បង្កើតឡើងតាំងពីសតវត្សរ៍ទី ១០ ចែវ (Cheo) គឺជាទម្រង់សិល្បៈល្ខោនប្រជាប្រិយពិសេស និងដើរតួនាទីសំខាន់ៗ ក្នុងជីវិតវប្បធម៌និងស្មារតីរបស់ជនជាតិវៀតណាម។ ឆ្លងកាត់ពេលវេលា ទម្រង់សិល្បៈល្ខោនប្រភេទនេះបានពេញនិយម ក្នុងតំបន់ជនបទនៃតំបន់ដីសណ្តទន្លេហុង (Hong) ហើយរីកចម្រើននៅតំបន់ខ្ពស់រាបភាគខាងជើង
បង្កើតឡើងតាំងពីសតវត្សរ៍ទី ១០ ចែវ (Cheo) គឺជាទម្រង់សិល្បៈល្ខោនប្រជាប្រិយពិសេស និងដើរតួនាទីសំខាន់ៗ ក្នុងជីវិតវប្បធម៌និងស្មារតីរបស់ជនជាតិវៀតណាម។ ឆ្លងកាត់ពេលវេលា ទម្រង់សិល្បៈល្ខោនប្រភេទនេះបានពេញនិយម ក្នុងតំបន់ជនបទនៃតំបន់ដីសណ្តទន្លេហុង (Hong) ហើយរីកចម្រើននៅតំបន់ខ្ពស់រាបភាគខាងជើង និងខាងជើងនៃភាគកណ្តាល។ ដោយតំលៃសិល្បៈ ពិសេស ចម្រៀងចែវ (Cheo) កំពុងបានប្រទេសវៀតណាមស្រាវជ្រាវនិងកសាងសំណុំរឿង និងជម្រាបជូនអង្គការ UNESCO ដើម្បីទទួលស្គាល់ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក។
ការសម្តែងចម្រៀងចែវ (Cheo) នៅទីធ្លាអារាម គីមលៀន (Kim Lien) (ខណ្ឌដុងដា (Dong Da) រដ្ឋធានី ហាណូយ (Ha Noi)) ។ រូបថត៖ ខាញឡុង /VNP
ពីការសម្តែងចម្រៀងចែវ (Cheo) នៅឯទីធ្លាអារាម រហូតដល់ការសម្តែងចម្រៀងចែវ (Cheo) នៅឆាក នាសម័យទំនើប
យោងតាមឯកសារស្រាវជ្រាវជាច្រើនដែលបានបន្សល់មក ចម្រៀងចែវ (Cheo) មានប្រភពដើមពីរាជធានី ហ័រលឺ (Hoa Lu) ខេត្ត និញប៊ិញ (Ninh Binh) នៅក្នុងសតវត្សរ៍ទី ១០ និងលោកស្រី ផាមធីត្រឹន (Pham Thi Tran) ជាស្ថាបនិក និងជាអ្នកចម្រៀងល្បីល្បាញម្នាក់ ដែលបានសម្តែងក្នុងរាជវាំងនារាជកាល ឌីញ (Dinh) ។ ពីរាជធានី ហ័រលឺ (Hoa Lu) ចម្រៀងចែវ (Cheo) បានរីកចម្រើន នៅវាលដីសណ្តភាគខាងជើង និងរីកចម្រើនយ៉ាងខ្លាំងបំផុតនៅខេត្តមួយចំនួន ដូចជា ខេត្តថាយប៊ិញ (Thai Binh) ហាយផុង (Hai Phong) ហាណាម (Ha Nam) ហ៊ឹងអៀន (Hung Yen) ហាណូយ (Ha Noi) ...ហើយរីករាលដាលទៅដល់តំបន់ភ្នំនៃភាគខាងជើង (Bac Bo) និងខាងជើងនៃភាគកណ្តាល។
