ដោយបានរៀបចំឡើងចំនួន ១០លើក ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន ចិន-វៀតណាម បានក្លាយជាចំណុចលេចធ្លោមួយនៅក្នុងទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ។
ទិដ្ឋភាពនៃកិច្ចសន្ទនា។ រូបថត៖ Le Phuong/VOV5
នេះជាការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង រដ្ឋមន្ត្រីការពារជាតិវៀតណាម ក្នុងកិច្ចសន្ទនាជាមួយលោក ដុង ជុន រដ្ឋមន្ត្រីការពារជាតិចិន ក្នុងក្របខ័ណ្ឌនៃកម្មវិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី ១០ ដែលបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី ១៨ ខែមីនា នៅខេត្តក្វាងនិញ។
យោងតាមនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង ចាប់តាំងពីឆ្នាំ ២០១៤មក ក្រោយរយៈពេល ១២ ឆ្នាំ និងការរៀបចំចំនួន ១០ លើក កម្មវិធីជួបប្រាស្រ័យនេះបានក្លាយជាបណ្តាញទំនាក់ទំនងដ៏សំខាន់ រវាងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិទាំងពីរ លើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ដោយបង្រួបបង្រួមទិសដៅសហប្រតិបត្តិការ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការការពារជាតិក្លាយជាសសរស្តម្ភពិតប្រាកដនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ; ទន្ទឹមនឹងនោះ ជំរុញការទូតប្រជាជននិងពង្រឹងចំណងមិត្តភាពរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ។ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង បានបញ្ជាក់ថា កម្មវិធីនេះ គឺជាគំរូឆ្នើមនៃកិច្ចសហប្រតិបត្តិការការពារជាតិព្រំដែន ជាស្ពានតភ្ជាប់ចំណងមិត្តភាពរវាងកម្មាភិបាល យុទ្ធជន និងប្រជាជននៅសងខាងព្រំដែន។
រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក ដុង ជុន បានវាយតម្លៃថា នាប៉ុន្មានឆ្នាំកន្លងទៅ ជំនួបប្រាស្រ័យនេះបានផ្សព្វផ្សាយស្មារតីមិត្តភាព រួមចំណែកដល់ការអភិវឌ្ឍគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងទ្វេភាគី និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខក្នុងតំបន់ ជាពិសេសតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រី ដុង ជុន បានស្នើថា នាពេលអនាគត ភាគីទាំងពីរគួរតែបន្តពង្រឹងការផ្លាស់ប្តូរ ដោយរួមចំណែកដល់ការធានាស្ថិរភាពក្នុងតំបន់ និងពិភពលោក។
នៅរសៀលថ្ងៃទី១៨ ខែមីនា ឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿង ថាង អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានធ្វើជាអធិបតីក្នុងពិធីជំរាបលាចំពោះនាយឧត្តមសេនីយ៍ ដុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុងកាយ (ស្ពានបាក់លួន ១) បន្ទាប់ពីបានបញ្ចប់ប្រកបដោយជោគជ័យនូវសកម្មភាពនៅខាងភាគីវៀតណាម ក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី១០។
យោងតាមផែនការ នៅព្រឹកថ្ងៃទី១៩ ខែមីនា នាយឧត្តមសេនីយ៍ ដុង ជុន នឹងស្វាគមន៍នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង និងគណៈប្រតិភូវៀតណាម មកចូលរួមសកម្មភាពនានា ក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបប្រាស្រ័យ នៅក្នុងតំបន់ស្វយ័តក្វាងស៊ី ជួង នៃប្រទេសចិន៕