ក្លោងទ្វារ តវ៉ - ស្នាមដាននៃភ្នំភ្លើង និងពេលវេលា
ស្ថិតនៅជាប់មាត់សមុទ្រនៃកោះធំ ក្លោងទ្វារ តវ៉ បានកកើតឡើងដោយលំហូរនៃកម្អែលភ្នំភ្លើង យ៉ៀងទៀន (Gieng Tien) ដែលបានផ្ទុះកាលពីរាប់ពាន់ឆ្នាំមុន។ នៅពេលដែលកម្អែលភ្នំភ្លើងជួបនឹងទឹកសមុទ្រត្រជាក់ ក៏កកក្លាយជាថ្មបាសាល់។ ឆ្លងកាត់ដំណើរការនៃអាកាសធាតុ និងការបោកបក់នៃរលកសមុទ្រជាបន្តបន្ទាប់ ផ្នែកថ្មដែលកម្សោយត្រូវសឹកបន្តិចម្តងៗ បង្កើតបានជាដំបូលរាងកោងធម្មជាតិ បែរមុខទៅរកសមុទ្រ។
អ្នកស្រុកហៅរមណីយដ្ឋាននេះថា ក្លោងទ្វារ តវ៉ ព្រោះរូបរាងរបស់វាស្រដៀងទៅនឹងសំបុកឱម៉ាល់។ រួមជាមួយនឹងដំណើរការកកើតភូមិសាស្ត្រ ទីនេះក៏ផ្សារភ្ជាប់ទៅនឹងរឿងព្រេងប្រជាប្រិយជាច្រើនអំពីមនុស្សយក្ស និងស្នាមជើងដែលបន្សល់ទុកនៅលើដំបូលថ្ម ដែលឆ្លុះបញ្ចាំងពីការស្រមើស្រមៃដ៏សម្បូរបែបរបស់អ្នកភូមិសមុទ្រឆ្លងកាត់ច្រើនជំនាន់។
ក្លោងទ្វារថ្មនេះ មានកម្ពស់ប្រហែល ២,៥ម៉ែត្រ និងប្រវែងជិត ២០ម៉ែត្រ។ នៅរាល់ពេលវេលានៃថ្ងៃ រមណីយដ្ឋាននេះមានសម្រស់ខុសៗគ្នា៖ ពេលអរុណរះបញ្ចេញពន្លឺពណ៌មាសលើផ្ទៃសមុទ្រ ពន្លឺចែងចាំងកាត់រន្ធក្លោងទ្វារ បង្កើតបានជាផ្ទាំងពន្លឺ និងស្រមោលដ៏គួរឱ្យទាក់ទាញ។ ពេលព្រះអាទិត្យអស្តង្គត ផ្ទាំងថ្មទាំងមូលប្រែទៅជាពណ៌លឿងទុំយ៉ាងស្រស់ស្អាត។ សម្រស់នេះហើយ ដែលបានកម្លាយទីនេះ ឲ្យទៅជាចំណតឈប់សម្រាកដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ និងអ្នកចូលចិត្តការថតរូប ពេលមកដល់កោះ លីសឺន។
នៅខែកញ្ញា ឆ្នាំ២០២៥ ក្លោងទ្វារ តវ៉ បានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម រៀបចំណាត់ថ្នាក់ជាកេរដំណែលថ្នាក់ជាតិ ដោយបញ្ជាក់ពីតម្លៃពិសេស នៃរមណីយដ្ឋាននេះ ក្នុងលំហវប្បធម៌សមុទ្រ នៃកោះលីសឺន។
កុមារនៅតំបន់ពិសេស លីសឺន រៀនហែលទឹក និងហែលមុជទឹក នៅប៊ុងបារី។ រូបថត៖ វៀតគឿង/VNP
វាលសារាយ និងជ្រោយថ្មបង្កើតបានជាទេសភាពស្ងប់ស្ងាត់ពិសេស នៅ ប៊ុងបារី។ រូបថត៖ កុងដាត/VNP
ប៊ុងបារី - ទីលានហ្វឹកហាត់របស់កងនាវាហ្វាងសា