ទោះបីខេត្តនិញប៊ិញ (Ninh Binh) បានចាត់ទុកជាស្រុកកណើតនៃចម្រៀងចែវ (Cheo ប៉ុន្តែភូមិឃួក (Khuoc) ស្ថិតនៅឃុំផុងចូវ (Phong Chau) ស្រុកដុងហ៊ឹង (Dong Hung) ខេត្តថាយប៊ិញ (Thai Binh) ទើបជាទីកន្លែងមានចលនាសម្តែងចម្រៀងចែវ (Cheo) ប្រពៃណីខ្លាំងក្លាបំផុត ហើយបច្ចប្បន្ននេះ ភូមិនេះរក្សាទំនុកចម្រៀងចែវ (Cheo) ពិសេសជាច្រើន។ ភូមិ ឃួក (Khuoc) ជាតំបន់មួយក្នុងចំណោមតំបន់ទាំង៧ ដែលមានការសម្ដែងចម្រៀងចែវ(Cheo) ដ៏ល្បីល្បាញ នៅភាគខាងជើង ចាប់តាំងពីសតវត្សរ៍ទី ១៩។ កាលពីមុន ចម្រៀងចែវ (Cheo) នៅភូមិឃួក (Khuoc) ធ្លាប់បានសម្តែងក្នុងរាជវាំង និងបានសិល្បករ សិល្បការនីនាំទៅសម្តែងនៅតំបន់ផ្សេងៗជាច្រើនទៀត។
យោងតាមលោក ប៊ុយវ៉ាន់រ (Bui Van Ro) ប្រធានក្លឹមចម្រៀងចែវ (Cheo) ប្រពៃណីភូមិ ឃួក (Khuoc) បានឲ្យដឹងថា ក្នុងសម័យឧបត្ថម្ភធន ខណៈសេដ្ឋកិច្ចមានភាពលំបាក ជាច្រើន គ្រួសារភាគច្រើនបានស្តាប់ចម្រៀងចែវ (Cheo) ត្រឹមតែតាមរយៈ វិទ្យសម្លេងវៀតណាមតែប៉ុណ្ណោះ ពិបាកនឹងបានទស្សនាផ្ទាល់ សម្តែងចម្រៀងចែវ (Cheo) ពីអ្នកជំនាញណាស់។ ហេតុដូច្នេះ នៅពេលទំនេរ បងប្អូនកសិករតែងតែក្រាល កន្ទែលនៅកណ្តាលទីធ្លាអារាម ដើម្បីសម្ដែងចម្រៀងចែវ(Cheo) ឲ្យអស់ពីចំណូលចំណង់ចិត្តដែលចង់របស់ពួកគេ។ ដោយសិល្បករ សិល្បការិនី ចម្រៀងចែវមិនជំនាញទាំងនោះបានរួមចំណែកជាច្រើនក្នុងការរក្សានិងអភិវឌ្ឍចម្រៀងចែវនៅភូមិឃួក (Khuoc) និយាយរួម និងចម្រៀងចែវប្រពៃណីវៀតណាមនិយាយដោយឡែក រហូតដល់បច្ចុប្បន្ននេះ។
កាលពីមុន ចម្រៀងចែវ (Cheo) តែងតែសម្តែងនៅទីធ្លាអារាម ទីធ្លាវត្តនិងទីធ្លាផ្ទះរបស់អ្នកមាន។ ឆាកសម្តែងចម្រៀងចែវ (Cheo) មានតែកន្ទែលមួយដែលបានក្រាលនៅកណ្តាលទីធ្លា ផ្ទៃខាងក្រោយគឺវាំងនន់តូចមួយ។ សិក្បករ សិល្បការនីសម្តែងលើកន្ទែល តន្រ្តីករអង្គុយនៅសង្ខាងកន្ទែល ទស្សនិកជនអាចឈរនិងមើលការសម្តែង ពីខាងមុខ និងសង្ខាងកន្ទែល។
ខុសនឹងប្រភេទសិល្បៈប្រជាប្រិយផ្សេងទៀត ចម្រៀងចែវ (Cheo) គឺជាប្រភេទសិល្បៈល្ខោនដែលពោរពេញទៅដោយលក្ខណៈជាតិ ដោយការរួមផ្សំបណ្ដាកត្តាដូចជាការច្រៀង រាំ តន្ត្រី ល្ខោនយ៉ាងពិសេស។ ចម្រៀងចែវ (Cheo) គឺជា ប្រភេទចម្រៀងសម្ដែងនៅលើឆាក ដែលអាចជាចម្រៀង ទោល ឬចម្រៀងគូ ឬចម្រៀងជាពួក។
