ព័ត៌មាន

ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន

នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Ito Naoki ដើម្បីពិភាក្សាលើខ្លឹមសារមួយចំនួនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Ito Naoki។ (រូបថត៖ VGP)

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍន៍កាន់តែល្អប្រសើរ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ ភាគីទាំងពីរធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពលើវិស័យនយោបាយ ការទូត និងសេដ្ឋកិច្ច ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង ការផ្ទេរបច្ចេកវិទ្យាទំនើប សន្តិសុខស្បៀងអាហារ ថាមពល ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; បន្តបើកទីផ្សារឱ្យគ្នាទៅវិញទៅមក; ជប៉ុនជួយឧបត្ថម្ភដើមទុននិងបច្ចេកវិទ្យា ជំរុញសហគ្រាសជប៉ុនមកបណ្តាក់ទុននៅវៀតណាម។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Ito Naoki បានអះអាងថា ជប៉ុនគោរពទំនាក់ទំនង ជាមួយវៀតណាម ហើយមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យដែលនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានពិភាក្សា។ លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា វៀតណាមកំពុងឈានចូលយុគសម័យថ្មី - យុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិជាមួយនឹងការអភិវឌ្ឍដ៏ខ្លាំងក្លា អរិយធម៌ វិបុលភាព ហើយបានអះអាងថា ជប៉ុននឹងនៅតែជាដៃគូដ៏ល្អបំផុតរបស់វៀតណាមក្នុងដំណើរការនេះ៕


top