មានចម្ងាយពីក្លោងទ្វារ តវ៉ ប្រមាណ ៣០ម៉ែត្រនៅជើងភ្នំ យ៉ៀងទៀន និងជិតវត្តឌុក (Duc) ប៊ុងបារី គឺជាអាងទឹកសមុទ្រតូចមួយ ដែលបានហ៊ុំព័ទ្ធដោយស្រទាប់ថ្មភ្នំភ្លើងពណ៌ខ្មៅរលោង។ ទីនេះមិនត្រឹមតែមានសម្រស់ធម្មជាតិប៉ុណ្ណោះទេ ថែមទាំងផ្ទុកនូវតម្លៃប្រវត្តិសាស្ត្រដ៏ពិសេសទៀតផង។
យោងតាមរឿងព្រេងក្នុងតំបន់ ស្នាមប្រហោងនៃប៊ុងបារី បានបង្កើតឡើងនៅពេលដែលទេវតាមួយអង្គរែកដីដើរកាត់តំបន់តវ៉ ហើយដីត្រូវធ្លាក់ចុះ។ ក៏ប៉ុន្តែ អ្វីដែលធ្វើឱ្យទីតាំងនេះ កាន់តែលេចធ្លោនោះគឺ ទំនាក់ទំនងជាមួយនឹងកងនាវាហ្វាងសាគ្រប់គ្រងតំបន់ បាក់ហាយ (Bac Hai)។
ពីប្រហែលឆ្នាំ១៧៧៦ ដល់ឆ្នាំ១៨៤៤ យុវជននៃកងនាវាហ្វាងសា ត្រូវបានសន្និដ្ឋានថាបានហ្វឹកហាត់ហែលទឹក មុជទឹក ពង្រឹងកាយសម្បទា និងកម្លាំងនៅទីនេះ មុនពេលឡើងទូកនេសាទសាមញ្ញ ដើម្បីឆ្លងកាត់សមុទ្រខាងកើត អនុវត្តភារកិច្ចវាស់វែងផ្លូវសមុទ្រ ដាំបង្គោល និងបញ្ជាក់អធិបតេយ្យភាពនៅប្រជុំកោះហ្វាងសា និងទ្រឿងសា (Truong Sa)។
ទីតាំងភូមិសាស្ត្រដែលបិទជិត ប៉ុន្តែពោរពេញដោយបញ្ហាប្រឈមនៃប៊ុងបារី បានរួមចំណែកក្នុងការហ្វឹកហាត់ស្មារតីរបស់វីរជនកោះសមុទ្រ ព្រមទាំងឆ្លុះបញ្ចាំងពីប្រពៃណីផ្សារភ្ជាប់ជាមួយនឹងសមុទ្ររបស់ប្រជាជនលីសឺន បានឆ្លងកាត់ជាច្រើនជំនាន់។
ចង្វាក់ជីវិតចិញ្ចឹមជីវិតរបស់អ្នកនេសាទ បូកផ្សំជាមួយសម្រស់ធម្មជាតិ បង្កើតបានជាលក្ខណៈពិសេស នៃ ក្លោងទ្វារ តវ៉។ រូបថត៖ កុងដាត/VNP
សព្វថ្ងៃនេះ ដំណើរទៅកាន់ក្លោងទ្វារ តវ៉ និងប៊ុងបារី មិនត្រឹមតែជាដំណើរទស្សនានូវទស្សនីយភាពភ្នំភ្លើងដ៏ប្លែកប៉ុណ្ណោះទេ វាក៏ជាឱកាសសម្រាប់ភ្ញៀវទេសចរទទួលអារម្មណ៍ពីការជួបប្រទះរវាងធម្មជាតិ និងប្រវត្តិសាស្ត្រ រវាងសម្រស់នៃថ្មបាសាល់ ដែលមានអាយុកាលរាប់ពាន់ឆ្នាំ ជាមួយនឹងអនុស្សាវរីយ៍ អំពីមនុស្សដែលហ៊ានប្រឈមមុខនឹងរលកខ្យល់ ដើម្បីការពារអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋរបស់វៀតណាម៕
- អត្ថបទ៖ កុងដាត- រូបថត៖ កុងដាត វៀតកឿង ថុងថៀន ដាំងឡឹម
- ប្រែសម្រួល៖ រីកើង