វៀតណាម ៖ សម័យថ្មី

ជំនួយការ AI – “ឧបករណ៍ឌីជីថល” គាំទ្រការផ្សព្វផ្សាយព័ត៌មានបោះឆ្នោតនៅខេត្ត ឡាយចូវ (Lai Chau)

ឆ្ពោះទៅកាន់ថ្ងៃបោះឆ្នោតជ្រើសរើសសមជិករដ្ឋសភា នីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជន អាណត្តិ ២០២៦-២០៣១ មូលដ្ឋាននានាក្នុងខេត្ត ឡាយចូវ (Lai Chau) កំពុងលើក​កម្ពស់​ការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការឃោសនា​​។ 

ឆ្ពោះទៅកាន់ថ្ងៃបោះឆ្នោតជ្រើសរើសសមជិករដ្ឋសភា នីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជន អាណត្តិ ២០២៦-២០៣១ មូលដ្ឋាននានាក្នុងខេត្ត ឡាយចូវ (Lai Chau) កំពុងលើក​កម្ពស់​ការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការឃោសនា​​។ តាមរយៈនេះ រួមចំណែកដល់ការច្នៃប្រឌិតវិធីសាស្រ្តឃោសនា នៅថ្នាក់មូលដ្ឋាន ដែលជួយបង្កើនការយល់ដឹងរបស់អ្នកបោះឆ្នោត និងព័ត៌មានបោះឆ្នោត បាន​ផ្សព្វផ្សាយកាន់តែស៊ីជម្រៅ ទូលំទូលាយ ឆាប់រហ័ស និងគ្រប់ជ្រុង​ជ្រោយជាងមុន។

  ការិយាល័យបោះឆ្នោតលេខ៤ ភូមិថាំ (Tham) ឃុំឃុនហា (Khun Ha) ខេត្ត ឡាយចូវ (Lai Chau) កំពុងរៀបចំ សម្រាប់ការបោះឆ្នោត។ រូបថត៖ ត្រឹនថាញ់យ៉ាង / VNP

នៅក្នុងសង្កាត់ ដ័នគេត (Doan Ket) បញ្ញាសិប្បនិម្មិត ត្រូវបានស្ថាប័នសមត្ថកិច្ចអនុវត្ត ក្នុងការងារព័ត៌មាន និងឃោសនា តាំងពីដំបូង ។ មជ្ឈមណ្ឌល​សេវាកម្មទូទៅរបស់សង្កាត់ប្រើប្រាស់វេទិកា AI យ៉ាងសកម្ម ដើម្បីកសាង និងផលិតផលិតផ្សព្វផ្សាយជាច្រើន ដើម្បីបម្រើការឃោសនាអំពីការបោះឆ្នោតសមាជិករដ្ឋសភា នីតិកាលទី១៦ និងការបោះឆ្នោតក្រុមប្រឹក្សាប្រជាជន អាណត្តិ២០២៦-២០៣១។ តាមរយៈកម្មវិធីបង្កើតខ្លឹមសារ ដែលប្រើប្រាស់ដោយ AI វីដេអូឃោសនាខ្លីៗជាច្រើន ត្រូវបានផលិតឡើង ដែលមានពិធីករនិម្មិត សំឡេងដូចមនុស្សនិយាយពិត និងរូបភាពទាក់ទាញ ដែលបង្ហាញពីអត្ថន័យ និងសារៈសំខាន់នៃការបោះឆ្នោត ក៏ដូចជាសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកបោះឆ្នោត។ វីដេអូទាំងនេះត្រូវបានផលិតឡើង ឱ្យមានភាពសង្ខេប ងាយយល់ និងស្របតាមនិន្នាការនៃការទទួលព័ត៌មាននៅក្នុងបរិយាកាសឌីជីថល ដែលទាក់ទាញចំណាប់អារម្មណ៍របស់យុវវ័យ និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាប្រចាំ។

