ចំណុចសំខាន់ៗ

ជ្រើសរើសតំណាងឆ្នើមសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ

 ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៦ អ្នកបោះឆ្នោតវៀតណាមជាង ៧៣ លាននាក់ នឹងទៅបោះឆ្នោតជ្រើសរើស តំណាងជាសមាជិកសមាជិការរដ្ឋសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់កម្រិត សម្រាប់អាណត្តិ ២០២៦-២០៣១។ នេះមិនត្រឹមតែជាដំណើរការផ្លូវច្បាប់តាមកាលកំណត់នោះទេ ប៉ុន្តែជាការបង្ហាញជាក់ស្តែងនៃសិទ្ធិជាម្ចាស់របស់ប្រជាជន តាមរយៈសន្លឹកឆ្នោតនីមួយៗ។ 

ជម្រើសរបស់អ្នកបោះ ឆ្នោតនាពេលបច្ចុប្បន្ននេះគឺជាការឆ្លើយចំណោទចំពោះការអភិវឌ្ឍប្រកបដោយចីរភាព របស់ប្រទេស ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។

នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦ អ្នកបោះឆ្នោតវៀតណាមជាង ៧៣ លាននាក់នឹងបោះឆ្នោតជ្រើសរើសសមាជិក សមាជិការសភា នីតិកាលទី ១៦ និងសមាជិកប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១ (រូបថត៖ VNA)

ប្រទេសជាតិកំពុងនៅចំពោះមុខឱកាសថ្មីៗ។ សន្លឹកឆ្នោតនីមួយៗពីអ្នកបោះឆ្នោតជាង ៧៣លាននាក់ គឺជា "ដំឥដ្ឋ" ក្នុងការកសាងរដ្ឋដែលមានលក្ខណៈរលូន មានប្រសិទ្ធភាព និងផ្តោតលើប្រជាជនយ៉ាងពិតប្រាកដ។ 

ធានាគោលការណ៍នៃការបោះឆ្នោតជាសកល ស្មើភាព ដោយផ្ទាល់ និងបោះឆ្នោតសម្ងាត់

តម្លៃនៃសន្លឹកឆ្នោតនីមួយៗ គឺស្មើគ្នានៅក្នុងការបោះឆ្នោត។ មិនថាជាកសិករ កម្មករ បញ្ញវន្ត ឬអ្នកជំនួញ មិនថានៅតំបន់ទីក្រុង ឬជនបទនោះទេ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាក្នុងការជ្រើសរើសអ្នកតំណាង។ នោះជាការឯកភាពរវាងសិទ្ធិ និងការទទួលខុសត្រូវ៖ សិទ្ធិក្នុងការជ្រើសរើស និងការទទួលខុសត្រូវក្នុងការពិចារណាដោយប្រុងប្រយ័ត្នអំពីជម្រើសរបស់ខ្លួន។ នៅការិយាល័យបោះឆ្នោតលេខ ២ សង្កាត់ វិញ ទ្វី ទីក្រុងហាណូយ អ្នកបោះឆ្នោតជាច្រើនបានចំណាយពេល ដើម្បីស្រាវជ្រាវជីវប្រវត្តិ និងប្រវត្តិការងាររបស់បេក្ខជនម្នាក់ៗ យ៉ាងល្អិតល្អន់។ ចំពោះលោក ត្រឹន យ៉ាញ់ យ៊ុង ដែលជាពលរដ្ឋនៃសង្កាត់នេះ ការបោះឆ្នោតនីមួយៗគឺជាការអនុវត្តសិទ្ធិនយោបាយដ៏ពិសិដ្ឋមួយដែលគ្មានអ្នកណាអាចជំនួសបាន។  

“ឆ្នាំនេះ ខ្ញុំមានអាយុ ៧៥ ឆ្នាំ  ហើយចាប់ផ្តើមបានទៅបោះឆ្នោតមុននេះ ៥២ ឆ្នាំ។ ទៅបោះឆ្នោតគឺជាសិទ្ធិពលរដ្ឋដ៏ពិសិដ្ឋ ហើយខ្ញុំតែងតែបោះឆ្នោតដោយផ្ទាល់។ ខ្ញុំសិក្សាបញ្ជីឈ្មោះ ហើយដោយផ្អែកលើស្នាដៃរបស់បេក្ខជន ជ្រើសរើសអ្នកដែលខ្ញុំទុកចិត្ត តំណាងឱ្យខ្ញុំ ដើម្បីបញ្ចេញមតិអំពីកង្វល់របស់ប្រជាជន និងបម្រើសង្គមឱ្យកាន់តែប្រសើរ។ នេះគឺជាសំឡេងរបស់ខ្ញុំ និងការជឿទុកចិត្តទាំងស្រុងរបស់ខ្ញុំចំពោះមនុស្សដែលខ្ញុំជឿជាក់ក្នុងបញ្ជីឈ្មោះដែលបានបិទបង្ហោះនេះ”។

