ព័ត៌មាន

ខឿនសេដ្ឋកិច្ចធំៗរត់ប្រណាំងធ្វើពិពិធកម្មដៃគូដើម្បីឆ្លើយតបទៅនឹងអស្ថិរភាព

សហភាពអឺរ៉ុប (EU) និងឥណ្ឌានៅថ្ងៃទី ២៧ ខែមករា បានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលត្រូវបានចាត់ទុកជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រមួយ។ នេះគឺជាព្រឹត្តិការណ៍ថ្មីបំផុត ដែលបង្ហាញថា ខឿនសេដ្ឋកិច្ចធំៗនៅជុំវិញពិភពលោកកំពុងរត់ប្រណាំងគ្នាដើម្បីធ្វើពិពិធកម្មដៃគូសេដ្ឋកិច្ច ក្នុងបរិបទដែលសេដ្ឋកិច្ចនិងពាណិជ្ជកម្មសកលកំពុងរងផលប៉ះពាល់កាន់តែខ្លាំងឡើងដោយភាពតានតឹងភូមិសាស្ត្រនយោបាយ និងគោលនយោបាយដែលមិនអាចទាយទុកជាមុនបានរបស់ប្រទេសមហាអំណាចមួយចំនួន។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ថតរូបនៅមុនពេលកិច្ចប្រជុំនៅទីក្រុង New Delhi ប្រទេសឥណ្ឌា នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦។ រូបថត៖ REUTERS/Altaf Hussain

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង EU និងឥណ្ឌាត្រូវបានអនុម័តបន្ទាប់ពីការចរចារយៈពេលជិត ២០ ឆ្នាំ។ មុននោះ កាលពីដើមឆ្នាំ សហភាពអឺរ៉ុបក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA ជាមួយប្លុកទីផ្សាររួមអាមេរិកខាងត្បូង (Mercosur) ផងដែរ។ ក្នុងពេលជាមួយគ្នានោះ ទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន កាណាដា និងអង់គ្លេសក៏បានកត់ត្រាការវិវឌ្ឍគួរឱ្យកត់សម្គាល់ជាច្រើនផងដែរ។

កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ   

នៅក្នុងសេចក្តីប្រកាសបន្ទាប់ពីសហភាពអឺរ៉ុប និងឥណ្ឌាអនុម័តលើកិច្ចព្រមព្រៀង FTA នៅថ្ងៃទី ២៧ ខែមករា នៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-ឥណ្ឌាលើកទី ១៦ នៅទីក្រុងញូវដេលី ទាំងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa សុទ្ធតែចាត់ទុកការបញ្ចប់កិច្ចចរចា FTA រវាង EU និងឥណ្ឌា ក្រោយរយៈពេលជិតពីរទសវត្សរ៍ គឺជារបត់ដ៏សំខាន់នៅក្នុងទំនាក់ទំនងទ្វេភាគី ហើយ FTA នេះនឹងក្លាយជា "មាតានៃកិច្ចព្រមព្រៀងទាំងអស់" នៅពេលដែលភាគីទាំងពីរបានរួមគ្នាបង្កើតតំបន់ពាណិជ្ជកម្មសេរីដែលមានប្រជាជនជិត ២ ពាន់លាននាក់។ កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថា នឹងបង្កើនការនាំចេញរបស់សហភាពអឺរ៉ុបទៅកាន់ឥណ្ឌាចំនួនទ្វេដងនៅឆ្នាំ ២០៣២ ដោយលុបបំបាត់ ឬកាត់បន្ថយពន្ធនាំចូលលើទំនិញដែលស្មើរនឹង ៩៧% នៃតម្លៃពាណិជ្ជកម្មសរុប។

យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ក្រៅពីផលប្រយោជន៍សេដ្ឋកិច្ច     រយៈពេលវែង កិច្ចព្រមព្រៀង FTA រវាង EU និងឥណ្ឌា ក៏ជាសារភូមិសាស្ត្រនយោបាយដ៏សំខាន់មួយដែល EU ចង់ផ្ញើទៅកាន់ពិភពលោក ក្នុងបរិបទដែលទំនាក់ទំនងរវាងប្លុកនេះជាមួយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តសន្តិសុខ និងជាដៃគូពាណិជ្ជកម្មធំបំផុត កាន់តែមានភាពស្មុគស្មាញ។ លោក Varg Folkman អ្នកវិភាគនៅមជ្ឈមណ្ឌលគោលនយោបាយអឺរ៉ុប បានលើកឡើងថា៖

«កម្លាំងចលករដ៏ធំនាបច្ចុប្បន្នសម្រាប់ EU គឺការធ្វើពិពិធកម្មទំនាក់ទំនងពាណិជ្ជកម្ម នៅពេលដែលសហរដ្ឋអាមេរិកកំពុងបិទទ្វារទីផ្សារ ចំពោះដៃគូពាណិជ្ជកម្ម។ តាមទិស្សនៈនេះ ការចុះហត្ថលេខាលើ FTA ជាមួយឥណ្ឌា បានបង្ហាញថា EU កំពុងពិចារណាលើបរិបទភូមិសាស្ត្រនយោបាយបច្ចុប្បន្នយ៉ាងហ្មត់ចត់ ហើយខិតខំស្វែងរកមិត្តភក្តិ និងដៃគូបន្ថែមទៀត។ កិច្ចព្រមព្រៀងនេះបានបង្ហាញថា EU កំពុងបោះជំហានទៅមុខនិងចាត់ទុកស្ថានភាពបច្ចុប្បន្នថា មានសភាពធ្ងន់ធ្ងរយ៉ាងខ្លាំង»

