ព័ត៌មាន

“គោលជំហរខ្ជាប់ខ្ជួនរបស់វៀតណាមគឺហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះគ្រប់ទម្រង់ពលកម្មដោយបង្ខិតបង្ខំទាំងអស់”

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang ក៏បានសង្កត់ធ្ងន់ផងដែរថា ក្នុងរយៈពេលកន្លងមកនេះ វៀតណាមបានចូលរួមក្នុងការផ្តល់សច្ចាប័នលើអនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធ ដើម្បីធានាបាននូវការអនុវត្តយ៉ាងពេញលេញនូវសិទ្ធិនិងកាតព្វកិច្ចរបស់ពលករ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ (រូបថត៖ VNA)

នៅរសៀលថ្ងៃទី ៤ ខែមិថុនា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពីការដែល តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានស្នើឲ្យដាក់ពន្ធបន្ថែមលើទំនិញពីសេដ្ឋកិច្ចចំនួន ៦០ រួមទាំងប្រទេសវៀតណាមផងដែរ ដោយផ្អែកលើការសន្និដ្ឋានថា សេដ្ឋកិច្ចទាំងនេះមិនទាន់ចេញផ្សាយ ឬអនុវត្តន៍វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីទប់ស្កាត់ការនាំចូលទំនិញដែលផលិតដោយកម្លាំងពលកម្មដោយបង្ខិតបង្ខំ ហើយរារាំងដល់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានមានប្រសាសន៍ថា៖

“សេចក្តីសន្និដ្ឋានស៊ើបអង្កេតលើអំពើពលកម្មដោយបង្ខិតបង្ខំ របស់ស្ថាប័នតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក មិនឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនូវការពិត និងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ការទប់ស្កាត់និងកាត់បន្ថយពលកម្មដោយបង្ខិតបង្ខំនោះទេ។ គោលជំហរខ្ជាប់ខ្ជួនរបស់វៀតណាមគឺហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះគ្រប់ទម្រង់ពលកម្មដោយបង្ខិតបង្ខំទាំងអស់ ហើយគោរពយ៉ាងម៉ឺងម៉ាត់តាមបទប្បញ្ញត្តិនៃអង្គការពលកម្មអន្តរជាតិ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ហើយគោលជំហនេះត្រូវបានកំណត់យ៉ាងជាក់លាក់នៅក្នុងឯកសារច្បាប់ នៅក្នុងកម្មវិធី ផែនការសកម្មភាពរបស់រដ្ឋាភិបាល​ក៏ដូចជាត្រូវបានធានាការអនុវត្តជាក់ស្តែងផងដែរ”។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang ក៏បានសង្កត់ធ្ងន់ផងដែរថា ក្នុងរយៈពេលកន្លងមកនេះ វៀតណាមបានចូលរួមក្នុងការផ្តល់សច្ចាប័នលើអនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធ ដើម្បីធានាបាននូវការអនុវត្តយ៉ាងពេញលេញនូវសិទ្ធិនិងកាតព្វកិច្ចរបស់ពលករ ហើយវៀតណាមបានផ្តល់ព័ត៌មានយ៉ាងគ្រប់គ្រាន់និងលម្អិតដល់សហរដ្ឋអាមេរិកក្នុងដំណើរការស៊ើបអង្កេត។ ក្នុងស្មារតីនោះ វៀតណាមបានកំពុង ហើយនឹងបន្តផ្លាស់ប្តូរ និងធ្វើការជាមួយសហរដ្ឋអាមេរិកក្នុងស្មារតីស្ថាបនា និងសហប្រតិបត្តិការ ដើម្បីដោះស្រាយការខ្វែងគំនិតដែលនៅសល់ ដោយផ្អែកលើការប្តេជ្ញាចិត្តផ្នែកពាណិជ្ជកម្មទ្វេភាគី និងពហុភាគីរបស់ភាគីនីមួយៗ ព្រមទាំងខិតខំការពារផលប្រយោជន៍ស្របច្បាប់របស់ពលករ និងសហគ្រាសផងដែរ៕


top