកឆ្មាំដាយនៅក្នុងខ្ទមរង់ចាំដល់ពេលទឹកលំនឹងល្មម នឹងលែងសំណាញ់ លើកសំណាញ់ហៅថា “មិត្តខ្ទម”។ ដោយលក្ខណៈការងារ ទើប “មិត្តខ្ទម” ត្រូវជាអ្នកមានបទពិសោធន៍ខាងសមុទ្រ ហែលទឹកពូកែ ហ៊ានប្រឈមនឹងរលកធំ ពិសេសត្រូវរស់នៅក្នុងខ្ទម ដែលមានផ្ទៃប្រហែល៤ម៉ែត្រការ៉េ ឬ ១០ម៉ែត្រការ៉េ។
រៀងរាល់ខែ បង្គោលដាយនៅខេត្តវូងតាវ (Vung Tau) តែងមានជំនោរទឹកពីរលើក សម្រាប់ពួកគាត់លែងសំណាញ់ នោះគឺថ្ងៃ១ ថ្ងៃ១៥ ចន្ទគតិ រាល់លើកលែងសំណាញ់អូសបន្លាយ៥ថ្ងៃ។ ដល់ថ្ងៃលែងសំណាញ់ ម្ចាស់ដាយបញ្ជូនទូកទៅប្រមូលយកជលផល និង ផ្គត់ផ្គង់ស្បៀងអាហារ បារី ទឹកផឹកជាដើម សម្រាប់ “មិត្តខ្ទម” ទាំងអស់គ្នា។
អ្នកប្រកបមុខរបរដាក់ដាយរស់នៅ និង ធ្វើការនៅលើបង្គោលដាយ បានប្រៀបដូចតួអង្គសៀកនៃមហាសមុទ្រ។ ពួកគាត់ហាត់បាន “បំណិន” ដើរលើខ្សែពួរកណ្តាលសមុទ្រ ទោះបីមានរលកបោកបាច់ខ្លាំង ដើម្បីទាញលែងសំណាញ់ដាយ។ បង្គោលឈើតែលតោល ខ្សែពួរប្រទាក់ប្រទាម ព្រមទាំងរលកគ្រហឹមទាំងយប់ទាំងថ្ងៃ ធ្វើឱ្យនរណាក៏ភ័យខ្លាចដែរ។ ពេលមេឃភ្លៀងខ្យល់ ទឹករលក បង្គោលដាយញ័រទ្រទ្រើក ធ្វើឱ្យការទាញសំណាញ់កាន់តែគ្រោះថ្នាក់។
សព្វថ្ងៃ ខេត្តវូងតាវ (Vung Tau) មានបង្គោលដាយរាប់រយដើម បានកាត់បន្ថយបើប្រៀបនឹងកាលពីដើម ដោយសារត្រូវប្រគល់ទីតាំងដាយសម្រាប់គន្លងនាវាចរណ៍។ មុខរបរដាក់ដាយ នៅខេត្តវូងតាវ (Vung Tau) និយាយដោយឡែក និង តំបន់ភូមិភាគខាងត្បូងវៀតណាមនិយាយរួម បាននិងកំពុងក្លាយជាមុខរបរពិសេសតែមួយគត់នៃអ្នកតំបន់សមុទ្រ៕
អត្ថបទ៖ តឹតសើន កុងដាត ថុងហាយ