លំនាំបទភ្លេង នៃចម្រៀងចែវ (Cheo) គឺស័ក្តិសមនឹងសំឡេងធម្មជាតិនិងភាសារបស់ជនជាតិវៀតណាម។ ការសម្តែងចម្រៀងចែវ (Cheo) មួយរឿងបានប្រព្រឹត្តទៅ ក្នុងរយៈពេលប្រហែល ២ ម៉ោង។ ខណៈពេលសម្តែង ចម្រៀងចែវ (Cheo) តម្រូវ ឱ្យសិល្បករ សិល្បការិនីបង្ហាញគ្រប់ជំនាញទាំងច្រៀង រាំ សម្តែង លើលំនាំបទភ្លេងដែលបានតន្រ្តីករប្រគំឡើង ដោយ ប្រើឧបករណ៍ភ្លេអជាច្រើន ដូចជា ស្គរ ត្រដោក ខ្លុយ ចាប៉ីខ្សែពីរ ឃឹម…បង្កើតជាសូរសំនៀងយ៉ាងពីរោះរណ្ដំ។
ខ្លឹមសារដំណើររឿងចម្រៀងចែវ (Cheo) ច្រើនតែពិព័រណ៌នាអំពីជីវភាពសាម័ញ្ញរបស់បងប្អូនកសិករ កោតសរសើរចរិតល្អរបស់មនុស្ស រិះគន់ទម្លាប់អាក្រក់ ប្រឆាំងនឹងអំពើអយុត្តិធម៌ បង្ហាញក្តីស្រឡាញ់ មេត្តាធម៌ ការអភ័យទោស។ ហេតុដូច្នេះ នៅពេលទស្សនាការសម្តែង ចម្រៀងចែវ (Cheo) ទស្សនិកជនមិនត្រឹមតែមានពេលវេលាសម្រាកពោរពេញទៅដោយក្តីសប្បាយរីករាយតែប៉ុណ្ណោះ គេថែមទាំង មានឱកាសស្វែងយល់ និងពិចារណាពីជីវិតទៀតផង។ តួរអង្គក្នុងចម្រៀងចែវ (Cheo) មានលក្ខណៈនិមិត្តរូប និងលក្ខណៈអក្សរសិល្ប៍ខ្ពស់។ គួរឲ្យចាប់ចិត្តនោះគឺតួរត្លុកជាតួបន្ទាប់បន្សំក៏ពិតមែន ប៉ុន្តែមាននាទីសំខាន់ណាស់ រហូតដល់ទស្សនិកជនប្រជាប្រិយមានពាក្យស្លោកថា «បើសិនគ្មានតួរត្លុកមិនក្លាយជាចម្រៀងចែវ (Cheo) ទេ»។ ដោយសារការសម្ដែងប្រកបដោយកំប្លុកកំប្លែង តួត្លុកក្នុងចម្រៀងចែវ(Cheo) មិនត្រឹមតែនាំមកសំណើចជូនទស្សនិកជនតាមរយៈការរិះគន់ទម្លាប់អាក្រក់ក្នុងសម័យសក្តិភូមិ ដូចជា ស្តេច មន្ត្រីរាជការ អ្នកមានអំណាច និងអ្នកមានទ្រព្យសម្បត្តិតែប៉ុណ្ណោះទេ ពួកគេនៅទាំងផ្សព្វផ្សាយសតិអារម្មណ៍ ស្មារតី និងទស្សនៈផ្សេងៗ នៃចម្រៀងចែវ (Cheo)ទៀតផង។
ឆ្លងកាត់ដំណើរប្រវត្តិសាស្ត្រយូរអង្វែង បរិយាកាសសម្តែងចម្រៀងចែវ (Cheo) មានការផ្លាស់ប្តូរជាបណ្តើរៗ។ បច្ចុប្បន្ននេះ ចម្រៀងចែវ (Cheo) មិនត្រឹមតែសម្តែងនៅទីធ្លាអារាមនៅតំបន់ជនបទតែប៉ុណ្ណោះទេ ថែមទាំងចម្រៀងចែវ (Cheo) បានរៀបរៀងរឿងសម្តែងនៅលើឆាកធំៗ ដែលបានបំពាក់ឧបករណ៍ភ្លេង គ្រឿងសំឡេង និងពន្លឺទំនើបៗទៀតផង។ និន្នាការសម្តែងលើឆាកបាននាំមកការបង្កើតនិងអភិវឌ្ឍរឿងចែវ (Cheo) ដែលមានខ្លឹមសារទាន់សម័យ និងធ្វើបច្ចប្បន្នភាពនូវជីវភាពរស់នៅនៃយុគសម័យ ដើម្បីតបនូវតម្រូវការទស្សនិកជន។ មហោស្រពចម្រោងចែវ (Cheo) ទូទាំងប្រទេស ឆ្នាំ ២០២២ បានបញ្ជាក់យ៉ាងច្បាស់លាស់ថា រឿងដែលសម្ដែងចម្រៀងចែវ (Cheo) ឆ្លើយតបនឹងគុណភាពខាងខ្លឹមសារនិងសិល្បៈ ទាក់ទាញទស្សនិកជនជាច្រើន ដោយការច្នៃប្រឌិតថ្មី ដែលជួយពួកទស្សនិកជនយល់ដឹងនូវភាពត្រចះត្រចង់ នៃសិល្បៈចម្រៀងចែវ (Cheo)។
ខិតខំប្រឹងប្រែងដើម្បីចម្រៀងចែវ (Cheo) ក្លាយទៅជាបេតិកភណ្ឌវប្បធម៌ពិភពលោក
ឆ្លងកាត់ពេលវេលា ប្រឈមមុខនៃខឿនវប្បធម៌សមាហរណកម្ម ការខិតខំប្រឹងប្រែង ដើម្បីអភិរក្សនិងពង្រីកតំលៃសិល្បៈចម្រៀងចែវ (Cheo) ប្រពៃណីជាតម្រូវការចាំបាច់ ដើម្បីប្រគល់បន្ត និងអភិរក្ស ។ បច្ចុប្បន្ននេះ ក្រៅពីរោងល្ខោនបានរៀបចំការសម្តែងចម្រៀងចែវ (Cheo) ជារៀងរាល់សប្តាហ៍ ដើម្បីនាំចម្រៀងចែវ (Cheo) ជូនទស្សនិកជនបានកាន់តែច្រើនជាងនោះ ការបណ្តុះបណ្តាលអ្នកដឹកនាំរឿង សិល្បករ សិល្បការិនីចម្រៀងចែវ (Cheo) ក៏កំពុងបានយកចិត្តទុកដាក់ខ្លាំងណាស់ដែរ។
បានចាត់ទុកថាជាស្រុកកំណើតនៃចម្រៀងចែវ (Cheo) នៃវាលសណ្តភាគខាងជើង ដើម្បីរក្សា និងបន្តវេន ចម្រៀងចែវ (Cheo) ប្រពៃណីរបស់ជីដូនជីតាបានបន្សល់មក នាចុងសប្តាហ៍ឬក្នុងថ្ងៃទំនេរនៃរដូវក្តៅ សិល្បករ សិល្បការិនីល្បីៗនៃភូមិ ឃួក (Khuoc) នៅខេត្ត ថាយប៊ិញ (Thai Binh) បានស្វិតស្វាញបង្រៀនអំពីបំណិនមូលដ្ឋាននៃការ សម្ដែងចម្រៀងចែវ (Cheo) ប្រពៃណី ដល់កុមារដែលមានអាយុពី ៦ ដល់ ១៥ ឆ្នាំ។
កុមារី ផាមធីហាំង (Pham Thi Hang) អាយុ ១៤ ឆ្នាំបានចែករំលែកថា ចាប់ពីខ្ញុំអាយុ ៥ ឆ្នាំ ខ្ញុំបានស្តាប់លោកតាខាងឪពុកនិងឪពុកខ្ញុំច្រៀងចែវ (Cheo) ដូច្នេះខ្ញុំស្រឡាញ់ចម្រៀងចែវ (Cheo) ណាស់ ដោយសារវាមានសំនៀងពិរោះ។ បច្ចុប្បន្ននេះ ខ្ញុំបានរៀនរបៀបច្រៀងចែវ (Cheo) បុរាណដែលបានអ៊ំខ្ញុំបង្រៀន។ ខ្ញុំសង្ឃឹមថា ជំនាន់ខ្ញុំអាចនាំចម្រៀងចែវ (Cheo) ភូមិឃួក (Khuoc) កាន់តែអភិវឌ្ឍ ”។
