ព័ត៌មាន

កិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិកក្នុងការស្វែងរក​យុទ្ធជនពលី គឺជាសក្ខីភាពនៃការបិទ​អតីតកាលនិងសម្លឹង​មើលទៅអនាគត

តាមរយៈគំនិតផ្តួចផ្តើមដើម្បីស្វែងរកយុទ្ធជនពលីវៀតណាមដែលបានពលី ក្នុងសម័យ​សង្គ្រាម ស្ថានទូត វៀតណាមប្រចាំសហរដ្ឋអាមេរិកកំពុងជំរុញការតភ្ជាប់ សំណុំឯកសារ ទិន្នន័យ សាក្សី និងបច្ចេកវិទ្យា ដើម្បីបម្រើដល់ការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក លោក Nguyen Quoc Dung។ រូបថត៖ VNA

ការស្វែងរកយុទ្ធជនពលីដោយវៀតណាម និងសហរដ្ឋអាមេរិក បាន​រួមចំណែកដល់ការផ្សះផ្សាស្នាម​របួសនៃសង្គ្រាម ពង្រឹងទំនុកចិត្ត និងជំរុញការសម្រុះសម្រួលរវាងប្រទេសទាំងពីរ។ នេះត្រូវបានបញ្ជាក់ដោយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក លោក Nguyen Quoc Dung ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម។

ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ សាកលវិទ្យាល័យបច្ចេកវិទ្យា Texas បានផ្តល់ឯកសារចំនួន ៦០០ ទំព័រ និងសំណុំឯកសារចំនួន ៥០ ឈុត ដែលបានជ្រើសរើសនិងវិភាគពីឯកសារឌីជីថលជាង ២០០ ទាក់ទងនឹងយោធិនវៀតណាមចំនួន​ ១.៥០០នាក់​​​​​​​​ ពីបណ្ណសារសហរដ្ឋអាមេរិក។​ អាមេរិកក៏បានប្រគល់មតក​វត្ថុជាង ៤០ ពី​សម័យ​សង្គ្រាម​ទៅឱ្យវៀតណាមផងដែរ។ លទ្ធផលទាំងនេះបង្ហាញយ៉ាងច្បាស់អំពីស្មារតីនៃការបិទបញ្ចប់អតីតកាលនិងសម្លឹងឆ្ពោះទៅអនាគតក្នុងទំនាក់ទំនងទ្វេភាកី។

ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ក្នុងក្របខ័ណ្ឌនៃយុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ ស្ថានទូតវៀតណាមប្រចាំសហរដ្ឋអាមេរិកកំពុងផ្តោតលើការកៀង​គរមជ្ឈដ្ឋានអ្នក​នយោបាយអាមេរិក ត​ភ្ជាប់ជាមួយភ្នាក់ងារ​បណ្ណសារ សាកលវិទ្យាល័យ អង្គការអតីតយុទ្ធជន និងវិស័យពាណិជ្ជកម្ម ដើម្បីពង្រីកប្រភពព័ត៌មាន អនុវត្តបច្ចេកវិទ្យា និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ក្នុងពេលជាមួយគ្នានេះ ជំរុញឱ្យសហរដ្ឋអាមេរិកបន្តផ្តល់អាទិភាពដល់ធនធានសម្រាប់ VWAI ក្នុងរយៈពេល ២០២៥-២០៣០; ជំរុញការធ្វើ​ឌីជីថលូបនីយកម្មទិន្នន័យ ការចែករំលែកកំណត់ត្រា ការធ្វើការស្រាវជ្រាវរូបថតពីលើអាកាស និងផែនទី និងការអនុវត្តបច្ចេកវិទ្យាដូចជារ៉ាដាជ្រែកចូល​ដី ការចាប់សញ្ញាពីចម្ងាយ និងបុរាណវិទ្យាកោសល្យវិច្ច័យក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរក៕​


top