សប្តាហ៍កំពូល APEC 2027 នឹងរៀបចំនៅកោះភូក្វឹក (Phu Quoc)
ខណៈពេលសប្តាហ៍កំពូល APEC 2027កាន់តែជិតឈានមកដល់ កោះភូក្វឹក (Phu Quoc) - តំបន់សេដ្ឋកិច្ចសមុទ្រស្វាហប់ សក្ដានុពល - កំពុងឈានចូលដំណាក់កាលសម្រេចក្លាយជាមជ្ឈមណ្ឌលសន្និសីទ ព្រឹត្តិការណ៍អន្តរជាតិ និងទេសចរណ៍លំដាប់អន្តរាជាតិ។ ជាមួយនឹងថវិកាជាង ១.១៦១ពាន់លានដុង សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងគម្រោងធំៗជាច្រើន ដែលមានទុនវិនិយោគរាប់ពាន់លានដុង កោះភូក្វឹក (Phu Quoc) មិនត្រឹមតែកំពុងផ្លាស់ប្តូររូបរាងប៉ុណ្ណោះ នៅទាំងបញ្ជាក់មហិច្ឆតារើបម្រាស់ខ្លួន យ៉ាងខ្លាំងក្លាលើផែនទីពិភពលោក។
សកម្មភាពទទួលស្វាគមន៍អ្នកធ្វើដំណើរ ដោយការប្រើយានយន្តជណ្តើរ ដែលមានឡូហ្គោអាកាសយានដ្ឋានអន្តរជាតិភូក្វឹក។ ប្រការនេះបង្ហាញពីសមត្ថភាពបម្រើនៅដីគោក កាន់តែធ្វើឲ្យល្អប្រើសើរ
និងឆ្លើយតបនឹងស្តង់ដារតឹងរ៉ឹងនៃព្រឹត្តិការណ៍ការទូតដ៏សំខាន់មួយ។ រូបថត៖ កុងដាត / VNP
កន្លែងសំខាន់ នៃព្រឹត្តិការណ៍ APEC 2027 គឺមជ្ឈមណ្ឌលសន្និសីទ និងអង្គពិព័រណ៍ APEC ដែលស្ថិតនៅតំបន់ ឆ្នេរដីក្រហម (Bai Dat Do)។ នេះជាសំណង់មានទំហំដែលមិនធ្លាប់មាននៅវៀតណាម ដោយផ្ទៃដីសរុបរហូតដល់ ១៥៣.១៣០ម៉ែត្រការ៉េ។ ចំណុចពិសេសមួយនៃស្ថាបត្យកម្ម គឺ ballroom គ្មានសសរទ្រទ្រង់នៅខាងក្នុង មានចន្លោះរវាងសសរប្រវែង ៨១ម៉ែត្រ និងមានផ្ទៃ ១១.០៥០ ម៉ែត្រការ៉េ គម្រោងនេះត្រូវបានរំពឹងថា នឹងបង្កើតកំណត់ត្រាធំបំផុតលើពិភពលោក លើសពី Caesars Forum នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក។
ស្ថាបត្យកម្មនៃមជ្ឈមណ្ឌលនេះគឺយកតាមគំនិត ពីទស្សនៈវប្បធម៌បូព៌ា «មេឃមូល ដី ៤ ជ្រុង»។ នៅក្បែរនោះ គឺសាលសម្តែងពហុមុខងារ ដែលអាចផ្ទុកអ្នកទស្សនាបានជាង ៤.០០០ នាក់។ ផ្នែកខាងក្រៅនៃសំណង់តាមគំនិតនិងលំនាំស្រកានាគ និងបរិមាណប្រព័ន្ធសសរចំនួន ៥០ តំណាងឱ្យរឿងព្រេង «កូននាគ ចៅទេវតា» ។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ រចនាសម្ព័ន្ធបេតុងដែកថែបទាំងមូលភាគច្រើនត្រូវបានសម្រេចជាមូលដ្ឋាន បញ្ជាក់ល្បឿនអនុវត្ត "មហាការដ្ឋាន" នៅលើកោះពេជ្រ។
