ទេសចរណ៍

កឹនយើ (Can Gio) - អាសយដ្ឋានទេសចរណ៍បៃតង

មានចម្ងាយពី​មជ្ឈមណ្ឌល​ទីក្រុង​ហូជីមិញ ប្រមាណ ៥០គីឡូម៉ែត្រ កឹនយើ ទាក់​ទាញ​ភ្ញៀវទេសចរ​ដោយ​​ព្រៃកោងកាង​ល្វឹង​ល្វើយ ប្រព័ន្ធ​អេកូឡូស៊ី​ព្រៃលិច​ទឹក​ដែល​​បាន​អង្គការ UNESCO ទទួល​ស្គាល់ និង​បទពិសោធន៍​ទេសចរណ៍​ធម្មជាតិ​ផ្សារភ្ជាប់​នឹង​ការ​អភិរក្ស​ធម្មជាតិ។

មានចម្ងាយពី​មជ្ឈមណ្ឌល​ទីក្រុង​ហូជីមិញ ប្រមាណ ៥០គីឡូម៉ែត្រ កឹនយើ ទាក់​ទាញ​ភ្ញៀវទេសចរ​ដោយ​​ព្រៃកោងកាង​ល្វឹង​ល្វើយ ប្រព័ន្ធ​អេកូឡូស៊ី​ព្រៃលិច​ទឹក​ដែល​​បាន​អង្គការ UNESCO ទទួល​ស្គាល់ និង​បទពិសោធន៍​ទេសចរណ៍​ធម្មជាតិ​ផ្សារភ្ជាប់​នឹង​ការ​អភិរក្ស​ធម្មជាតិ។

ស្ថិតនៅទិសអាគ្នេយ៍នៃទីក្រុងហូជីមិញ ព្រៃការពារកឹនយើ គឺជា​អាសយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ដ៏លេចធ្លោមួយ នៃតំបន់ភាគ​ខាងត្បូង​។ ផ្តើម​​ពី​ដី​ដែល​ធ្លាប់​តែ​ត្រូវ​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុងសម័យសង្គ្រាម កឹនយើ បាន​រស់ឡើងវិញ​យ៉ាង​រឹងមាំ និង​ក្លាយ​ជា​តំបន់​រក្សាទុក​ជីវចម្រុះ​ពិភពលោកដំបូងបង្អស់​របស់វៀតណាម ដែល​បាន អង្គការ​ UNESCO ទទួល​ស្គាល់​។

កឹនយើ​ ក្លាយជា “មន្ទីរពិសោធន៍បៃតង” ក្នុងដំណើរការ​កាត់បន្ថយ ការភាយ​បំភាយ ឆ្ពោះ​ទៅរកគោលដៅ​​បំភាយ​សុទ្ធស្មើ «០» នៅឆ្នាំ២០៥០ របស់​ទីក្រុងហូជីមិញ និងប្រទេស​វៀតណាម។ រូបថត៖ ហុងដាត​/VNA

ជាមួយ​នឹង​ផ្ទៃដីព្រៃលិចទឹក​ជាង ៣៤.០០០ហិកតា ទីនេះ​មាន​ប្រព័ន្ធ​អេកូឡូស៊ី​លក្ខណៈ​ពិសេស ដោយ​មាន​ដើមកោងកាង ដើមម៉ាំ និងដើមវែត  ដុះចម្រុះ​បង្កើត​បាន​ជា​លំហ​បៃតង​យ៉ាង​ធំល្វឹង​ល្វើយ។ បណ្តាញឫសឈើប្រទាក់ក្រឡាជួយទប់ដី ការពារការបាក់ដី និងកាត់បន្ថយការជ្រាប​ទឹក​ប្រៃ ព្រមទាំង​រួមចំណែក​សម្រួល​បរិយាកាស​ សម្រាប់​តំបន់​ទីប្រជុំជន ដែលមាន​ប្រជាជន​កកកុញបំផុត​នៅវៀតណាម​។

មកដល់​កឹនយើ ភ្ញៀវទេសចរ​អាច​ឆ្លង​កាត់​បទពិសោធន៍ នៃ​ការ​ចាក​ចេញ​ពីចង្វាក់​ជីវិត​ដ៏​មមាញឹក នៃ​ទីក្រុង ដើម្បី​សម្រប់​ខ្លួន​ក្នុង​ធម្មជាតិ​ដ៏បរិសុទ្ធ​។ ខ្សែ​ផ្លូវ​ទូក​ដែល​ក្រលាស់​តាម​ព្រៃកោង​កាង សំឡេងបក្សី​ទឹក​ កណ្តាល​លំហស្ងប់​ស្ងាត់ និង​ពណ៌បៃតង​លាត​សន្ធឹង​ឥត​ដែន​កំណត់ បង្កើត​បាន​ជាភាពទាក់ទាញ​ដោយឡែក​ នៃតំបន់​មាត់​សមុទ្រ​នេះ។​