ប្រជាជនកំពុងពិនិត្យមើលបញ្ជីអ្នក​បោះឆ្នោត នៅការិយាល័យបោះឆ្នោតលេខ ១ ឃុំយ៉ាវៀន (Gia Vien) ខេត្តនិញប៊ិញ (Ninh Binh) ។ រូបថត៖ VNA

សិទ្ធិនិងជម្រើសបេក្ខជនត្រឹមត្រូវរបស់អ្នកបោះឆ្នោត  អាចត្រូវបានសម្រេចយ៉ាងពេញលេញ លុះត្រាតែដំណើរការបោះឆ្នោតធានាបាននូវភាពយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ។ លោក ង្វៀន ង៉ុក ហា ប្រធានលំនៅដ្ឋានលេខ ៦ សង្កាត់ វិញទុយ (ហាណូយ) បានចែករំលែកថា៖  “យើងបានបិទបង្ហោះសេចក្តីសង្ខេបនៃជីវប្រវត្តិ និងបញ្ជីឈ្មោះបេក្ខជន ដោយអញ្ជើញប្រជាពលរដ្ឋឱ្យពិនិត្យឡើងវិញ និងបំពេញបន្ថែមព័ត៌មានដែលខ្វះខាត។ ក្រុមលំនៅដ្ឋានលេខ ៦ មានក្តារព័ត៌មានចំនួនបី ហើយយើងក៏បង្ហោះបញ្ជីឈ្មោះបេក្ខជននៅលើក្តារព័ត៌មានទាំងបីនេះផងដែរ។ ក្នុងពេលជាមួយគ្នានេះ យើងចែកចាយបញ្ជីឈ្មោះបេក្ខជនសម្រាប់រដ្ឋសភា ក្រុមប្រឹក្សាប្រជាជនក្រុង និងក្រុមប្រឹក្សាប្រជាជនសង្កាត់ទៅកាន់គ្រួសារនានា។ គ្រួសារនីមួយៗទទួលបានច្បាប់ចម្លងនៃបញ្ជីឈ្មោះចំនួនបី ដើម្បីឱ្យប្រជាពលរដ្ឋអាចស្វែងយល់អំពីការចូលរួមចំណែករបស់បេក្ខជនម្នាក់ៗ និងជ្រើសរើសបេក្ខជនដែលល្អបំផុត”។

លោកស្រី ង្វៀន ក្វៀន លៀន សមាជិកក្រុមប្រឹក្សាភិបាល ប្រធានគណៈកម្មាធិការប្រជាធិបតេយ្យ ត្រួតពិនិត្យ និងរិះគន់សង្គម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម (រូបថត៖ VNA)

បច្ចុប្បន្ននេះ ការរៀបចំការបោះឆ្នោតកំពុងត្រូវបានអនុវត្តស្រប គ្នា និងទូលំទូលាយនៅក្នុងគណៈកម្មាធិការរៀបចំការបោះឆ្នោត ខេត្តចំនួន ៣៤ និងគណៈ កម្មាធិការ រៀបចំការបោះឆ្នោត កម្រិតឃុំ ចំនួន ៣.៣២១។ លោកស្រី ង្វៀន ក្វៀន លៀន សមាជិកអង្គប្រធានជាន់ខ្ពស់ ប្រធានគណកម្មការប្រជាធិបតេយ្យ ឃ្លាំមើល និងរិះគន់សង្គម នៃគណៈ កម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានឲ្យដឹងថា៖  “ប្រព័ន្ធនយោបាយទាំងមូលកំពុងអនុវត្តការងារយ៉ាងសកម្មសម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦។ ការធានាភាពជោគជ័យនៃការបោះឆ្នោតនេះឆ្លុះបញ្ចាំងពីស្មារតីនៃការដាក់ប្រជាជនជាឬសគល់ រដ្ឋរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។ ការបោះឆ្នោត ដើម្បីអនុវត្តន៍ជាក់ស្តែងនូវស្មារតីនៃប្រជាជនជាម្ចាស់ គឺជាការបង្ហាញយ៉ាងច្បាស់លាស់បំផុតនៃសិទ្ធិប្រជាធិបតេយ្យដោយផ្ទាល់របស់ប្រជាជន ក្នុងការជ្រើសរើសបុគ្គលឆ្នើមបំផុត ដើម្បីចូលរួមក្នុងស្ថាប័នអំណាចរដ្ឋខ្ពស់បំផុតនៅកម្រិតមជ្ឈិម នោះជារដ្ឋសភា និងស្ថាប័នអំណាចរដ្ឋនៅកម្រិតមូលដ្ឋាន នោះគឺក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។

កម្មវិធីសកម្មភាពច្បាស់លាស់

ក្នុងដំណើរការបោះឆ្នោត កម្មវិធីសកម្មភាពរបស់បេក្ខជនមានតួនាទីសំខាន់ជាពិសេស មិនត្រឹមតែជាតម្រូវការចាំបាច់ប៉ុណ្ណោះទេ ថែមទាំងជារង្វាស់នៃចក្ខុវិស័យ សមត្ថភាព ការទទួលខុសត្រូវ និងជាការប្តេជ្ញាចិត្តខាងនយោបាយរបស់អ្នកតំណាងឱ្យប្រជាជននៅក្នុងស្ថាប័ន តំណាងប្រជាជនផងដែរ។ ថ្លែងនៅក្នុងសន្និសីទជួបប្រាស្រ័យអ្នកបោះឆ្នោតនាថ្ងៃទី ៣ ខែមីនា នៅទីក្រុងហូជីមិញ លេខាគណកម្មាធិការបក្សទីក្រុង លោក ត្រឹន លឺវ ក្វាង បានឲ្យដឹងថា ទីក្រុងនេះមានគោលបំណងមានខ្សែរថភ្លើងក្រុងចំនួន ២៧ ខ្សែនៅឆ្នាំ ២០៣៥ និងខ្សែរថភ្លើងក្រុងចំនួនបីខ្សែត្រូវបានបញ្ចប់នៅឆ្នាំ ២០៣០។ លើសពីនេះ ទីក្រុងកំពុងអនុវត្តគម្រោងដូចជាស្ពាន និងផ្លូវរូងក្រោមដី លិនយឺ ដើម្បីភ្ជាប់ជាមួយខេតកតដុងណាយ;  ការផ្លាស់ប្តូរទីតាំងសាកលវិទ្យាល័យ និងមណ្ឌលសុខភាពទៅកាន់តំបន់ជាយក្រុង៖ 

“ការផ្លាស់ប្តូរទីតាំងស្ថាប័នអប់រំ សាកលវិទ្យាល័យ មហាវិទ្យាល័យ និងសាលាវិជ្ជាជីវៈទៅកាន់តំបន់ជាយក្រុងនឹងត្រូវអនុវត្តជាដំណាក់កាល។ សូម្បីតែមណ្ឌលសុខភាពក៏នឹងបង្កើតមណ្ឌលសុខភាពទីពីរបន្តិចម្តងៗ មុនពេលផ្លាស់ប្តូរទីតាំង។ ការងារនេះមានគោលបំណង ដោះស្រាយបញ្ហាបន្ទាន់ពីរគឺ ការកកស្ទះចរាចរណ៍ និងការបំពុលបរិស្ថាន”។

នៅសន្និសីទជួបប្រាស្រ័យអ្នកបោះឆ្នោតនៅខេត្ត ខាញ់ហ័រ  នាថ្ងៃទី ៤ ខែមីនា លោក ង្វៀន ខ័ក ឌីញ អនុប្រធានរដ្ឋសភា ក៏បានលើកឡើងថា៖ “នាពេលអនាគតដ៏ខ្លីខាងមុខនេះ ខេត្ត ខាញ់ ហ័រ នឹងសម្របសម្រួលជាមួយក្រសួង និងស្ថាប័ននានា ដើម្បីដាក់ជូនរដ្ឋសភានូវសំណើធ្វើវិសោធនកម្មសេចក្តីសម្រេចលេខ ៥៥ របស់រដ្ឋសភា ស្តីពីយន្តការ និងគោលនយោបាយពិសេសសម្រាប់ការអភិវឌ្ឍខេត្ត ខាញ់ ហ័រ។ វិសោធនកម្មនេះនឹងមានគោលបំណងបំពេញបន្ថែមគោលនយោបាយថ្មីៗ ពីព្រោះខេត្ត ខាញ់ហ័រ  ឥឡូវនេះមានតំបន់ភូមិសាស្ត្រដែលបានពង្រីក និងកន្លែងអភិវឌ្ឍន៍ដ៏ធំទូលាយ ជាមួយនឹងការពង្រីកសមុទ្រ និងការសាងសង់រោងចក្រថាមពល នុយក្លេអ៊ែរចំនួនពីរជាមួយនឹងការវិនិយោគយ៉ាងច្រើន។  ទាំងនេះនឹងបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សម្រាប់តំបន់ភាគកណ្តាល។ យើងចាប់អារម្មណ៍យ៉ាងខ្លាំង និងផ្សព្វផ្សាយយ៉ាងសកម្មចំពោះបញ្ហានេះ”។

អនាគតរបស់ប្រទេសជាតិមិនត្រឹមតែត្រូវបានសម្រេចនៅក្នុងរាល់សេចក្តីសម្រេចចិត្តគោលនយោបាយសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែចាប់ផ្តើមជាមួយនឹងជម្រើសជាក់លាក់របស់អ្នកបោះឆ្នោតម្នាក់ៗ នៅថ្ងៃបោះឆ្នោត ថ្ងៃទី១៥ ខែមីនា ជាថ្ងៃដែល អំណាចរបស់ប្រជាជនត្រូវបានបង្ហាញដោយផ្ទាល់ យុត្តិធម៌ និងមានតម្លាភាព៕


top