ជាមួយគ្នានេះដែរ ប្រព័ន្ធដឹកជញ្ជូននៅកោះភូក្វឹកក៏កំពុងត្រូវបានពង្រីក និងកែលម្អគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ព្រឹត្តិការណ៍ការទូតទ្រទ្រាយធំមួយនេះ។គម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិ ភូក្វឹក ដែលមានដើមទុនវិនិយោគសរុបប្រមាណ ២២.០០០ពាន់លានដុង កំពុងជា "មហាការដ្ឋាន" ដែលមានសកម្មភាពមពុះកញ្ជ្រោលបំផុត។ អគារស្ថានីយ T2 ត្រូវបានរចនាឡើង ដោយយករូបរាង «សត្វហ្សងភ្លើង» រស់ឡើងវិញ តំណាងឲ្យជីវិតមាំមួនរបស់កោះភូក្វឹក។ មិនត្រឹមតែប៉ុណ្ណោះ ស្ថានីយ VIP សម្រាប់ទទួលប្រមុខរដ្ឋនៃប្រទេសនានា ក៏កំពុងត្រូវបានពន្លឿនការសាងសង់ ដោយយកតាមគំនិត ពីសត្វឥន្ទ្រីសមុទ្រ ហើយគ្រោងនឹងសម្រេចផ្ទៃខាងក្នុងទាំងស្រុង នៅខែមីនា ឆ្នាំ២០២៧។
ការតភ្ជាប់រវាងអាកាសយានដ្ឋាន និងមជ្ឈមណ្ឌលសន្និសីទ នឹងកាន់តែងាយស្រួល តាមរយៈគម្រោងផ្លូវដែកទីក្រុង LRT ដែលមានប្រវែងជិត ១៨គីឡូម៉ែត្រ។ គម្រោងនេះមានដើមទុនវិនិយោគប្រមាណ ៩.០០០ពាន់លានដុង ហើយបច្ចុប្បន្នកំពុងចាប់ផ្តើមដំឡើងផ្លូវដែកដំបូង ដោយគោលដៅដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅចុងឆ្នាំ២០២៧។ អមជាមួយគម្រោង LRT គឺមហាវិថី DT.975 - ខ្សែផ្លូវសរសៃឈាមមានទំហ ៦២ម៉ែត្រ និងទ្រូងផ្លូវចរាចរណ៍ ១០គន្លងឡាន តភ្ជាប់ពីអាកាសយានដ្ឋានទៅកាន់តំបន់បុរីនានា។
ស្ថានីយ VIP ត្រូវបានកំណត់ថា ជាកន្លែងមួយក្នុងចំណោមកន្លែងនានាដែលបម្រើដោយផ្ទាល់ដល់ការរៀបចំព្រឹត្តិការណ៍ APEC 2027 នៅកោះ ភូក្វឹក
(Phu Quoc)។
រូបថត៖ ទ្រីញហុង – VNA
ដើម្បីសម្រេចបាននូវល្បឿនអនុវត្តគម្រោងដ៏គួរឱ្យកត់សម្គាល់នេះ ក្រៅពីសមត្ថភាពរបស់វិនិយោគិនយុទ្ធសាស្ត្រ ដូចជា Sun Group នៅមានទាំងការរួមចំណែកយ៉ាងសំខាន់ និងការឯកភាពខ្ពស់របស់ប្រជាជនមូលដ្ឋានផងដែរ។ នៅទីប្រជុំជនទី ៤ និងទី ៧ ក្នុងសង្កាត់អានថើយ (An Thoi) រាប់រយគ្រួសារ បានស្ម័គ្រចិត្តរុះរើផ្ទះ និងសំណង់នានា ប្រគល់ដីសម្រាប់អនុវត្តគម្រោង ទាំងពេលដែលគោលការណ៍សំណងមិនទាន់ត្រូវបានប្រកាសជាផ្លូវការក៏ដោយ។ លោក ផាម ឌិញជិញ (Pham Dinh Chinh) ប្រជាជនម្នាក់នៅតំបន់ បានចែករំលែកថា៖ «នេះជាព្រឹត្តិការណ៍នយោបាយថ្នាក់អន្តរជាតិដ៏ធំមួយ ប្រទេសយើងជាម្ចាស់ផ្ទះ ប្រជាជនត្រូវតែគាំទ្រអស់ពីសមត្ថភាព»។
