ផ្តើមពីកំណាត់ឫស្សីសាមញ្ញៗ សិប្បករបង្កើតបានស្នាដៃ ដែលមានលក្ខណៈវប្បធម៌វៀតណាមស៊ីជម្រៅ បន្តធ្វើដំណើរពី ជនបទវាលស្រែនៃភូមិភាគខាងត្បូង ទៅកាន់ទីផ្សារអន្តរជាតិជាច្រើន។
នៅចំកណ្តាលចង្វាក់អភិវឌ្ឍន៍យ៉ាងរស់រវើក នៃទីក្រុងហូជីមិញ ភូមិរបររនាំងឫស្សី ដែលមានអាយុកាលជាងកន្លះសតវត្សរ៍ នៅសង្កាត់តឹនថុងហូយ (Tan Thong Hoi) ស្រុកគូជី (Cu Chi) នៅតែបន្តរស់រានមានជីវិតដោយស្ងៀមស្ងាត់។ ផ្តើមពីកំណាត់ឫស្សីសាមញ្ញៗ សិប្បករបង្កើតបានស្នាដៃ ដែលមានលក្ខណៈវប្បធម៌វៀតណាមស៊ីជម្រៅ បន្តធ្វើដំណើរពី ជនបទវាលស្រែនៃភូមិភាគខាងត្បូង ទៅកាន់ទីផ្សារអន្តរជាតិជាច្រើន។
គំនូរលើរនាំងឫស្សី បានបង្កើតឡើងជាមួយនឹងប្រធានបទផ្សេងៗគ្នា អាស្រ័យលើសំណើរបស់អតិថិជន
ចាប់ពីទេសភាព រូបថត រហូតដល់រូបភាព ដែលពោរពេញទៅដោយវប្បធម៌ប្រពៃណី។ រូបថត៖ ថុងហាយ/VNP
ភូមិរបរនាំចេញរនាំងឫស្សីល្បីល្បាញ
មុខរបរធ្វើរនាំងឫស្សីនៅ តឹនថុងហូយ បានបង្កើតឡើងតាំងពីមុនឆ្នាំ១៩៧៥ ហើយធ្លាប់បានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍ខ្លាំងក្លា នៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ លោក ង្វៀន ហ៊ឺវបេន (Nguyen Huu Ben) ម្ចាស់សិប្បកម្មរនាំងឫស្សី ថាញ់ត្រុក (Thanh Truc) បានឱ្យដឹងថា នៅក្នុងសម័យកាលរុងរឿង មូលដ្ឋានមានសហករណ៍ផលិតរនាំងឫស្សីរហូតដល់ទៅ ៥៤កន្លែង ដើម្បីបម្រើតម្រូវការតុបតែងនៅសហភាពសូវៀត និងបណ្តាប្រទេសអឺរ៉ុបខាងកើត។
មុខរបរធ្វើរនាំងឫស្សី ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន។ រូបថត៖ ថុងហាយ/VNP
ជាងនៅតឹនថុងហូយ (Tan Thong Hoi) កាត់កំណាត់ឬស្សីឱ្យស្មើៗគ្នា
មុនពេលធ្វើរនាំងឬស្សី។ រូបថត៖ ថុងហាយ/VNP
នាពេលបច្ចុប្បន្ននេះ ទំហំផលិតកម្មបានរួញចុះគួរឱ្យកត់សម្គាល់ ប៉ុន្តែផលិតផលនៅតែបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិជាច្រើនដូចជា សហរដ្ឋអាមេរិក អង់គ្លេស បារាំង ជប៉ុន និងចិន។ យោងតាមទិន្នន័យស្ថិតិនៃមូលដ្ឋាន បច្ចុប្បន្ននៅសល់សិប្បកម្មផលិតប្រហែល ៥កន្លែង រួមជាមួយគ្រួសារជិត ៤០០គ្រួសារ ដែលចូលរួមក្នុងការកែច្នៃនៅនឹងកន្លែង។
នៅតាមច្រកផ្លូវតូចៗសង្កាត់ តឹនថុងហូយ សំឡេងខួងរន្ធ ស៊កខ្សែ និងក្រងរនាំង នៅតែបន្លឺឡើងជារៀងរាល់ថ្ងៃ។ អ្នកធ្វើការភាគច្រើនជាស្ត្រីវ័យចំណាស់ ដែលឆ្លៀតពេលធ្វើការងារសិប្បកម្មផង និងមើលថែទាំគ្រួសារផង។ រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ របរធ្វើរនាំងឫស្សី បានបង្កើតការងារធ្វើជូនពលករក្នុងស្រុករាប់ពាន់នាក់ ព្រមទាំងរួមចំណែកនាំយក រូបភាពវប្បធម៌វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ តាមរយៈផលិតផលសិប្បកម្មដ៏សាមញ្ញ ប៉ុន្តែសម្បូរទៅដោយអត្តសញ្ញាណជាតិ។
ដំណាក់កាលក្រងឬស្សី បានជាងនៅតឹនថុងហូយ ធ្វើឡើងយ៉ាងប្រុងប្រយ័ត្ន និងផ្ចិតផ្ចង់។ រូបថត៖ ថុងហាយ/VNP