លើសពីនេះ មជ្ឈមណ្ឌលនេះក៏អនុវត្ត AI ក្នុងការរចនារូបភាព infographic, poster និងពាក្យស្លោកឃោសនា ផងដែ។ ដោយ​ការអនុវត្តបច្ចេកវិទ្យា ផលិតផលផ្សព្វផ្សាយមានទម្រង់ទំនើប ទាក់ទាញភ្នែក និងខ្លឹមសារសង្ខេប និងងាយស្រួលឱ្យចងចាំ។ ផលិតផលទាំងនេះ ត្រូវបានបង្ហោះនៅលើវិបផតថលអេឡិចត្រូនិកក្នុងតំបន់ លើ fanpage និង​បណ្តាញសង្គម ក៏ដូចជាប្រព័ន្ធអេក្រង់អេឡិចត្រូនិក និងប្រព័ន្ធផ្សព្វផ្សាយសាធារណៈក្នុងតំបន់ ដែលជួយផ្សព្វផ្សាយព័ត៌មានបោះឆ្នោតយ៉ាងទូលំទូលាយដល់ប្រជាជននៅក្នុងតំបន់​។

តាមបណ្តោយផ្លូវសំខាន់ៗ ដែលនាំទៅដល់កណ្តាលឃុំ ហ៊ួប៊ុម (Hua Bum) (ខេត្តឡាយចូវ (Lai Chau)) និងនៅតាមការិយាល័យបោះឆ្នោត ទង់ជាតិ និងបដា ពាក្យស្លោក ត្រូវបានដាក់តាំងបង្ហាញ។ រូបថត៖ ឃ្វីទ្រុង – VNA

មមិត្ត ង្វៀន​ វ៉ាន់តេវ (Nguyen Van Tue) នាយកមជ្ឈមណ្ឌលសេវាកម្មទូទៅនៃសង្កាត់ ដ័នកេត (Doan Ket) បាននិយាយថា៖ ដោយ AI មជ្ឈមណ្ឌលអាច ផលិតផលិតផលផ្សព្វផ្សាយជាច្រើន ក្នុងរយៈពេលដ៏ខ្លី ដែលសមស្របនឹងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ តាមរយៈនេះ ព័ត៌មានបោះឆ្នោត ត្រូវបានផ្សព្វផ្សាយយ៉ាងឆាប់រហ័ស ដែលរួមចំណែកដល់ការបង្កើនការយល់ដឹងរបស់អ្នកបោះឆ្នោត។

មិនត្រឹមតែនៅទីក្រុង​ធំៗ​ប៉ុណ្ណោះទេ ការអនុវត្ត AI ក្នុងការឃោសនាបោះឆ្នោត ក៏កំពុងត្រូវបានអនុវត្ត នៅតំបន់ភ្នំផងដែរ។ ឧទាហរណ៍ នៅក្នុងឃុំផុងថូ (Phong Tho) ផលិតផលផ្សព្វផ្សាយជាច្រើន ដែលអនុវត្ត AI ត្រូវបានបង្កើតឡើង ដើម្បីបង្ហាញខ្លឹមសារទាក់ទងនឹងដំណើរការបោះឆ្នោត សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកបោះឆ្នោត និងពេលវេលា និងទីកន្លែងបោះឆ្នោត​។ ការប្រើប្រាស់ផលិតផលផ្សព្វផ្សាយ នាំមកប្រសិទ្ធភាព។ ខ្លឹមសារសង្ខេប និងរូបភាពរស់រវើក ធ្វើឱ្យប្រជាជនកាន់តែងាយស្រួលយល់ និងទទួលយក បើប្រៀបធៀបទៅនឹងទម្រង់ឃោសនាបែបប្រពៃណី។ លើសពីនេះ ផលិតផលទាំងនេះ ក៏ត្រូវបានបង្ហោះ និងចែករំលែកយ៉ាងទូលំទូលាយ នៅលើវេទិកាឌីជីថលក្នុងស្រុក ដូចជា៖ វិបផតថលអេឡិចត្រូនិក fanpage, youtube, zalo…តាមរយៈនេះ ព័ត៌មានបោះឆ្នោត មិនត្រឹមតែផ្សព្វផ្សាយដល់ប្រជាជនទាន់ពេលវេលាប៉ុណ្ណោះទេ ថែមទាំងរីករាលដាលយ៉ាងទូលំទូលាយនៅក្នុងសហគមន៍ ផងដែរ។