អនុបណ្ឌិត ប៊ូយ​ ង្វៀន​ថេកៀត​ ប្រធានការិយាល័យគ្រប់គ្រងអភិវឌ្ឍន៍ធនធាន នៃគណៈគ្រប់គ្រងព្រៃការពារ កឹនយើ​ គឺជា​បុគ្គលដែលមានគំនិត​ច្នៃប្រឌិត និង​ដំណោះស្រាយ​ជាក់ស្តែងជាច្រើន រួមចំណែក​លើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រង ការពារ និង​អភិវឌ្ឍព្រៃកោងកាង កឹនយើ​ - តំបន់មណ្ឌល​បម្រុងជីវចម្រុះ​ដំបូង​បង្អស់ នៅវៀតណាម ដែល​បានអង្គការ UNESCO ទទួល​ស្គាល់។ រូបថត៖ ហុង​ដាត​/VNA
 

អាសយដ្ឋាន​លេចធ្លោនានា​ដូចជា តំបន់​ទេសចរណ៍​ធម្មជាតិ វ៉ាម​សាត់ (Vam Sat) កោះស្វា (Dao Khi) និងបឹងប្រជៀវ (Dam Doi) ​ទាក់​ទាញ​​ភ្ញៀវទេសចរយ៉ាង​ខ្លាំង​​ ដោយសារ​ប្រព័ន្ធរុក្ខជាតិ និង​សត្វព្រៃដ៏សម្បូរ​បែប ទេសភាព​ទន្លេ​សមុទ្រ​​​ពិសេស និង​សកម្មភាពស្វែងយល់​ពីធម្មជាតិ។ 

តាម​លោក ង្វៀន​ ហ៊ឺវ​អ៊ឹន (Nguyen Huu An) ​អនុប្រធាន​ការិយាល័យរៀបចំផែនការ និង​អភិវឌ្ឍន៍​ផលិតផល នៃ​មន្ទីរទេសចរណ៍ទីក្រុង​ហូជីមិញ វិស័យ​ទេសចរណ៍​បាន​កំណត់ថា កឹនយើ គឺជាខ្សែចង្វាក់​​យុទ្ធសាស្ត្រ នៅក្នុងលំហអភិវឌ្ឍន៍ថ្មីរបស់ទីក្រុង ព្រមទាំង​ជាតំបន់​ដែល​មាន​តួនាទី​យ៉ាងសំខាន់ ក្នុង​ទិសដៅ​ពង្រីក​លំហ​កំណើន តាម​ទិស​ដៅ​បៃតង ចីរភាព និង​មានជម្រៅ។​ លោក ង្វៀន​ ហ៊ឺវ​អ៊ឹន (Nguyen Huu An) បាន​ចាត់ទុក​ថា កឹនយើ មិនត្រឹម​តែ​ជា​អាសយដ្ឋាន​ទេសចរណ៍​ធម្មតា​ប៉ុណ្ណោះទេ ថែមទាំង​ជា​លំហ​តភ្ជាប់ រវាង​ទីក្រុង​ទំនើប ជាមួយនឹង​ប្រព័ន្ធអេកូឡូស៊ី​សមុទ្រ ព្រៃលិច​ទឹក ​និង​តម្លៃវប្បធម៌​ពិសេសក្នុង​ស្រុក នៃ​តំបន់​ឆ្នេរសមុទ្រ​ភាគខាង​ត្បូង​។ ​ប្រៀបខ្លាំង​​ដូចជា​ តំបន់​រក្សាទុកជីវចម្រុះ​ពិភពលោក​ ប្រព័ន្ធ​អេកូឡូស៊ី​ព្រៃលិច​ទឹក ធនធាន​សមុទ្រ ព្រមទាំងតម្លៃវប្បធម៌សហគមន៍ដូចជា ធៀងលៀង (Thieng Lieng) មុខ​របរនេសាទ និង​ពិធីបុណ្យប្រពៃណី គឺជា​មូលដ្ឋានគ្រឹះ ដើម្បី​អភិវឌ្ឍ​ប្រភេទ​ទេសចរណ៍​ធម្មជាតិ សម្រាកលំហែកាយ ការថែទាំ​សុខភាព ទេសចរណ៍​សហគមន៍ កីឡា​សមុទ្រ និង​ទេសចរណ៍​ផ្លូវទឹក។

ព្រៃកោងកាង កឹន​យើ​ ​បានចាត់ទុកជា «សួតបៃតង» នៃទីក្រុងហូជីមិញ និង​តំបន់ជុំវិញ រួមចំណែកសម្រួល​ខ្យល់អាកាស និងការពារបរិស្ថានរស់នៅរបស់ប្រជាជន។ រូបថត៖ ហុង​ដាត​/VNA
បន្ទប់ពិព័រណ៍ណែនាំអំពីជីវចម្រុះនៃតំបន់មណ្ឌល​បម្រុងជីវចម្រុំ​ព្រៃកោងកាង កឹន​យើ​។ រូបថត៖ ង្វៀន​ឡឹន​/VNP

