លាក់ខ្លួននៅក្រោមព្រៃឈើបៃតង ភាគពាយព្យនៃទីក្រុងហូជីមិញ លេណដ្ឋានក្រោមដីគូជី ជានិមិត្តរូបនៃឆន្ទៈ មនសិការក្លាហាន និងការច្នៃប្រតិដ្ឋដ៏អស្ចារ្យនៃប្រជាជនវៀតណាម។
លាក់ខ្លួននៅក្រោមព្រៃឈើបៃតង ភាគពាយព្យនៃទីក្រុងហូជីមិញ លេណដ្ឋានក្រោមដីគូជី ជានិមិត្តរូបនៃឆន្ទៈ មនសិការក្លាហាន និងការច្នៃប្រតិដ្ឋដ៏អស្ចារ្យនៃប្រជាជនវៀតណាម។ លេណដ្ឋានក្រោមដី ដែលមានប្រវែងជាង ២៥០គីឡូម៉ែត្រ បង្កើតបានជាស្នាដៃយោធាដ៏វិសេសវិសាលមួយ ទាក់ទាញភ្ញៀវទេសចរពីគ្រប់ទិសទីលើពិភពលោកមកទស្សនា និងស្វែងយល់ពីប្រវត្តិសាស្ត្រវៀតណាម។
ក្នុងដំណើរទស្សនាលេណដ្ឋានក្រោមដីគូជី នាឱកាសមុនថ្ងៃរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ឆ្នាំ ទីក្រុងដាក់ឈ្មោះលោកប្រធានហូជីមិញ (ថ្ងៃទី២/៧/១៩៧៦ - ថ្ងៃទី២/៧/២០២៦) លោកស្រី ម៉ាយ ធ្វីឡាន (Mai Thuy Lan) ភ្ញៀវទេសចរមកពីខេត្តហឹងអៀន (Hung Yen) មិនអាចទប់ចិត្តរំភើប នៅពេលបានឃើញផ្ទាល់ភ្នែកនូវលេណដ្ឋានតូចៗ ដែលធ្លាប់ជាកន្លែងប្រយុទ្ធ និងរស់នៅរបស់កងទ័ព និងប្រជាជនគូជី។ លោកស្រី ម៉ាយ ធ្វីឡាន បានចែករំលែកថា៖ “ខ្ញុំកោតសរសើរយ៉ាងខ្លាំងចំពោះស្មារតីស្នេហាជាតិ ភាពវៃឆ្លាត ភាពក្លាហាន និងឆន្ទៈដ៏មោះមុតរបស់កងទ័ព និងប្រជាជនភាគខាងត្បូងនិយាយរួម និងជាពិសេសគឺកងទ័ពព្រមទាំងប្រជាជនគូជី”។
ផ្លូវលេណដ្ឋានក្រោមដីគូជី - ជាកន្លែងដែលមានប្រព័ន្ធផ្លូវលេណដ្ឋានក្រោមដី ប្រវែងជាង ២០០គីឡូម៉ែត្រ ផ្លូវលេណដ្ឋានក្រោមដីមានទំហំល្មម សម្រាប់មនុស្សម្នាក់ដើរឱនៗ។
រូបថត៖ ឡេមិញ/VNP
ភ្ញៀវទេសចរវារចេញពីផ្លូវលេណដ្ឋានក្រោមដីគូជី ឡើងមកលើដី។ រូបថត៖ ថុងហាយ/VNP
ប្លង់តុខ្សាច់នៃផ្លូវលេណដ្ឋានក្រោមដីគូជី។ រូបថត៖ ថុងហាយ/VNP
