ព័ត៌មាន

ខេត្ត Quang Ninh - ចំណុចភ្លឺសម្រាប់ផលិតកម្មឧស្សាហកម្មក្នុងបរិបទនៃជំងឺ រាតត្បាត COVID-19


ប្លង់ស្ពាន Cua Luc ១ និង ៣ ដែលជាគម្រោងចរាចរណ៍គ្រោងនឹងចាប់ផ្តើមសាងសង់នៅខេត្ត Quang Ninh  

 

ការផ្ទុះ​ជំងឺរាតត្បាត Covid-19 បានបណ្តាលឱ្យវិស័យធ្យូងថ្មដែលជាវិស័យមួយ ដ៏សំខាន់សម្រាប់ខេត្ត Quang Ninh ដែលប្រឈមនឹងការលំបាកជាច្រើន នៅពេលដែលខេត្តនេះត្រូវតែរក្សាបានទាំងផលិតកម្ម-អាជីវកម្ម​ផង និង​ធានាសុវត្ថិភាពនិង សុខភាពសម្រាប់កម្មកររាប់ម៉ឺននាក់ផង។ ឆ្លងកាត់រាល់ការលំបាក សម្ព័ន្ធក្រុម ហ៊ុនឧស្សាហកម្ម​ធ្យូងថ្មនិងរ៉ែជាតិវៀតណាម (TKV) បានរៀបចំផែនការទាន់ ពេលវេលា ដើម្បីឆ្លើយ​តប​ការ​បង្កើន​ផលិតកម្មក្នុងល្បឿនខ្ពស់បំផុត។ ទន្ទឹមនឹងនេះដែរ សម្ព័ន្ធក្រុមហ៊ុន​ឧស្សាហកម្ម​ធ្យូងថ្ម​និង​រ៉ែជាតិ​វៀត​ណាម​នៅតែ​អនុវត្តនូវ​វិធាន​ការ​បង្ការ​និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាត​ត្បាត​ដែល​បាន​កើត​ឡើង​និង​ឆ្លង​រាលដាល​ក្នុងសហគមន៍ ព្រមទាំងការពារសុខភាពកម្មករផងដែរ។ លោក Nguyen Manh Tuong ថ្នាក់ដឹក​នាំសម្ព័ន្ធ​ក្រុមហ៊ុនឧស្សាហកម្មធ្យូងថ្មនិងរ៉ែជាតិវៀតណាម បានវាយតម្លៃថា៖
 
« ស្ថានភាព​នៃជំងឺរាតត្បាត Covid-19 បានជះឥទ្ធិពលដោយផ្ទាល់ដល់លទ្ធផល អាជីវកម្ម និងកែលម្អនូវ​ល័ក្ខ​ខ័ណ្ឌ​ធ្វើការ​ក៏ដូចជាលើកកំពស់ជីវភាពរស់នៅរបស់ ពលករ។ ទោះជាយ៉ាង​ណាក៏​ដោយ​តាម​រយៈ​លទ្ធផល​នៃត្រីមាស​ទី​១នៃឆ្នាំនេះ យើងបានអះអាងថាមានប្រសិទ្ធិភាពល្អក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ដោយអាស្រ័យ​លើស្ថានភាព​នៃការបញ្ជាណែនាំ​យ៉ាងប្តូរ ផ្តាច់ពីថ្នាក់​គ្រប់គ្រង​ដើម្បីអនុវត្ត ក្នុងលក្ខខណ្ឌ​ជាក់ស្តែង។​ យើង​ខ្ញុំសម្រេចបាននូវគោលដៅទាំងពីរ ពោលគឺសន្ទស្សន៍ផលិតកម្ម-អាជីវកម្មជាមូលដ្ឋាន និងមាន​សន្ទស្សន៍ផ្សេងៗ​ទៀតលើសពីគោលដៅដែលបានកំណត់ផងដែរ»។
 
ដោយសារ​រងផលប៉ះពាល់ពីជំងឺរាតត្បាត Covid-19 វិស័យទេសចរណ៍សេវាកម្ម ដែលធ្លាប់​ជាវិស័យ​សេដ្ឋកិច្ច​មុខ​ព្រួញ​មួយ​របស់ខេត្ត Quang Ninh អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក៏ត្រូវបានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ ប៉ុន្តែដោយ សារតំបន់​ឧស្សាហកម្ម​នៅតែរក្សា​សន្ទុះកំណើន​និងវិស័យ​កសិក​-រុក្ខ-ជលផលនៅតែប្រកបដោយស្ថិរភាព ខេត្ត Quang Ninh ក៏រក្សាបាននូវផលិតផលសរុបក្នុងតំបន់ (GRDP - Gross regional domestic product) ក្នុងអត្រា ៧,២% ដែរ។ ក្នុង  បរិបទដែល​ជំងឺរាត​ត្បាត​នៅតែវិវត្តន៍​ដ៏ស្មុគ​ស្មាញនោះ ក្នុងត្រីមាសទី ២ និងឆ្នាំ ២០២០ ខេត្ត Quang Ninh បានកំណត់ថា​វិស័យ​ឧស្សាហកម្ម​និងសំណង់នៅតែដើរតួនាទីដ៏សំខាន់ក្នុងបំពេញបន្ថែមឲ្យវិស័យទេសចរណ៍និងសេវាកម្ម។
 