នាពេល​ខាង​មុខ ទីក្រុង​ហូជីមិញ មាន​ទិសដៅផ្លាស់ប្តូរ​ពីការ​ទាញ​យក​ប្រយោជន៍​ពីធនធាន​ធម្មជាតិ​សុទ្ធសាធ ទៅជាការលើកកម្ពស់តម្លៃបទពិសោធន៍ និងអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​គុណភាពខ្ពស់ ផ្សារភ្ជាប់​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ កឹនយើ​ ត្រូវបានរំពឹងថា នឹងរួមចំណែក​បង្កើត​រូបភាព​គំរូ "អាសយដ្ឋាន​មួយ - ពហុ​ប្រព័ន្ធអេកូឡូស៊ី​បទពិសោធន៍" ដែល​ជា​កន្លែង​ភ្ញៀវទេសចរ​អាច​រួមបញ្ចូល​ទេសចរណ៍​​ទីក្រុង ​ធម្មជាតិ សម្រាកលំហែកាយ វប្បធម៌ ម្ហូបអាហារ និង​សមុទ្រ​ក្នុង​ដំណើរ​កម្សាន្ត​តែ​មួយ​។

គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ធំៗ ក៏ត្រូវ​បាន​ចាត់​ទុក​ជា​កម្លាំង​ចលករថ្មី សម្រាប់​ទេសចរណ៍កឹនយើ​ផងដែរ។ តាមលោក ង្វៀន​ ហ៊ឺវ​អ៊ឹន (Nguyen Huu An) សំណង់​តភ្ជាប់​ឆ្ពោះ​ទៅសមុទ្រ នឹង​ជួយ​រៀបចំ​ឡើងវិញនូវរចនា​សម្ព័ន្ធ​លំហ​អភិវឌ្ឍន៍​ទេសចរណ៍​ភាគខាង​ត្បូង​ទីក្រុង​ហូជីមិញ ។ ជា​ពិសេស គម្រោងស្ពាន​កឹនយើ​ ដែល​មាន​ទុន​វិនិយោគ​សរុប​ជាង ១៣.២០០ពាន់លានដុង រំពឹងថា​នឹងធ្វើសម្រេច​​នៅឆ្នាំ​២០២៩ ហើយបាន​រំពឹង​ថានឹង​កាត់បន្ថយពេលវេលាធ្វើដំណើរ ពីមជ្ឈមណ្ឌល​ទីក្រុង​មក​ត្រឹម​ក្រោម​មួយ​ម៉ោង ​បង្កើត​ភាពងាយ​ស្រួល​ដល់ភ្ញៀវទេសចរ និង​វិនិយោគិន​សេវាកម្ម។

ភ្ញៀវទេសចរពិសោធន៍ និងស្វែងយល់​ប្រព័ន្ធ​អេកូឡូស៊ីព្រៃកោងកាង កឹន​យើ​។ រូបថត៖ ហុង​ដាត​/VNA

ទីក្រុង​ហូជីមិញ ក៏មាន​ទិសដៅអភិវឌ្ឍសេដ្ឋកិច្ច​រាត្រី ដែល​មាន​អត្តសញ្ញាណ​ដោយឡែក​ នៃ​តំបន់សមុទ្រកឹនយើ​ ជាមួយ​នឹងសកម្មភាពនានា​ដូចជា ផ្សាររាត្រីគ្រឿង​សមុទ្រ សិល្បៈ​សហគមន៍ ពិធីបុណ្យប្រពៃណី ទេសចរណ៍ផ្លូវទឹក​ពេលរាត្រី និងការ​សម្រាក​លំហែកាយតាម​ឆ្នេរសមុទ្រ ដើម្បីពន្យារពេលស្នាក់​នៅ និង​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជាជន​ក្នុង​ស្រុក។ 

នៅកណ្តាល​ព្រៃកោងកាងពណ៌បៃតង​ចាស់ និង​លំហទន្លេសមុទ្រ​ដ៏ស្ងប់ស្ងាត់ កឹនយើ​បច្ចុប្បន្ន មិនត្រឹមតែ​ជា "សួតបៃតង" នៃទីក្រុងហូជីមិញ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​កំពុង​ក្លាយ​ជា​អាសយដ្ឋាន​ទេសចរណ៍​បៃតង​ដ៏​លេច​ធ្លោ នៃភាគ​ខាងត្បូង​វៀត​ណាម​ ទី​ដែល​ធម្មជាតិ វប្បធម៌ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ធ្វើដំណើរ​ទន្ទឹម​គ្នា ក្នុង​ដំណើរកម្សាន្ត​ស្វែងយល់​ប្រកបដោយភាព​ទាក់ទាញ៕

  • អត្ថបទ៖សើនងៀ
  • រូបថត៖ង្វៀន​ឡឹន​ ឯកសាររបស់គណៈគ្រប់គ្រងព្រៃការពារ និងអភិរក្ស​ពិសេស​ទីក្រុង​ហូជីមិញ
  • ប្រែសម្រួល៖ រីកើង​

top