នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រគល់ឲ្យក្រសួងការបរទេសវៀតណាមទទួលរៀបចំ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីរៀបចំឲ្យបានល្អនូវជំនួបកំពូលអាមេរិក - កូរ៉េខាងជើងលើកទី ២ នៅទីក្រុងហាណូយ។ ម្យ៉ាងវិញទៀត លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងការបរទេស អនុវត្តល្អនូវភារកិច្ច កិច្ចការបរទេសនិងការធ្វើសមាហរណកម្មសម្រាប់ឆ្នាំ២០១៩។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានណែនាំឲ្យក្រសួងការបរទេសត្រៀមរៀបចំនិងសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំយ៉ាងល្អនូវជំនួបកំពូលអាមេរិក-កូរ៉េខាងជើងលើកទី២នៅទីក្រុងហាណូយ
( រូបថត: Chinhphu.vn)
ក្រសួងការបរទេសវៀតណាមក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយចែងថា ទទួលតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho ឧបនា យករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានធ្វើទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងជើង ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៤ ខែកុម្ភៈ។ ដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានប្រព្រឹត្តទៅក្នុងបរិបទដែលប្រធានាធិបតីអាមេរិក លោក Donald Trump ទើបបានប្រកាសថា លោកនឹងជួបសន្ទនាជាមួយថ្នាក់នាំកូរ៉េខាងជើង លោក Kim Jong Un នៅទីក្រុងហាណូយ ក្នុងអំឡុងពេលថ្ងៃទី ២៧និងទី ២៨ខែកុម្ភៈ។
មុននេះ នាថ្ងៃទី៦ខែកុម្ភៈ អញ្ជើញឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្តីពីការធ្វើអត្ថាធិប្បាយរបស់វៀតណាមចំពោះសុន្ទរកថា របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងសារសហព័ន្ធទាក់ទងនឹងជំនួបកំពូលរវាងសហរដ្ឋអាមេរិកនិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េគ្រោងនឹងប្រារព្ធ នៅប្រទេសវៀតណាម ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានថ្លែងថា វៀតណាមស្វាគមន៍កិច្ចប្រជុំកំពូលលើកទី២ រវាងអាមេរិកនិងកូរ៉េខាងជើង។ វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះជំនួបដែលសំដៅរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពនៅឧបទ្វីបកូរ៉េផងដែរ។
វៀតណាមត្រៀមជាស្រេចចូលរួមវិភាគទានប្រកបដោយភាពវិជ្ជមាន រួមទាំងសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីជំនួបកំពូលអាមេរិកនិងកូរ៉េខាងជើងទទួលបានជោគជ័យ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម