នាថ្ងៃទី១២ ខែកក្កដា លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទៅកាន់ទីក្រុងតូក្យូ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន ដែលនឹងអូសបន្លាយរហូតដល់ថ្ងៃទី១៥ ខែកក្កដា។ សកម្មភាពការទូតដ៏សំខាន់នេះត្រូវបានភាគីជប៉ុនវាយតម្លៃថា នឹងរួមចំណែកដល់ការរឹតបន្តឹងទំនាក់ទំនងទ្វេភាគី។
នៅទីក្រុងតូក្យូ លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទៅទស្សនានិងធ្វើការនៅស្ថានទូតវៀតណាមប្រចាំប្រទេសជប៉ុន។ នៅទីនេះ លោកឯកអគ្គរដ្ឋទូត ផាម ក្វាងហ៊ីវ ដែលតំណាងឱ្យសហគមន៍ជនវៀតណាមនៅជប៉ុន បានជម្រាបជូនលោកនាយឧត្តមសេនីយ៍ និងគណៈប្រតិភូអំពីស្ថានភាពនៅប្រទេសសាម៉ី ស្ថានភាពសហគមន៍ជនវៀតណាម ក៏ដូចជាទំនាក់ទំនងវៀតណាម-ជប៉ុន និងផែនការសកម្មភាពនាពេលខាងមុខផងដែរ។
“ទាក់ទងនឹងទំនាក់ទំនងវៀតណាម-ជប៉ុន ខ្ញុំសូមសង្កត់ធ្ងន់លើចំណុចបី។ ទីមួយ ទំនាក់ទំនងនយោបាយ ការពារជាតិ និងសន្តិសុខ បន្តជាចំណុចភ្លឺមួយ។ ទីពីរ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបានក្លាយជាសសរស្តម្ភសំខាន់បំផុតនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជប៉ុនបន្តជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មឈានមុខគេរបស់វៀតណាម។ ទីបី ទាក់ទងនឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចាប់ពីខែឧសភា ឆ្នាំ២០២៥ នៅពេលដែលអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Ishiba Shigeru បានមកធ្វើទស្សនកិច្ចនៅវៀតណាម ភាគីទាំងពីរបានកំណត់នេះជាសសរស្តម្ភថ្មីមួយនៅក្នុងទំនាក់ទំនងទ្វេភាគី”។
ចំណែកឯលោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង បានសម្តែងនូវគោលបំណងថា ស្ថាប័នតំណាង និងសហគមន៍ជនវៀតណាមនឹងបន្តចូលរួមចំណែកដល់ស្រុកកំណើតនិងប្រទេសសាម៉ី។
"នាពេលខាងមុខ ខ្ញុំស្នើឱ្យស្ថានទូតបន្តពង្រីកប្រកបដោយប្រសិទ្ធភាពនូវតួនាទីរបស់ស្ថាប័នតំណាងការទូតនៅបរទេស ដោយបង្កើនការយកចិត្តទុកដាក់ ការគាំទ្រ និងការលើកទឹកចិត្តសម្រាប់សហគមន៍ជនវៀតណាម។ ខ្ញុំដឹងថា ពលកររបស់យើងនៅប្រទេសជប៉ុនប្រឈមមុខនឹងការលំបាកជាច្រើន។ យើងនឹងបន្តដោះស្រាយបញ្ហាទាំងនោះបន្តិចម្តងៗ។ ខ្ញុំនឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន ហើយពិភាក្សារឿងនេះជាមួយខាងមិត្ត"។
ថ្លែងទៅកាន់សារព័ត៌មានក្នុងស្រុកអំពីដំណើរទស្សនកិច្ចនៅជប៉ុនរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Koizumi Shinjiro បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង គឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ជប៉ុនរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមក្រោយរយៈពេល ៥ ឆ្នាំ ហើយលោកផ្ទាល់បានទៅកាន់អាកាសយានដ្ឋានដើម្បីទទួលស្វាគមន៍លោកនាយឧត្តមសេនីយ៍។ ជប៉ុនជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង នឹងរួមចំណែកដល់ការធ្វើឲ្យស៊ីជម្រៅថែមទៀតនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី៕