ជាពិសេស កន្លែងបណ្តុះបណ្តាលសិល្បករ សិល្បករីនី ចម្រៀងចែវ (Cheo) ល្បីរបស់វៀតណាម ដូចជា៖ សិល្បករ ស្វឹនហ៊ីញ (Xuan Hinh) សិល្បករ គ្វឹកទ្រឿង (Quoc Truong) សិល្បការិនី ថាញង័ន (Thanh Ngoan) សិល្បករ ទឹឡុង (Tu Long) សិល្បការិនី ធូហៀន (Thu Huyen) …គឺជាមហាវិទ្យាល័យល្ខោនច្រៀង នៃសាកលវវិទ្យាល័យល្ខោនសម្តែង ភាពយន្តហាណូយ (Ha Noi) ទីនេះគឺជាកន្លែងបណ្តុះបណ្តាលលិល្បៈចម្រៀងចែវ (Cheo) ប្រកបដោយវិធីសាស្ត្រនិងភាពជំនាញ។ និស្សិតរៀនឯកទេសសម្តែងចម្រៀងចែវ (Cheo) បានបណ្តុះបណ្តាលកក្នុងរយៈពេល ៤ ឆ្នាំ ដើម្បីមានចំណេះដឹង និងមូលដ្ឋានគ្រឹះដ៏គ្រប់គ្រាន់សម្រាប់ការសម្តែងចម្រៀងចែវ (Cheo) ដូចជា បំណិនច្រៀង រាំ សម្តែងចម្រៀងចែវ (Cheo)។ រីឯតន្ត្រីករចែវ (Cheo) នឹងបានរៀនពីចំណេះដឹងមូលដ្ឋានអំពីឧបករណ៍ភ្លេង និងលំនាំបទភ្លេងប្រគំជាមួយនឹង រឿងនៃចម្រៀងចែវ (Cheo)។ ហេតុដូច្នេះ កន្លែងនោះគឺជាកន្លែងបណ្តុះបណ្តាលនិងផ្គត់ផ្គង់ប្រភពសិល្បករ សិល្បការិនីសម្រប់ក្រុមចម្រៀងចែវ (Cheo) និងរោងល្ខោនចែវ (Cheo) នៅទូទាំងប្រទេស។
សិល្បករឆ្នើម ឡេវ៉ាន់តួន (Le Van Tuan) អ្នកដឹកនាំរឿងសិល្បៈនៃរោងល្ខោនចែវ (Cheo) បាននិយាយឲ្យដឹងថា៖ “ការបណ្តុះបណ្តាលសិល្បករ សិល្បការិនី និងតន្ត្រីករចម្រៀងចែវ (Cheo) ជំនាញជាការងារសំខាន់ណាស់ ពីព្រោះវាជួយរោងល្ខោនចែវ (Cheo) រៀបចំរឿងសំដែងដ៏ល្អជាច្រើន ដើម្បីបម្រើទស្សនិកជន”។
ទន្ទឹមនឹងការបណ្តុះបណ្តាសិល្បករ សិល្បការិនីជាន់ក្រោយៗ ការនាំសិល្បៈចែវ (Cheo) បញ្ចូលក្នុងលំហរវប្បធម៌សហសម័យ ដើម្បីជួយប្រជាជនយល់ដឹងនិងស្រឡាញ់សិល្បៈប្រភទនេះ ក៏ទទួលការយកចិត្តទុកដាក់និងគាំទ្រពីប្រជាជនជាច្រើនផងដែរ។ ថ្មីៗ នេះ ក្រុមយុវជនស្រឡាញ់សិល្បៈសម្តែងប្រជាប្រិយវៀតណាមបានសាកល្បងគម្រោងសហគមន៍មួយចំនួនចំពោះចម្រៀងចែវ (Cheo)។ ជាគំរូគឺគម្រោងសម្តែងរាត្រី “សម្លេងស្គរចែវ (Cheo) ” បានសម្តែងនៅទីធ្លាអារាម គីមលៀន (Kim Lien) បានរៀបចំដោយក្រុមយុវជនកើតក្នុងទសវត្សរិ៍ ១៩៩០ និង ២០០០ ដែលមានចំណូលចំណង់ចិត្តនឹងវប្បធម៌ប្រពៃណីវៀតណាម បានសហការជាមួយសិល្បករ សិល្បការិនីនៃរោងល្ខោន ចែវ (Cheo) វៀតណាម។ ក្នុងរយៈពេល ២ ម៉ោង កាសម្តែងនេះបានចែកជា ៣ វគ្គ ដូចជា