ដោយចែករំលែកនូវទស្សនៈដូចគ្នា លោក Reint Gropp ប្រធានវិទ្យាស្ថានសេដ្ឋកិច្ច Halle របស់អាល្លឺម៉ង់ បានចាត់ទុកថា ទោះបីជាឥណ្ឌាមិនទាន់អាចជំនួសតួនាទីរបស់សហរដ្ឋអាមេរិកក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយ EU ក៏ដោយ ប៉ុន្តែនេះគឺជាទីផ្សារដែលមានប្រជាជនរាប់ពាន់លាននាក់ និងមានអត្រាកំណើនឈានមុខគេនៅលើពិភពលោក។

«ខ្ញុំគិតថា នេះគឺជាជំហានដ៏សំខាន់មួយក្នុងទិសដៅដ៏ត្រឹមត្រូវ។ យើងចាំបាច់ត្រូវជំនួសរាល់បញ្ហាប្រឈមក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ ឥណ្ឌាគឺជាទីផ្សារដ៏ធំដែលមានប្រជាជន ១,៤ ពាន់លាននាក់ ហើយក៏ជាប្រភពផ្គត់ផ្គង់ដ៏សំខាន់នៃរ៉ែដីកម្រ ឬវត្ថុធាតុដើមផ្សេងៗទៀតផងដែរ។ នេះគឺជាជំហានមួយដែលគួរឱ្យស្វាគមន៍ជាពិសេស ក្នុងបរិបទដែលអឺរ៉ុបកំពុងមានបញ្ហាជាមួយតំបន់ផ្សេងៗទៀត»

កំណត់រូបរាងទំនាក់ទំនងឡើងវិញ

សហភាពអឺរ៉ុប ឬឥណ្ឌាមិន មែនជាខឿនសេដ្ឋកិច្ចធំៗតែមួយគត់ដែលកំពុងរត់ប្រណាំងគ្នាដើម្បីធ្វើពិពិធកម្មដៃគូសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក្នុងបរិបទ ដែលភាពតានតឹងភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចពិភពលោកកាន់តែខ្លាំងឡើងនោះទេ។ ការផ្លាស់ប្តូរវិជ្ជមាននៃទំនាក់ទំនងរវាងចិន និងប្រទេសលោកខាងលិចចំនួនពីរ គឺអង់គ្លេសនិងកាណាដា ក៏កំពុងទាក់ទាញការយកចិត្តទុកដាក់ពិសេសផងដែរ។ នៅថ្ងៃទី ២៩ ខែមករា លោក Keir Starmer បានក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសដំបូងគេដែលមកបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងរយៈពេល៨ឆ្នាំ ដោយមានគោលដៅនាពេលខាងមុខគឺចាប់ផ្តើមការសន្ទនាដោយស្មោះត្រង់លើរាល់ការខ្វែងគំនិតក្នុងទំនាក់ទំនងទ្វេភាគី ហើ់យគោលដៅរយៈពេលវែងគឺបង្កើតទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលនាំមកនូវអត្ថប្រយោជន៍សម្រាប់ទាំងចក្រភពអង់គ្លេស និងចិន។ មុននោះ នៅថ្ងៃទី ១៦ ខែមករា នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ក៏បានបំពេញទស្សនកិច្ចនៅចិន ហើយឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មបឋមជាមួយខឿនសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកផងដែរ។  លោក Kerry Brown សាស្ត្រាចារ្យស្រាវជ្រាវអំពីប្រទេសចិន នៅមហាវិទ្យាល័យ King’s College ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានធ្វើអត្ថាធិប្បាយថា៖

«បណ្តាប្រទេសអឺរ៉ុប កំពុងស្ថិតក្នុងស្ថានភាពទាល់ច្រកផ្នែកភូមិសាស្ត្រនយោបាយ ដោយសារតែសហរដ្ឋអាមេរិកលែងជាប្រទេសដែលអាចទាយទុកជាមុនបាន ហើយក៏មិនសូវមានភាពស្និទ្ធស្នាលដូចពីមុនដែរ។ ហេតុដូច្នេះ ទោះបីជាមិនទាន់បង្វិលអ័ក្សឃ្លាតចេញក៏ដោយ ប៉ុន្តែពួកគេត្រូវតែធ្វើពិពិធកម្ម និងស្វែងរកឱកាសផ្សេងៗទៀត។ ជាទីបំផុត ពួកគេត្រូវតែមានស្វ័យភាពយុទ្ធសាស្ត្រ។ ខ្ញុំគិតថា ពួកគេបានចាប់ផ្តើមគិតគូរអំពីពិភពលោកមួយដែលលែងមានភាពសុខសាន្តពិតប្រាកដ ជាពិភពលោកដែលសេដ្ឋកិច្ចគឺជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រ និងជាសន្តិសុខដ៏ធំបំផុត។ ហើយក្នុងទិដ្ឋភាពនេះ ប្រទេសចិនគឺជាកត្តាដ៏សំខាន់មួយ ដោយសារតែទំហំសេដ្ឋកិច្ចដ៏ធំសម្បើមនៃប្រទេសនេះ»

ជាទូទៅ ក្រុមអ្នកសង្កេតការណ៍បានចាត់ទុកថា ការដែលបណ្តាប្រទេសបានកំណត់រូបរាងទំនាក់ទំនងដៃគូសេដ្ឋកិច្ច-ពាណិជ្ជកម្មឡើងវិញ និងអាចរួមទាំងសន្តិសុខ-ការពារជាតិផងនោះ នឹងក្លាយជានិន្នាការចម្បងដែលគ្របដណ្តប់លើទំនាក់ទំនងអន្តរជាតិក្នុងដំណាក់កាលខាងមុខ នៅពេលដែលអស្ថិរភាពភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្មសកល មិនទាន់មានសញ្ញាណាមួយនៃការធូរស្រាលក្នុងពេលឆាប់ៗនោះឡើយ៕


top