បានបង្កើតឡើងនៅចុងឆ្នាំ១៩៤០ និងពង្រីកទូលាយនៅសម័យកាលតស៊ូប្រឆាំងនឹងចក្រពត្តិឈ្លានពាន លេណដ្ឋានក្រោមដីគូជី បានអភិវឌ្ឍទៅជា “ទីក្រុងក្រោមដី” មួយ ដែលមានផ្លូវខ្វាត់ខ្វែងជាច្រើនជាន់ ប្រវែងជាង ២៥០គីឡូម៉ែត្រ រួមផ្សំនឹងលេណដ្ឋានលើដីរាប់រយគីឡូម៉ែត្រ។ ដោយត្រឹមតែឧបករណ៍សាមញ្ញៗដូចជា ចបកាប់ និងបង្គីធ្វើពីឫស្សី កងទ័ពនិងប្រជាជនគូជី បង្កើតបានសំណង់យោធាដ៏អស្ចារ្យមួយនៅក្រោមដី។
ប្រព័ន្ធលេណដ្ឋានក្រោមដី បានរចនាឡើងដូចជាវិមានអន្ទាក់ដ៏ធំសម្បើម។ លេណដ្ឋានធំៗ បែកខ្នែងជាសាខាតូចៗរាប់មិនអស់ តំណភ្ជាប់ពីឃុំមួយទៅឃុំមួយ ពីភូមិមួយទៅភូមិមួយនៅក្នុងតំបន់។ កំណាត់លេណដ្ឋានជាច្រើន បានសាងសង់ពីរទៅបីជាន់ មានសមត្ថភាពធន់នឹងគ្រាប់បែក និងទម្ងន់របស់រថក្រោះ។ គម្រប រន្ធសម្ងាត់ និងរន្ធខ្យល់ បានក្លែងបន្លំយ៉ាងប៉ិនប្រសប់ ធ្វើឱ្យសត្រូវពិបាករកឃើញ។ នៅខាងក្នុងក៏មានតំបន់រស់នៅ ទីប្រជុំ ឃ្លាំងស្បៀងអាហារ មន្ទីរពេទ្យ ចង្រ្កានហ្វាងកឹម (Hoang Cam) អណ្តូងទឹក និងកន្លែងជ្រកកោនសម្រាប់ស្ត្រី កុមារ និងមនុស្សចាស់ជរា។
ក្នុងប៉ុន្មានឆ្នាំសង្គ្រាមដ៏សាហាវឃោរឃៅ លេនដ្ឋានក្រោមដីគូជី មិនត្រឹមតែជាកន្លែងជ្រកកោនប៉ុណ្ណោះទេ នៅថែមទាំងជាមូលដ្ឋានបញ្ជាការដ៏សំខាន់របស់គណៈកម្មាធិការតំបន់ និងយោធភូមិភាគសាយហ្គន - ហ្សាឌិញ (Sai Gon - Gia Dinh) ទៀតផង។ ពីទីនេះ រាល់សេចក្តីសម្រេចចិត្ត និងសកម្មភាពយោធាជាច្រើនបានដាក់ចេញ ដែលរួមចំណែកដល់ជ័យជម្នះដ៏សំខាន់ៗ នៃការតស៊ូរំដោះជាតិ។ សំណង់នេះ បានក្លាយជាភស្តុតាងដ៏រស់រវើក សម្រាប់សិល្បៈសង្គ្រាមប្រជាជន និងសង្គ្រាមទ័ពឈ្លបដ៏ពិសេសរបស់វៀតណាម។
បន្ទប់ប្រជុំធំ ដែលអាចផ្ទុកមនុស្សប្រជុំបានជាង ២០នាក់ នៅក្នុងផ្លូវលេណដ្ឋានក្រោមដីគូជី។ រូបថត៖ ឡេមិញ/VNP
សព្វថ្ងៃនេះ លេណដ្ឋានក្រោមដីគូជី បានអភិរក្សនៅតំបន់សំខាន់ពីរគឺ បេនយឿក (Ben Duoc) និង បេនឌិញ (Ben Dinh)។ ភ្ញៀវទេសចរមកទីនេះ អាចពិសោធន៍ផ្ទាល់នៅលេណដ្ឋាន ដែលបានធ្វើឡើងវិញ ដើម្បីស្វែងយល់ពីជីវភាពរស់នៅក្រោមដីរបស់កងទ័ព និងប្រជាជនគូជី ក្នុងសម័យសង្គ្រាម ព្រមទាំងទស្សនាវត្ថុតាង សំណង់ និងលំហរ ដែលរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រ។
