កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-ចិនលើកទី២៥ ស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (SOM-DOC ២៥)។ (រូបថត៖ VOV-ហ្សាកាតា)
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក ដាំង ហួងយ៉ាង បានសង្កត់ធ្ងន់ថា ការរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត គឺជាបម្រើផលប្រយោជន៍រួមរបស់ប្រទេសទាំងអស់ ហើយបានស្នើឱ្យភាគីទាំងអស់គោរពច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS ១៩៨២)។ ដោយបញ្ជាក់ថា DOC គឺជាឯកសារមូលដ្ឋានមួយក្នុងទំនាក់ទំនងអាស៊ាន-ចិន លោកអនុរដ្ឋមន្ត្រីបានស្នើឱ្យប្រទេសនានាបន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធានាការអនុវត្តយ៉ាងពេញលេញនិងមានប្រសិទ្ធភាពនូវមាត្រា និងការសន្យានៅក្នុង DOC តាមនោះរួមចំណែកដល់ការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត និងតំបន់ទាំងមូល ព្រមទាំងបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។
ទាក់ទងនឹង COC លោកអនុរដ្ឋមន្ត្រីបានបញ្ជាក់ពីការសន្យារបស់វៀតណាមក្នុងការបន្តចូលរួមយ៉ាងសកម្ម ការរួមចំណែកដោយការទទួលខុសត្រូវ និងសុច្ឆន្ទៈជាមួយប្រទេសដទៃទៀត ដើម្បីពន្លឿនដំណើរការចរចា ដើម្បីសម្រេចបាននូវ COC ដ៏មានប្រសិទ្ធភាព ជាក់ស្ដែង សមស្របនឹងច្បាប់អន្តរជាតិ រួមចំណែកប្រកបដោយប្រសិទ្ធភាពទៅក្នុងការរក្សាសន្តិភាព និងជំរុញកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត។
នៅក្នុងកិច្ចប្រជុំនេះផងដែរ អាស៊ាន និងចិនបានអះអាងពីការសន្យាលើការខិតខំកសាងសមុទ្រខាងកើតទៅជាសមុទ្រនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ហើយបានឯកភាពគ្នាបន្តខិតខំប្រឹងប្រែងធានាការអនុវត្តយ៉ាងពេញលេញនិងមានប្រសិទ្ធភាពនូវមាត្រាទាំងអស់នៃ DOC ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចា COC៕