នារសៀលថ្ងៃទី២២ ខែតុលា នៅមជ្ឈមណ្ឌលសន្និសីទជាតិ (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមសន្និសីទ “លើកកំពស់ធនធានផ្ទៃក្នុង ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មហាឡាល់របស់វៀតណាម”។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងនៅសន្និសីទ។ (រូបថត៖ VGP)
នេះជាព្រឹត្តិការណ៍ហាឡាល់ទូទាំងប្រទេសលើកដំបូង
ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរ ខេត្ត ក្រុង និងគណៈប្រតិភូចំនួន ៦០០
នាក់ ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ រួមទាំងភ្ញៀវអន្តរជាតិ
និងសហគ្រាសហាឡាល់ល្បីឈ្មោះនៅលើពិភពលោកផងដែរ។
ថ្លែងមតិនៅសន្និសីទនេះ
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ
បានចែករំលែកនូវគុណសម្បត្តិនិងសក្តានុពលរបស់វៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល់នៅវៀតណាម។
លោកនាយករដ្ឋមន្ត្រី បានលើកឡើងសារចំនួន៣៖
“ទីមួយ វៀតណាមយកចិត្តទុកដាក់និងមានបំណងចង់សហប្រតិបត្តិការលើវិស័យ
ហាឡាល់។ ឧស្សាហកម្មហាឡាល់ជាវិស័យសេដ្ឋកិច្ចដ៏សំខាន់ ជាសសរស្តម្ភថ្មី
និងកម្លាំងចលករថ្មីក្នុងការអភិវឌ្ឍន៍ទំនាក់ទំនង ជាមួយប្រទេសនានា ជាពិសេស
ប្រទេសឥស្លាមនៅលើពិភពលោក។ ទីពីរ
វៀតណាមចាត់ទុកការអភិវឌ្ឍន៍ឧស្សាហកម្មហាឡាល់ជាទិសដៅថ្មីក្នុងសកម្មភាពផលិតកម្ម
ហើយចាត់ទុកឧស្សាហកម្មហាឡាល់ជាឱកាសមាសសម្រាប់សហគ្រាសវៀតណាម លើកកំពស់សមត្ថភាពផលិតកម្ម
និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា
ដើម្បីចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងទីផ្សារហាឡាល់ និង
ខ្សែសង្វាក់តម្លៃហាឡាល់សកលផងដែរ។ ទីបី
វៀតណាមមានគោលជំហរអភិវឌ្ឍន៍ឧស្សាហកម្មហាឡាល់ដោយឈរលើមូលដ្ឋានគោរពតម្លៃវប្បធម៌
បង្ហាញពីការរួមចំណែកយ៉ាងសកម្មនិងមានការទទួលខុសត្រូវរបស់វៀតណាមក្នុងការកសាងពិភពលោកសន្តិភាព
សហប្រតិបត្តិការ ប្រកបដោយសុខដុមរមនា និងអភិវឌ្ឍន៍រួមគ្នា”។
ដើម្បីពង្រីកកម្លាំងផ្ទៃក្នុង
និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យហាឡាល់នាពេលខាងមុខ
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យដៃគូចែករំលែកព័ត៌មាន និងបទពិសោធន៍ជាមួយវៀតណាមក្នុងការសុក្រិតក្របខ័ណ្ឌច្បាប់
និងការគ្រប់គ្រងរដ្ឋនៃវិស័យទាក់ទិននឹងឧស្សាហកម្មហាឡាល់; ចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្ធិសញ្ញា
អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ
និងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើវិញ្ញាបនបត្រហាឡាល់; អំពាវនាវដៃគូក្នុងតំបន់ និងអន្តរជាតិមកបណ្តាក់ទុន
និងធ្វើអាជីវកម្មនៅវៀតណាមលើវិស័យពាក់ព័ន្ធនឹងហាឡាល់។ ល៕