ព័ត៌មាន

ក្រុមវិស្វកម្មលេខ ៤ រាយការណ៍លទ្ធផលលេចធ្លោដែលសម្រេចបានជូនលោកអ៊ំ ហូ បន្ទាប់ពីបញ្ចប់ភារកិច្ចនៅតំបន់ Abyei

នាព្រឹកថ្ងៃទី២០ ខែតុលា នៅទីលានបាឌីញ (Ba Dinh) ទីក្រុងហាណូយ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានរៀបចំពិធីរាយការណ៍លទ្ធផល​លេចធ្លោដែលក្រុមវិស្វកម្មលេខ ៤ សម្រេចបានក្នុងការបំពេញភារកិច្ចនៅកម្លាំងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតំបន់ Abyei (UNISFA) ជូនលោកអ៊ំ ហូ។

លោកឧត្តមសេនីយ៍ត្រី ផាម ម៉ាញ ថាំង ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។ គួររំលឹកថា មុននេះ ប្រតិភូ និងក្រុមវិស្វកម្មលេខ ៤ បានអញ្ជើញដាក់ផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរជនពលីលើផ្លូវបាកសឺន (Bac Son)។

ក្រុមវិស្វកម្មលេខ ៤ អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរជនពលីលើផ្លូវបាកសឺន។ រូបថត៖ VNA

ថ្លែងនៅក្នុងពិធី លោកឧត្តមសេនីយ៍ត្រី ផាម ម៉ាញ ថាំង បានលើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់ក្រុមវិស្វកម្មលេខ ៤ ព្រមទាំងបញ្ជាក់ថា សមិទ្ធផលលេចធ្លោដែលអង្គភាពសម្រេចបាននេះ បង្ហាញពីភាពរឹងមាំនយោបាយ ជំនាញវិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវ និងអត្ដចរិតដ៏ថ្លៃថ្នូរបស់កងទ័ព អ៊ំ ហូ ក្នុងបរិយាកាសអន្តរជាតិ។ ព្រមទាំងសង្ឃឹមថា កម្មាភិបាល និងបុគ្គលិកម្នាក់ៗនឹងបន្តប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍របស់ខ្លួន ដើម្បីអនុវត្តភារកិច្ចនៅទីភ្នាក់ងារ និងអង្គភាព ហើយចែករំលែកបទពិសោធន៍ ដើម្បីរួមចំណែកដល់ការកសាងកងកម្លាំងរក្សាសន្តិភាពវៀតណាមកាន់តែមានចំណាន វិជ្ជាជីវៈ និងទំនើប។

ប្រតិភូ និងក្រុមវិស្វកម្មលេខ ៤ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព។ រូបថត៖ VNA

នៅចំពោះមុខវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ កម្មាភិបាល និងបុគ្គលិកនៃក្រុមវិស្វកម្មលេខ ៤ សន្យាថានឹងបន្តសិក្សា បង្កើនចំណេះដឹង លើកកម្ពស់ប្រពៃណីសាមគ្គីភាព គោរពវិន័យ ត្រៀមខ្លួនទទួលយក និងបំពេញល្អនូវភារកិច្ចដែលបានប្រគល់ជូន៕


top