យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំកម្ពុជា នៅក្នុងជំនួបនេះ លោក ឌឹម នី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកឯកអគ្គរដ្ឋទូត និងគណៈប្រតិភូស្ថានទូតមកកាន់ខេត្តមណ្ឌលគីរី។ លោក ឌឹម នី បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ បង្ហាញយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្ដទុកដាក់របស់ស្ថានទូតក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាង វៀតណាម និងកម្ពុជាលើគ្រប់វិស័យ ព្រមទាំងសម្តែងការរីករាយចំពោះការសហការយ៉ាងជិតស្និទ្ធរវាងមូលដ្ឋាននានារបស់វៀតណាមដូចជា ខេត្តដាក់ឡាក់ (Dak Lak) ខេត្តឡឹមដុង (Lam Dong) និងទីក្រុងដុងណាយ (Dong Nai) ជាមួយខេត្តមណ្ឌលគីរី ក្នុងការអនុវត្តកម្មវិធីសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច ការពារជាតិ និងសន្តិសុខ។
លោក ង្វៀន មិញ វូ ប្រគល់អំណោយជូនថ្នាក់ដឹកនាំខេត្តមណ្ឌលគីរី (រូបថត៖ vnanet.vn)
លោក ឌឹម នី បានគូសបញ្ជាក់ពីលក្ខណៈភូមិសាស្ត្ររបស់ខេត្តដែលមានទីតាំងស្ថិតនៅលើតំបន់ខ្ពង់រាប និងមានអាកាសធាតុអំណោយផល និងសក្តានុពលសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ទេសចរណ៍ ការដឹកជញ្ជូន ការរុករករ៉ែ និងការអភិវឌ្ឍថាមពល។ លោក ឌឹម នី បានឲ្យដឹងថា ខេត្តមណ្ឌលគីរីត្រូវបានរាជរដ្ឋាភិបាលកម្ពុជាជ្រើសរើសជាខេត្តសំខាន់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ហើយក្រសួងទេសចរណ៍កម្ពុជាកំពុងសហការជាមួយខេត្ត ដើម្បីរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគីរី។
ជាមួយនឹងការអនុវត្តកម្មវិធីអភិវឌ្ឍន៍តំបន់ឦសានរបស់រាជរដ្ឋាភិបាល លោក ឌឹម នី បានស្នើឱ្យឯកអគ្គរដ្ឋទូតបន្តយកចិត្តទុកដាក់ និងលើកទឹកចិត្តវិនិយោគិនវៀតណាមចូលមកស្វែងយល់ និងវិនិយោគនៅក្នុងខេត្ត ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា និងប្រទេសទាំងពីរនាពេលខាងមុខ។
រីឯលោកឯកអគ្គរដ្ឋទូត ង្វៀន មិញ វូ បានថ្លែងអំណរគុណចំពោះខេត្តមណ្ឌលគីរីក្នុងការរៀបចំជំនួបនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនមកពីមន្ទីរ និងស្ថាប័នរបស់ខេត្ត។ លោកឯកអគ្គរដ្ឋទូតក៏បានជម្រាបជូនព័ត៌មានអំពីសកម្មភាពការទូតដ៏លេចធ្លោមួយចំនួនរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។