ដោយការគាំទ្រនោះបានជួយឲ្យបណ្ដាគម្រោងធំៗ ដូចជា មហាវិថី APEC ឆ្លងកាត់របងរារាំងអំពីដីធ្លី។ បច្ចុប្បន្ន ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសក្រោមដី ដូចជាប្រព័ន្ធលូបង្ហូរទឹក ខ្សែទូរគមនាគមន៍ កំពុងត្រូវបានរៀបចំព្រមៗ សន្យថានឹងបង្កើតរូបរាងទីក្រុងទំនើប មានសណ្តាប់ធ្នាប់ សម្រាប់ភូក្វឹក។
APEC 2027 មិនមែនជាគោលដៅ ប៉ុន្តែជាវេទិកាមួយ សម្រាប់បង្កើតកម្លាំងជំរុញការអភិវឌ្ឍរយៈពេលវែង។ អាជ្ញាធរខេត្ត អានយ៉ាង (An Giang) បានដាក់ចេញយុទ្ធសាស្ត្រ «ទីក្រុងអាថ៍កំបាំង» ប្រមូលផ្ដុំហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលបានរៀបចំផែនការ ការពារយ៉ាងតឹងរ៉ឹងនូវផ្ទៃដីព្រៃធម្មជាតិ។
បច្ចុប្បន្ន ឧទ្យានជាតិ ភូក្វឹក មានផ្ទៃដី ៣៦,២៦២ ហិកតា (ព្រៃឈើប្រើប្រាស់ពិសេសមានទំហំ ២៩,៥៩៦ ហិកតា ព្រៃឈើការពារ មានទំហំ ៦,៦៦៦ ហិកតា) ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភូក្វឹក
ខេត្តអានយ៉ាង។ រូបថត៖ ថុងថៀន / VNP
គម្រោងស្នាក់នៅខ្នាតធំ ជាមួយ ១២.៥០០បន្ទប់ស្នាក់នៅ រួមជាមួយម៉ាកសណ្ឋាគារអន្តរជាតិល្បីៗ ដូចជា Marriott, W Hotels និង Conrad នឹងកម្លាយកោះភូក្វឹក ក្លាយជាគោលដៅទេសចរណ៍ MICE (ព្រឹត្តិការណ៍ និងសន្និសីទ) ពាន់លានដុល្លារអាមេរិក។ ការខិតខំប្រឹងប្រែងរើបម្រាស់ខ្លួននាពេលបច្ចុប្បន្ន គឺជាសក្ខីភាពសម្រាប់ភូក្វឹកឆ្លាតវៃ បៃតង និងចីរភាព។
ខណៈដែលអំពូលនៅមជ្ឈមណ្ឌលសន្និសីទ APEC 2027 បានបិទរលត់ទៅ អ្វីដែលនៅសល់មិនមែនត្រឹមតែបណ្ដាកិច្ចព្រមព្រៀងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាហេដ្ឋារចនាសម្ព័ន្ធទំនើបលំដាប់មួយ ត្រៀមជាស្រេចដើម្បីនាំកោះភូក្វឹក ក្លាយជា «គោលដៅនៃក្តីសុបិន» នៅលើផែនទីពិភពលោក។
ជាមួយនឹងល្បឿនអនុវត្តការងារ «ធ្វើការ ៣វេន តាម ៤ ក្រុម» «ឆ្លងកាត់ក្ដៅ ឈ្នះភ្លៀង» កោះពេជ្រ កំពុងបានសម្រេចជាបណ្ដើរៗ ដើម្បីបញ្ជាក់ជំហរក្នុងយុគសម័យថ្មី៕