ទេសចរណ៍

ខៅផា (Khau Pha) រដូវទឹកធ្លាក់

នាដើមរដូវប្រាំង​ ខ្នង​ភ្នំ​ខៅផា (Khau Pha) ឃុំកាវ​ផា (Cao Pha) ស្រុកមូកាង​ចាយ​ (Mu Cang Chai)...

នាដើមរដូវប្រាំង​ ខ្នង​ភ្នំ​ខៅផា (Khau Pha) ឃុំកាវ​ផា (Cao Pha) ស្រុកមូកាង​ចាយ​ (Mu Cang Chai) ខេត្តអៀន​បាយ​ (Yen Bai) តែងតែ​ស្លៀក​ដណ្តប់​ដោយ​ "សម្លៀក​បំពាក់​​" ស្រស់បំព្រងនៃរដូវ​ទឹកធ្លាក់។ ទឹកមក​ពីរហែង​ជ្រោះ​ ទឹកស្ទឹង​នាំ​បង្ហូរចូល​ស្រែ ដែលធ្វើឱ្យស្រែកាំជណ្តើរ​ មានពន្លឺចែងចាំងដូច "កញ្ចក់យក្ស" ឆ្លុះបញ្ចាំងផ្ទៃ​មេឃ និងពពក។ ទិដ្ឋភាពធម្មជាតិអស្ចារ្យ រួមនឹងជីវភាព​​មមាញឹកនៃ​ប្រជាជនតំបន់​ខ្ពង់រាប បង្កើតបាន​ជាបទភ្លេងមួយគួរឱ្យទាក់ទាញចិត្ត។

វាលស្រែកាំជណ្តើរ​លិចទឹកបត់បែន ចែងចាំងរស្មី​។
នៅជើងភ្នំខៅផា (Khau Pha) វាលស្រែកាំជណ្តើរ​ បង្កើតបានជារូបភាពរស់រវើក ជាមួយនឹងខ្សែបន្ទាត់​កោងស្រទន់។

ខៅផា (Khau Pha) ដែលជាខ្នង​ភ្នំធំមួយ ក្នុងចំណោមខ្នង​ភ្នំ​ទាំង​៤ នៃតំបន់ភាគពាយព្យ មានប្រវែងប្រហែល៣០គីឡូម៉ែត្រ ស្ថិតនៅទីតាំងខ្ពស់ជាង១.២០០ ម៉ែត្រ បើប្រៀបនឹង​នីវ៉ូនទឹក​សមុទ្រ។ នៅពាក់កណ្តាលខែមេសា ពេលភ្លៀងធ្លាក់ចុះ​ដើមរដូវ ស្រែកាំជណ្តើរ​ហាក់ដូចជា "ភ្ញាក់ឡើង" បន្ទាប់ពី​រយៈពេលប៉ុន្មានខែ​រាំងស្ងួត។ ពន្លឺព្រះអាទិត្យរដូវប្រាំង​ ចែងចាំង​លើផ្ទៃទឹក លាយ ឡំជាមួយពណ៌ត្នោតនៃដី ពណ៌បៃតងនៃព្រៃភ្នំ និងពណ៌សនៃពពក បង្កើត​ជា​រូបភាពធម្មជាតិ​ស្រស់ស្អាត និង ពោរពេញ​ដោយ​ភាព​រស់រវើក។

នៅលើវាលស្រែទើបតែទទួលទឹក ក្របីធំមាំលុយភក់ អូសនង្គលភ្ជួររាស់ នារដូវដំណាំ​ថ្មី។

ទិដ្ឋភាពការងារមមាញឹក នៅលើខ្នង​ភ្នំ​ខៅផា​ (Khau Pha) នា​រដូវស្ទូង។

រដូវទឹកធ្លាក់មិនត្រឹមតែជាពេលវេលានៃការផ្លាស់ប្តូររដូវកាលប៉ុណ្ណោះទេ នៅទាំង​ជាការចាប់ផ្តើមនៃរដូវស្រូវថ្មីផងដែរ។ តាំងពីព្រឹក​ព្រលឹម ជនជាតិ​ម៉ុង​និងថៃ បាន​លី​​នង្គ័ល រនាស់​ចេញទៅស្រែ តាមផ្លូវលំ។ នៅលើវាលស្រែដែលទើបតែទទួលទឹកថ្មី​ សំឡេងមនុស្សស្រែកហៅគ្នា សត្វក្របីធំមាំមួនដើរកាត់​ភក់អូសនង្គ័ល បង្កើតបរិយាកាសពលកម្មមមាញឹកនៅកណ្តាលខ្នង​ភ្នំ។ ពេលដីបានភ្ជួររាស់ហ្មត់ចត់ សំណាបបៃតងខ្ចីបានដកហើយ​ចងជាបាច់ៗ រាយ​ពាសពេញ​​ស្រែ។ ស្ត្រីៗស្ទូង​ដើម​សំណាបដាំជាប់​ភក់ ឈរតម្រៀបស្មើគ្នា ពួកក្មេងៗតាមឪពុកម្ដាយទៅស្រែ ក៏​កំពុង
ប្រលែងលេងក្បែរភ្លឺស្រែបណ្ដើរ ជួយរើសសំណាបបណ្ដើរ បង្កើតបានជារូបភាពជនបទដ៏មនោរម្យ​។

អ្នកភូមិបានលីនង្គ័ល ដឹកក្របីឡើងទៅវាលស្រែកាំជណ្តើរ​។​

រដូវទឹកធ្លាក់ នៅឃុំ​ខៅផា​ (Khau Phạ) មាន​ពេល​វេលាខ្លី ប៉ុន្តែគ្រប់គ្រាន់​ដើម្បី​​បន្សល់ទុកនូវចំណាប់អារម្មណ៍ ដែលមិនអាចបំភ្លេចបានចំពោះ​ភ្ញៀវទេសចរ។ សម្រស់​នៃមេឃដីនៅ​តំបន់ភាគពាយព្យ នាពេលផ្លាស់ប្តូររដូវកាល រួមនឹងភាពឧស្សាហ៍ព្យាយាមចិត្តស្មោះ​សរបស់ប្រជាជន ខៅផា (Khau Pha) លេចឡើងដូច​ជាផ្ទាំងគំនូរដ៏សាមញ្ញ តែពោរពេញដោយភាពទាក់ទាញ។ នេះជាពេលវេលា ដែលតំបន់ភាគពាយព្យមានការរួម​ប្រសប់ ហើយក៏ជាពាក្យ​អញ្ជើញសម្រាប់អ្នកដែលស្រឡាញ់ធម្មជាតិ និងឱ្យតម្លៃវប្បធម៌តំបន់ខ្ពង់រាប៕

 

 អត្ថបទ និង រូបភាព៖ វៀតគឿង​/កាសែតរូបភាព​វៀតណាម​


top