ព័ត៌មាន

ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់លេខ ១

យោងតាមសេចក្តីសម្រេចរបស់ក្រសួងសំណង់ ដែលបានប្រកាសនាថ្ងៃទី ២៦ ខែមិថុនា ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់ទី ១ លើទូទាំងខេត្តជាផ្លូវការ ដោយមានផ្ទៃដីជាង ៦.២៣១ គីឡូម៉ែត្រការ៉េ និងប្រជាជនប្រមាណ ១,៥២ លាននាក់។
ទិដ្ឋភាពពីលើអាកាសនៃជ្រុងមួយនៅខេត្តក្វាងនិញ។ រូបភាព៖ baoquangninh

ដើម្បីបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់ទី ១ លើទូទាំងខេត្ត ដែលជាគំរូអភិវឌ្ឍន៍​ឈានមុខគេនៅវៀតណាម ខេត្តក្វាងនិញបានបង្ហាញ​តាមរយៈទិន្នន័យជាក់ស្តែងនិងគួរឱ្យទុក​ចិត្ត​​នៅក្នុង​គម្រោង។ ទាក់​ទងនឹងវិស័យសេដ្ឋកិច្ច អត្រាកំណើន GRDP របស់ខេត្តបានរក្សាកម្រិត​ពីរខ្ទង់ជាបន្ត​បន្ទាប់ ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ គិតត្រឹមឆ្នាំ ២០២៥ សម្រេចបានជាង ១០.០០០ ដុល្លារអាមេរិក ពោលគឺខ្ពស់ជាង ២ ដងនៃមធ្យមភាគរបស់ប្រទេសទាំងមូល​។ អត្រា នគរូបនីយកម្មរបស់ខេត្តក្វាងនិញបានឈានដល់កម្រិតជាង ៧០% ដែល​ឈានមុខគេ​នៅ​ទូទាំងប្រទេស ដោយមានទីក្រុងចំនួន ៤ (ហាឡុង កឹមផា អ៊ួងប៊ី មុងកាយ) និងទីរួមខេត្តចំនួន ២ (ក្វាងអៀន ដុងជៀវ) ដើរតួនាទីជាស្នូលនៃការតភ្ជាប់យ៉ាងរឹងមាំ។

ការទទួលស្គាល់ខេត្តក្វាងនិញ បាន​បំពេញលក្ខណវិនិច្ឆ័យនៃ​ទីក្រុង​ថ្នាក់ទី ១ គឺជាជំហានដ៏សំខាន់មួយ ដោយបង្កើត​មូលដ្ឋានគ្រឹះសម្រាប់ខេត្តបន្តអភិវឌ្ឍន៍ទៅតាមទិសដៅទំនើប បៃតង ឆ្លាតវៃ និងប្រកប​ដោយ​ចីរភាព។ លើសពីនេះ ការដែល​ខេត្ត​ក្វាងនិញ បាន​បំពេញ​លក្ខណវិនិច្ឆ័យនេះ ក៏មានអត្ថន័យយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងថ្នាក់ជាតិ ដែល​រួមចំណែក​បង្កើនការតភ្ជាប់តំបន់​ដីសណ្តទន្លេក្រហម និងបញ្ជាក់ពីតួនាទីជាប៉ូលកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្តនៅភាគខាងជើង៕


top