ព័ត៌មាន

ខេត្តយ៉ាឡាយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្តនានារបស់កម្ពុជា

នារសៀលថ្ងៃទី២៩ ខែមីនា ខេត្តយ៉ាឡាយ បានរៀបចំសន្និសីទចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្ត យ៉ាឡាយ (វៀតណាម) និងខេត្តចំនួនបីនៅភាគឦសានប្រទេសកម្ពុជាគឺខេត្តព្រះវិហារ ខេត្ត រតនគីរី និងខេត្តស្ទឹងត្រែង សម្រាប់ដំណាក់កាល ២០២៦-២០៣០។
ប្រធានគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយអភិបាលខេត្តរតនគីរី។ (រូបថត៖ VNA)

ព្រឹត្តិការណ៍នេះគឺមូលដ្ឋានដ៏សំខាន់សម្រាប់បណ្ដាកម្រិត វិស័យ និងមូលដ្ឋាននានានៃភាគីទាំងពីរ បន្តអនុវត្តន៍សកម្មភាពសហប្រតិបត្តិការកាន់តែទូលំទូលាយនិងស៊ីជម្រៅលើគ្រប់វិស័យ។

នៅក្នុងសន្និសីទនេះ លោក Thai Dai Ngoc លេខាគណៈកម្មាធិការបក្សខេត្តយ៉ាឡាយ បានសង្កត់ធ្ងន់ថា សន្និសីទចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើកនេះ បានបើកដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្តយ៉ាឡាយ និងខេត្តចំនួនបីនៅភាគឦសានប្រទេសកម្ពុជា។ លោកលេខាគណៈកម្មាធិការបក្សខេត្តយ៉ាឡាយ បានស្នើថា បន្ទាប់ពីសន្និសីទនេះ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៃភាគីទាំងពីរ ចាំបាច់ត្រូវប្រែក្លាយខ្លឹមសារដែលបានចុះហត្ថលេខា ទៅជាកម្មវិធី និងផែនការសហប្រតិបត្តិការប្រចាំឆ្នាំឲ្យបានឆាប់; ផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងការនាំចេញ-នាំចូលតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិ ឡេថាញ់ - អូយ៉ាដាវ ដោយភ្ជាប់ជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម; ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម សុខាភិបាល អប់រំនិងបណ្តុះបណ្តាលធនធានមនុស្ស; បន្តជំរុញការជួបប្រាស្រ័យវប្បធម៌ កិច្ចការបរទេសរវាងប្រជាជននិងប្រជាជន ហើយសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុយុទ្ធជនពលីផងដែរ។

បច្ចុប្បន្ននេះ ខេត្តយ៉ាឡាយ មានសហគ្រាសចំនួន ១៥ ដែលកំពុងវិនិយោគ និងដំណើរការគម្រោងចំនួន ១៩ នៅកម្ពុជា ដោយមានដើមទុនចុះបញ្ជីសរុបជាង ៩១៣ លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងចំនួន ១៤ ស្ថិតនៅក្នុងខេត្តចំនួន ៣ នៅភាគឦសានប្រទេសកម្ពុជា។ គម្រោងទាំងនេះភាគច្រើនផ្តោតលើវិស័យកសិកម្ម និងរុក្ខប្រមាញ់៕


top