ដំណើរទស្សនកិច្ចបានធ្វើឡើងជាទៀងទាត់ដែលបង្ហាញពីទំនុកចិត្តខាងនយោបាយ និងទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលបង្កើតកម្លាំងចលករសម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាព។ លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះខេត្តមណ្ឌលគីរី ដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មវៀតណាមក្នុងការវិនិយោគ និងការធ្វើអាជីវកម្មនៅក្នុងខេត្ត ចូលរួមចំណែកមិនត្រឹមតែដល់ថវិការបស់មូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងធានាសុខុមាលភាពសង្គមទៀតផង។
លោកឯកអគ្គរដ្ឋទូតក៏បានស្នើឱ្យខេត្តបន្តយកចិត្តទុកដាក់ គាំទ្រ និងដោះស្រាយឯកសារផ្លូវច្បាប់ សម្រាប់ សហគមន៍វៀតណាមនៅក្នុងខេត្ត ជួយជនដើមកំណើតវៀតណាមមានជីវភាពរស់នៅស្ថិរភាព រួមចំណែកដល់ការអភិវឌ្ឍរួមនៃមូលដ្ឋាន។
លោក ឌឹម នី អភិបាលខេត្ដមណ្ឌលគីរីស្តីទី ផ្ដល់បទសំភាសដល់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (រូបថត៖ VNA)
ផ្ដល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព៏ត៌មានវៀតណាមនៅខាងក្រៅជំនួបនេះ លោក ឌឹម នី អភិបាលខេត្ដមណ្ឌលគីរីស្តីទី បានឲ្យដឹងថា ខេត្តមណ្ឌលគីរី គឺជាខេត្តមួយដែលមានសក្តានុពល និងគុណសម្បត្តិក្នុងការទាក់ទាញការវិនិយោគ ជាពិសេសនៅក្នុងវិស័យកសិកម្ម ទេសចរណ៍ និងធនធានរ៉ែ។ លោក ឌឹម នី សង្ឃឹមថា នឹងទាក់ទាញវិនិយោគិនវៀតណាមឱ្យមកវិនិយោគនៅក្នុងខេត្តនេះ ជាពិសេសនៅក្នុងវិស័យកសិកម្ម និងឧស្សាហកម្មដូចជា កៅស៊ូ គ្រាប់ស្វាយចន្ទី និងដំណាំកាហ្វេ។ លើសពីនេះ ខេត្តមណ្ឌលគីរី ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកទឹកចិត្ត និងជំរុញវិនិយោគិនវៀតណាមឱ្យមកវិនិយោគនៅក្នុងខេត្ត រួមទាំងការកែលម្អនីតិវិធីរដ្ឋបាលផងដែរ។
ក្នុងរយៈពេលខាងមុខ លោក ឌឹម នី រំពឹងថា ស្ថានទូតវៀតណាមនឹងបន្តធ្វើជាស្ពានគាំទ្រ និងជំរុញវិនិយោគិនវៀតណាមឱ្យមកវិនិយោគនៅក្នុងខេត្តមណ្ឌលគីរី។ លោក ឌឹម នី បានសន្យាថា ខេត្តនឹងបង្កើតលក្ខខណ្ឌអំណោយផលបំផុត ដោះស្រាយនីតិវិធីយ៉ាងឆាប់រហ័ស និងគាំទ្រសហគមន៍វៀតណាមដែលរស់នៅ និងធ្វើការស្របច្បាប់នៅក្នុងខេត្ត ដោយហេតុនេះ បន្តរក្សាសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងគោរពគ្នាទៅវិញទៅមក រួមគ្នាឈានដល់ការរីកចម្រើនរុងរឿង។
គួររំលឹកថា នៅយប់ថ្ងៃទី ៣០ ខែតុលា នៅក្នុងជំនួបជាមួយគណៈអចិន្ត្រៃយ៍នៃសាខាសមាគមខ្មែរ-វៀតណាមនៅខេត្តមណ្ឌលគីរី លោកឯកអគ្គរដ្ឋទូត ង្វៀន មិញ វូ បានកត់សម្គាល់ចំពោះមតិយោបល់របស់គណៈអចិន្ត្រៃយ៍ ព្រមទាំងស្នើឱ្យគណៈអចិន្ត្រៃយ៍បន្តចលនា និងឃោសនាដល់ជនដើមកំណើតវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅក្នុងមូលដ្ឋានឱ្យគោរពច្បាប់របស់កម្ពុជា ខិតខំលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ ហើយធ្វើជាស្ពាន់ដែលរួមចំណែកដល់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ៕