វគ្គទី ១ ណែនាំអំពីភូមិ ចែវ (Cheo) ដើម្បីទស្សនិកជនមានចំណេះដឹងមូលដ្ឋានអំពីតួអង្គចំនួន ៥ ប្រភេទក្នុងចម្រៀងចែវ (Cheo) វគ្គទីពីរទស្សនិកជនសាកល្បងដើរតួអង្គក្នុងរឿងចែវ (Cheo)ដើម្បីទស្សនិកជនអាចយល់បន្ថែមពីតួអង្គក្នុងចម្រៀងចែវ (Cheo) វគ្គទី ៣ សម្តែងឈុតសម្តែងមួយក្នុងរឿងចែវ ក្វានអ៉ឹមធីគីញ (Quan Am Thi Kinh) បានសម្តែងដោយសិល្បករ សិល្បការិនីចម្រៀងចែវ (Cheo)។
ក្រៅពីគ្រោងរៀបចំការសម្តែង យុវជនមួយចំនួនទៀតបាននាំសិល្បៈចែវ (Cheo) ឲ្យកាន់តែស្និទស្នាលនឹងជីវភាពសហសម័យ តាមរយៈប្រើប្រាស់កម្មវិធីឌីជីថូលក្នុងការរចនាគំនូរតួអង្គចម្រៀងចែវ (Cheo) ដែលមានរចនាបទវិចិត្រសិល្បៈសម័យទំនើប។
លោកស្រី ទ្រឿងធីហុងហាញ (Truong Thi Hong Hanh) នាយិការីមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ថាយប៊ិញ (Thai Binh) អង្គការមួយដែលបានប្រគល់ភារកិច្ចកសាងសំណុំរឿង “សិល្បៈចែវ (Cheo) តំបន់ដីសណ្តទន្លេហ៊ុង (Hong) ” បានឲ្យដឹងថា គោលដៅរហូតដល់ចុងឆ្នាំ ២០២៥ នឹងសម្រេចការកសាងសំណុំរឿង “សិល្បៈចែវតំបន់ដីសណ្តទន្លេហ៊ុង (Hong) ” ដើម្បីផ្ញើជូនអង្គការ UNESCO ទទួលស្គាល់ ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។
សិល្បៈចែវ (Cheo) ពោរពេញទៅដោយលក្ខណៈជាតិ និងចរិតមហាជន - បានដក់ជាប់ ស៊ីជម្រៅក្នុងជីវភាពសង្គម និងបង្កប់គំនិតទស្សនៈរបស់ប្រជាជនវៀតណាម។ រូបថត៖ ខាញឡុង /VNP
ការយកចិត្តទុកដាក់របស់រដ្ឋ និងការចូលរួមយ៉ាងសកម្មរបស់ប្រជាជនក្នុងការច្រៀង សម្តែង អភិរក្សសិល្បៈចែវ (Cheo) គឺជាការងារចាំបាច់ ដើម្បីអភិរក្ស និងអភិវឌ្ឍ សិល្បៈចែវ (Cheo) ប្រពៃណីដ៏ល្បីល្បាញរបស់ប្រទេសវៀតណាម។ ទន្ទឹមនឹងនោះ ក៏ជាការខិតខំប្រឹងប្រែងនិងសកម្មភាពជាក់ស្តែងបានបង្ហាញថា វៀតណាមត្រៀមខ្លួននិងខិតខំប្រឹងប្រែងអស់ពីសមត្ថកិច្ច ដើម្បីសិល្បៈចែវ (Cheo) បានអង្គការ UNESSCO ទទួលស្គាល់និងលើកតំកើងសិល្បៈចែវ (Cheo)ជាបេតិកភណ្ឌវប្បធម៌ពិភពលោក នាពេលឆាប់ៗ ខាងមុខនេះ៕
អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញឡុង និងឯកសារ
ប្រែសម្រួលដោយង្វៀនយ៉ាង