ក្នុងនោះវិស័យ​ធ្យូងថ្ម នឹងធ្វើ​ការកែសម្រួលបរិមាណ​ផលធ្យូងថ្មធ្វើអាជីវកម្ម ក្នុងឆ្នាំ ២០​២០ ឲ្យសម្រេចបាន ពី ៤០,៥ ​លានតោនកើនឡើងទៅយ៉ាងតិច ៤១ លានតោន ព្រមទាំងធានានូវ​ការផ្គត់ផ្គង់​ក៏ដូចជាគុណភាព​ខាងធនធាន​នានាឲ្យបានគ្រប់គ្រាន់សម្រាប់រោងចក្រថាមពលឧណ្ហអគ្គិសនី ដើម្បីទទួលបានទិន្នផល​អគ្គិសនីកើន​ឡើងដល់ ៣៨,៦ ពាន់លានគីឡូវ៉ាត់/ម៉ោង (kWh)។ ពិតណាស់ថាដើម្បីសម្រេចបាននូវ​គោលដៅទាំង​នេះ ខេត្ត Quang Ninh បានបង្កលក្ខណៈអំណោយផលជាអតិបរិមា ព្រមទាំង​សម្របសម្រួល​គ្នាយ៉ាងជិត​ស្និទ្ធជាមួយវិស័យធ្យូងថ្មដើម្បី ផ្តោតសំខាន់លើការដោះស្រាយបញ្ហាជាប់គាំងនានាផងដែរ។ លោក Ngo The Phiet​ ប្រធានក្រុមហ៊ុនធ្យូងថ្ម Nui Beo បានឲ្យដឹងថា៖
 
«ថ្នាក់ដឹកនាំ គណៈកម្មាធិការបក្សសម្ព័ន្ធក្រុមហ៊ុនធ្យូងថ្ម និងខេត្ត Quang Ninh បានបញ្ជាណែ​នាំយ៉ាង​ដិត​ដល់​ ព្រមទាំងផ្តោតការយកចិត្តទុកដាក់លើការដោះស្រាយការងារយ៉ាងឆាប់រហ័ស ជាពិសេស​ទាក់​ទង​នឹង​ការរៀបចំ​ផែន​ការឃ្លាំងស្តុកធ្យូងថ្ម ការបោះចោលកាក់សំណល់ និងកែសំរួលផ្ទៃដីអណ្តូងរ៉ែ។ យើងខ្ញុំកំពុង​ត្រៀមខ្លួន​ជាស្រេច ដើម្បីបង្កើតការដ្ឋានធ្វើយន្តូបនីយកម្មបន្ថែម ទៀតនិងបង្កើនសមត្ថភាពផលិតកម្ម ក៏ដូចជារង់ចាំទ​ទួល​បាន​អាជ្ញាប័ណ្ណ​ដើម្បី​ប្រមូល​ផ្តុំលើការ​ធ្វើអាជីវកម្ម​និង​បង្កើន​ល្បឿន​មុន​រដូវខ្យល់​ព្យុះនិង​ឆ្លើយ​តបនឹង​តម្រូវការនូវបរិមាណផលដែលសម្ព័ន្ធក្រុមហ៊ុនប្រគល់ជូនផងដែរ។»
 
ខេត្ត Quang​ Ninh ក៏បានកំណត់ថាជំរុញដំណើការវិនិយោគនិងពង្រីកគម្រោងផលិតកម្ម ហើយដាក់​ឲ្យ​ដំណើរ​ការរោង​ចក្រ​ឧស្សាហកម្មកែច្នៃ កម្មន្តសាល និងបង្កលក្ខណៈងាយស្រួលសម្រាប់ការនាំចេញទំនិញផងដែរ។ ប្រធានគណៈ ​  កម្មាធិការប្រជាជនខេត្ត Quang Ninh បានសង្កត់ធ្ងន់ថា៖
 
«ដោយឈរលើ​ស្មារតី គឺបង្កើតលក្ខណៈ​អំណោយ​ផលបំផុត​សម្រាប់​សហគ្រាស​ដើម្បី​អនុវត្ត​ផលិ​តក​ម្មនិង​អាជីវកម្ម​ តាមរយៈនោះបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះថវិការដ្ឋ។ មន្ទីរ ស្ថាប័នមូលដ្ឋាន​និង​កម្មាភិបាល​នានា ​ត្រូវលើកកំពស់ ស្មារតីទទួលខុសត្រូវ សីលធម៌ការងារ ហើយពេលដែ​លទទួលខ្លឹមសារនៃ សំណើរនានា​គឺត្រូវ​ធ្វើភ្លាម​ៗ ធ្វើយ៉ាងឆាប់រហ័ស និងដោះស្រាយបែបបទរដ្ឋបាលឲ្យបានល្អ ក៏ដូចជាជម្រុញការដោះស្រាយ​ការលំបាក​សម្រាប់​អង្គភាពអាជីវកម្មផងដែរ។
 
ច្បាមជាប់តាមការ​វិវឌ្ឍន៍នៃជំងឺឆ្លង រួមទាំងធ្វើការព្យាករណ៍និងវាយតម្លៃយ៉ាងដិតដល់ ខេត្ត Quang Ninh កំពុងកសាង​សេណារី​យ៉ូកំណើនសេដ្ឋកិច្ចផ្សេងៗពីគ្នា សម្រាប់វិស័យផ្នែកនិមួយៗ ដើម្បីដោះស្រាយបញ្ហា​បង្ការនិង​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺឆ្លងផង និងរក្សាសេដ្ឋកិច្ច-សង្គមប្រកបដោយស្ថិរភាពផង៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top