ថ្នាក់ដឹកនាំក្រុមហ៊ុនអគ្គិសនីខេត្ត ឡាយចូវ (Lai Chau) រួមជាមួយបុគ្គលិកបច្ចេកទេស កំពុងត្រួតពិនិត្យផែនការបម្រុង ដោយប្រើប្រាស់ម៉ាស៊ីនភ្លើង ដើម្បីបម្រើថ្ងៃបោះឆ្នោត នៅក្នុងសង្កាត់តាន់ផុង (Tan Phong)។ រូបថត៖ ឃ្វីទ្រុង – VNA

លោក ហ័ងភូផា (Hoang Phu Pha) មកពីភូមិ អ៊ូយ៉ា (U Gia) (ឃុំផុងថូ (Phong Tho)) បានចែករំលែកថា៖ “ថ្មីៗ នេះ នៅពេលមើលទំព័រព័ត៌មានរបស់ឃុំ ខ្ញុំឃើញវីដេអូ និងរូបភាពជាច្រើន ដើម្បីឃោសនាអំពីការបោះ​ឆ្នោត ដែលត្រូវបានរចនាឡើងយ៉ាងរស់រវើក។ ខ្លឹមសារសង្ខេប និងងាយយល់ ដូច្នេះបងប្អូន​ប្រជាជនអាចចងចាំ​អំពីពេលវេលា និងទីកន្លែងនៃការបោះឆ្នោត ក៏ដូចជាសិទ្ធិ និងកាតព្វកិច្ចរបស់ពួកគេ។ វិធីសាស្រ្តឃោសនានេះ គឺជាក់ស្តែង​ណាស់ និងជួយយើងឱ្យទទួលបានព័ត៌មានកាន់តែងាយស្រួល”។

ការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការឃោសនា បានបើកទិសដៅថ្មីមួយ សម្រាប់សកម្មភាពផ្សព្វផ្សាយ នៅថ្នាក់មូលដ្ឋាន។ ដោយមានការគាំទ្រពីបច្ចេកវិទ្យា មន្ត្រីមូលដ្ឋាន អាចផលិត​ផលិតផលផ្សព្វផ្សាយជាច្រើន ដែលមានគុណភាពខ្ពស់ ដោយមិនចាំបាច់ប្រើប្រាស់ឧបករណ៍ស្មុគស្មាញ ឬចំណាយជាច្រើន។ ដោយ​គ្រាន់តែមានកុំព្យូទ័រមួយ​តភ្ជាប់នឹងបណ្តាញ​អ៊ីនធឺណិត វីដេអូ រូបភាព ព្រឹត្តិបត្រព័ត៌មានឌីជីថល ឬសូម្បីតែវីដេអូខ្លីៗ ដែលមានចំណងជើងរងពីរភាសា អាចត្រូវបានផលិតយ៉ាងឆាប់រហ័ស​។ នេះក៏ជាជំហានជាក់ស្តែងមួយ នៅក្នុងផែនទីបង្ហាញផ្លូវនៃបរិវត្តកម្មឌីជីថល នៅថ្នាក់មូលដ្ឋាន ដោយភ្ជាប់ការអនុវត្តបច្ចេកវិទ្យាជាមួយនឹងភារកិច្ចនយោបាយសំខាន់ៗ របស់មូលដ្ឋាន។ បច្ចុប្បន្ននេះ ឃុំ និងសង្កាត់ចំនួន ៣៨ នៅក្នុងខេត្តឡាយចូវ (Lai Chau) បានអនុវត្តAI ជាបណ្តើរៗ ដើម្បីបង្កើតផលិតផលផ្សព្វផ្សាយ ដែលបម្រើការឃោសនាអំពីការបោះឆ្នោត។

ថ្ងៃបោះឆ្នោតជិតមកដល់ តាមរយៈផលិតផល​ផ្សព្វផ្សាយឌីជីថល នៅលើបណ្តាញ​សង្គម កំពុង​រួមចំណែក​យ៉ាងសំខាន់ ក្នុងការនាំយកព័ត៌មានបោះឆ្នោតឱ្យកាន់តែខិតជិតប្រជាជន។ នេះរួមចំណែកដល់ការពង្រឹងទំនុកចិត្ត ការបង្កើតភាពឯកភាពគ្នា និងរួមគ្នា ដើម្បីឆ្ពោះទៅរកការបោះឆ្នោត ប្រកបដោយប្រជាធិបតេយ្យ ស្របច្បាប់ សុវត្ថិភាព និងប្រសិទ្ធភាព៕

top