សាប៉ា (Sa Pa) (ខេត្តឡាវកាយ - Lao Cai) ធ្លាប់ល្បីល្បាញ ដោយសារមានទីកន្លែងទេសចរណ៍ស្រស់ស្អាតជាច្រើន ជាមួយនឹងជួរភ្នំធំស្កឹមស្កៃ ស្រែកាំជណ្តើរលាតសន្ធឹង និង បរិយាកាសបរិសុទ្ធនៃតំបន់ភ្នំភាគពាយ័ព្យ។
សាប៉ា (Sa Pa) (ខេត្តឡាវកាយ - Lao Cai) ធ្លាប់ល្បីល្បាញ ដោយសារមានទីកន្លែងទេសចរណ៍ស្រស់ស្អាតជាច្រើន ជាមួយនឹងជួរភ្នំធំស្កឹមស្កៃ ស្រែកាំជណ្តើរលាតសន្ធឹង និង បរិយាកាសបរិសុទ្ធនៃតំបន់ភ្នំភាគពាយ័ព្យ។ ក្នុងចំណោមទីកន្លែងទាក់ទាញ ឃុំហូវថាវ (Hau Thao) កំពុងក្លាយជាទីកន្លែងគយគន់ពពកល្អប្រពៃមួយ សម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តស្វែងយល់ធម្មជាតិ។
ពពកអណ្តែតទៅតាមខ្យល់ឆ្លងកាត់ភូមិស្រុកនានា។
ចេញពីមជ្ឈមណ្ឌលទីរួមស្រុកសាប៉ា (Sa Pa) (ខេត្តឡាវកាយ - Lao Cai) ធ្វើដំណើរតាមផ្លូវ តាវ៉ាន (Ta Van) ប្រហែល៥គីឡូម៉ែត្រ យើងខ្ញុំបានទៅដល់ភូមិសាស្ត្រ ឃុំហូវថាវ (Hau Thao) ហើយបានដឹងថាមជ្ឈមណ្ឌលឃុំហូវថាវ (Hau Thao) ស្ថិតនៅកម្ពស់ប្រហែល១៧០០ម៉ែត្រ បើប្រៀបនឹងនីវ៉ូទឹកសមុទ្រ ដោយមានជ្រលងភ្នំធំល្វឹងល្វើយជាច្រើន ទើបទីនេះ គឺជាទីកន្លែងដ៏អស្ចារ្យ សម្រាប់គយគន់ពពកហើរកាត់ឃុំសាប៉ា (Sa Pa)។ មកដល់ទីនេះ សម្រប់ខ្លួនតាមបែបធម្មជាតិអស្ចារ្យជាមួយនឹងដងភ្នំវែងអន្លាយ ជួយឱ្យអារម្មណ៍យើងខ្ញុំមានភាព ស្រស់ស្រាយ បំភ្លេចទៅភាពមមាញឹកនៅទីក្រុង។
វិហារហាងដា (Hang Da) បានសាងសង់នៅក្បែរជ្រលងពពកក្រាស់។
តាមការរៀបរាប់របស់ប្រជាជននៅទីនេះ ពពករសាត់អណ្តែតពេញមួយឆ្នាំ គ្របដណ្តប់លើព្រៃភ្នំនៃឃុំហូវថាវ (Hau Thao)។ ជាពិសេស នៅពេលព្រឹកព្រលឹម ឬពេលល្ងាច នៅពេលព្រះអរុណរះ ឬអស្តង្គត ពន្លឺរស្មីចែងចាំងជ្រៀតកាត់ពពក បង្កើតបានជាទិដ្ឋភាពអស្ចារ្យ ដែលគ្មានទីកន្លែងណាមួយអាចនឹងប្រៀបផ្ទឹមបាន។
កន្លែងស្នាក់នៅមួយ បានសាងសង់នៅក្បែរជម្រាលភ្នំ ដែលជួយឱ្យភ្ញៀវទេសចរងាយស្រួលគយគន់ទេសភាព។
ដងផ្លូវកោងបត់បែន ដែលគ្របដណ្តប់ដោយអ័ព្ទក្រាស់ ធ្វើឱ្យការមើលឃើញមានកម្រិត ប៉ុន្តែក៏ជាការសាកល្បងនូវភាពមាំមួន និង ការស៊ូទ្រាំ សម្រាប់អ្នកចូលចិត្តថ្មើរជើងឡើងភ្នំ។
ទីកន្លែងគយគន់ដាក់តាមដងផ្លូវ សម្រាប់ភ្ញៀវទេសចរមើលទេសភាពជ្រលងភ្នំ។
ក្នុងការធ្វើដំណើរទៅកាន់ឃុំហូវថាវ (Hau Thao) ភ្ញៀវទេសចរ អាចជ្រើសរើសទីកន្លែងគយគន់ពពកស្រស់ស្អាតមួយចំនួន ដូចជា កំពូលភ្នំខ្ពស់នៅភូមិហាងដា (Hang Da) ផ្ទះស្នាក់នៅ ម្តុំដីទូលាយតាមដងផ្លូវ ឬភូមិហូវជឺង៉ៃ (Hau Chu Ngai) ស្ថិតនៅខ្នងភ្នំ ។ល។ ទីកន្លែងនីមួយៗសុទ្ធតែ មានទិដ្ឋភាពដោយឡែក នាំមកនូវបទពិសោធន៍ប្លែកៗ សម្រាប់ការធ្វើដំណើរគយគន់ពពក។
ពីឃុំហូវថាវ (Hau Thao) ភ្ញៀវទេសចរអាចគយគន់វាលស្រែកាំជណ្តើរអស្ចារ្យ នៅជ្រលងមឿងហ្វ័រ (Muong Hoa)។
ក្រៅពីការគយគន់ពពក ភ្ញៀវទេសចរ ក៏អាចទទួលបានបទពិសោធន៍សម្រាប់សកម្មភាពគួរឱ្យចំណាប់អារម្មណ៍ជាច្រើនទៀត នៅឃុំហូវថាវ (Hau Thao)។ ធ្វើដំណើរឆ្លងកាត់ផ្លូវលំ ជ្រៀតកាត់វាលស្រែកាំជណ្តើរ ព្រមទាំងឆៀងចូលស្វែងយល់អំពីជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ នឹងនាំមកនូវបទពិសោធន៍មិនអាចបំភ្លេចបាន។
បទពិសោធន៍ផ្សងព្រេង២ថ្ងៃ ១យប់ នៅឃុំហូវថាវ (Hau Thao) ពិតជាចំណាប់អារម្មណ៍មួយដែលមិនអាចបំភ្លេចបាន សម្រាប់យើងខ្ញុំ។ ជាមួយការធ្វើដំណើររយៈពេលខ្លី ក្រុមយើងខ្ញុំបានសម្រប់ខ្លួនជាមួយនឹងពពក ក្រេបយកបរិយាកាសបរិសុទ្ធ និងស្វែងយល់អំពីភាពស្រស់ស្អាត នៃវប្បធម៌ពិសេស របស់បងប្អូនជនជាតិដើមភាគតិច៕
អត្ថបទ និងរូបថត៖ តឹតសឺន/កាសែតរូបភាពវៀតណាម