អាសយដ្ឋានឈប់សម្រាកមួយ ក្នុងចំណោមអាសយដ្ឋាន ដែលពោរពេញដោយអារម្មណ៍ក្តុកក្តួរបំផុតគឺវិហាររំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី បេនយឿក។ សំណង់នេះ បានសាងសង់ឡើង ដើម្បីឧទ្ទិសដល់វីរជន និងយុទ្ធជនពលីរាប់ម៉ឺននាក់ ដែលបានលះបង់ជីវិតនៅលើទឹកដី សាយហ្គន - ចើឡើន - ហ្សាឌិញ (Sai Gon - Cho Lon - Gia Dinh) ក្នុងសង្គ្រាមតស៊ូទាំងពីរលើក។ នៅបរិវេណដ៏ថ្លៃថ្នូរ និងជួរដើមឈើដ៏ត្រជាក់ ភ្ញៀវទេសចរមានឱកាសបង្អង់អារម្មណ៍ ដើម្បីគិតពិចារណា អំពីការលះបង់ដ៏ធំធេងដើម្បីសន្តិភាពនាពេលបច្ចុប្បន្ន។
ភ្ញៀវទេសចរទស្សនាតំបន់តាំងពិព័រណ៍រថក្រោះ។ រូបថត៖ ឡេមិញ/VNP
ប្រភេទគ្រាប់បែក និងគ្រាប់រំសេវនានា ដែលបានតាំងពិព័រណ៍នៅផ្លូវលេណដ្ឋានក្រោមដីគូជី។ រូបថត៖ ថុងហាយ/VNP
ដើម្បីនាំយកប្រវត្តិសាស្ត្រឱ្យកាន់តែជិតនឹងសាធារណជន តំបន់កេរដំណែលក៏បានអភិវឌ្ឍផលិតផលទេសចរណ៍ ពេលរាត្រី “ព្រះចន្ទសមរភូមិ” (Trang chien khu) ដោយឆ្លុះបញ្ចាំងពីជីវភាពរស់នៅ របស់ប្រជាជនក្នុងតំបន់រំដោះគូជី ក្នុងឆ្នាំដំបូងនៃទសវត្សរ៍ឆ្នាំ១៩៦០។ សកម្មភាពដ៏រស់រវើកទាំងនោះ ជួយឱ្យភ្ញៀវទេសចរយល់ដឹងកាន់តែច្បាស់ អំពីស្មារតីសុទិដ្ឋិនិយម ឆន្ទៈដ៏មោះមុត និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនក្នុងស្ថានភាពមានសង្គ្រាម។
ភ្ញៀវទេសចរទស្សនា ការបន្លំភ្នែកនៃមាត់ផ្លូវលេណដ្ឋានក្រោមដី។ រូបថត៖ ឯកសារ
បានទទួលស្គាល់ជាកេរដំណែលជាតិពិសេសរបស់វៀតណាម លេណដ្ឋានក្រោមដីគូជី បច្ចុប្បន្នទទួលភ្ញៀវទេសចរជាងមួយលានលើកនាក់ជារៀងរាល់ឆ្នាំ។ ទីក្រុងហូជីមិញ ក៏កំពុងបំពេញសំណុំឯកសារ ដើម្បីស្នើសុំដាក់សំណង់នេះក្នុងបេតិកភណ្ឌពិភពលោក រួមចំណែកនាំយកតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ នៃតំបន់កេរដំណែលនេះឱ្យកាន់តែជិតនឹងសហគមន៍អន្តរជាតិ៕
អនុវត្ត៖ វៀតគឿង រូបថត៖ ឡេមិញ ថុងហាយ/VNP
ប្រែសម្រួល៖ រីកើង