បងស្រី ឡេ ធីហាយ (Le Thi Hai) បានប្រកបរបរនេះអស់រយៈពេលជាង ៣៥ឆ្នាំមកហើយ បានឱ្យដឹងថា ផលិតផលភាគច្រើន នាពេលបច្ចុប្បន្ន បានផលិតឡើងតាមការបញ្ជាទិញសម្រាប់នាំចេញ បម្រើជាចម្បងនូវតម្រូវការតុបតែងនៅក្នុងភោជនីយដ្ឋាន សណ្ឋាគារ និងទីធ្លា មានរចនាបថបែបអាស៊ីបូព៌ា។ នៅជិតដាច់ឆ្នាំ ទីផ្សារក្នុងស្រុកក៏មានភាពអ៊ូអរជាងមុនដែរ ដោយសារគ្រួសារជាច្រើន បានស្វែងរកទិញរនាំងឫស្សី ដើម្បីតុបតែងផ្ទះ។ រនាំងនីមួយៗ មានតម្លៃជាមធ្យមចាប់ពី ១៥០.០០០ ដល់ ៣០០.០០០ដុង អាស្រ័យលើទំហំ និងភាពសម្រេច នៃផលិតផល។
ត្រឹមតែកំហុសឆ្គងដ៏តូចមួយ ក៏អាចធ្វើឱ្យគំនូរទាំងមូលដាច់ខ្សែទម្រង់បានដែរ។ រូបថត៖ ថុងហាយ/VNP
ម្រាមដៃថែរក្សាសិល្បៈនៅលើផ្ទាំងរនាំងឫស្សី
ដើម្បីធ្វើសម្រេចបានរនាំងមួយផ្ទាំង ជាងត្រូវឆ្លងកាត់ការងារខុសៗគ្នាជាច្រើន រួមទាំងអស់ជាងដប់ដំណាក់កាល តាំងពីការជ្រើសរើសវត្ថុធាតុដើម ធ្វើប្រព្រឹត្តិកម្មការពារសត្វល្អិត (ខ្មូត) ហាលសម្ងួត ខួងរន្ធ ស៊កខ្សែ រហូតដល់ការក្រងរនាំង និងគូរគំនូរ។ ជាងមានបទពិសោធន៍យូរឆ្នាំមួយចំនួននៅសិប្បកម្មថាញ់ត្រុក បានឱ្យដឹងថា កំណាត់ឫស្សីបន្ទាប់ពីកាត់រួច ត្រូវបានដាក់ចូលទៅក្នុងឡវិលជាមួយខ្សាច់ម៉ដ្ឋ ដើម្បីសម្អាតស្រទាប់ខាងក្រៅ ជួយឱ្យផ្ទៃខាងក្រៅរលោង និងងាយស្រួលជាប់ពណ៌ថ្នាំជាងមុន។ បន្ទាប់មក វត្ថុធាតុដើមត្រូវបានបន្តយកទៅធ្វើប្រព្រឹត្តិកម្មការពារខ្មូត មុនពេលដាក់ចូលទៅក្នុងខ្សែសង្វាក់ផលិតកម្ម។
យោងតាមលោក Nguyen Huu Ben ដំណាក់កាលដែលសម្រេចលើតម្លៃនៃផលិតផល គឺស្ថិតនៅលើការលាបពណ៌ និងការគូររូបលម្អ។ នេះក៏ជាផ្នែកដែលទាមទារនូវស្នាដៃខ្ពស់បំផុតផងដែរ។ សិល្បករមិនមែនគូរនៅលើផ្ទៃរាបស្មើថេរនោះទេ ប៉ុន្តែត្រូវបង្កើតរូបរាងនៅលើផ្ទាំងឫស្សីរាប់រយផ្ទាំងដែលផ្គុំចូលគ្នា។ រាល់បន្ទាត់ពណ៌ទាំងអស់ត្រូវតែគណនាយ៉ាងម៉ត់ចត់ ដើម្បីនៅពេលដែលរនាំងត្រូវបានទម្លាក់ចុះ រូបភាពទាំងមូលនៅតែមានភាពតភ្ជាប់គ្នា និងមានតុល្យភាព។
រនាំងឬស្សីតឹនថុងហូយមួយចំនួន បានទីផ្សារនិយមចូលចិត្ត។ រូបថត៖ ថុងហាយ/VNP
ប្រធានបទដែលអតិថិជនអន្តរជាតិនិយមចូលចិត្តជាញឹកញាប់ គឺទេសភាពជនបទវៀតណាម ដំបូលវិហារបុរាណ របងឫស្សី បុណ្យទានប្រជាប្រិយ ឬអក្សរក្បាច់ប្រពៃណី។ ដើម្បីឆ្លើយតបនឹងតម្រូវការថ្មីរបស់ទីផ្សារ សិប្បកម្មជាច្រើនបានបន្ថែមបច្ចេកទេសដាំខ្យង និងបន្លាស់ប្ដូររចនាម៉ូដ ដើម្បីបង្កើនសោភ័ណភាពសម្រាប់ផលិតផល។
បច្ចុប្បន្ននេះ ជារៀងរាល់ថ្ងៃនៅតាមភូមិរបរ ម្រាមដៃទាំងដប់នៅតែឧស្សាហ៍ព្យាយាម បន្តតំណភ្ជាប់ឫស្សីមួយកំណាត់តូចៗឱ្យជាប់ចូលគ្នា។ នៅកណ្តាលចង្វាក់ជីវិតដ៏រស់រវើកនៃទីក្រុង ភូមិរបររនាំងឫស្សី តឹនថុងហូយ នៅតែអភិវឌ្ឍមិនឈប់ឈរ ហើយជាទីកន្លែងអនុស្សាវរីយ៍នៃជំនាញសិប្បកម្ម និងអត្តសញ្ញាណវប្បធម៌វៀតណាម នៅតែបន្តបានរក្សាទុក តាមរយៈផ្ទាំងរនាំងនីមួយៗ ដែលមានពណ៌លឿងទុំ ដូចពណ៌ពន្លឺថ្ងៃ៕
អត្ថបទ និងរូបថត៖ ថុងថៀន/VNP
ប្រែសម្រួល៖ រីកើង