ព័ត៌មាន

កាសែតអាមេរិក៖ លោក ដូណាល់ ត្រាំ បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន

កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ ឈានមុខគេរបស់អាមេរិក នៅថ្ងៃទី ១០ វិច្ឆិកា បានដកស្រង់ប្រភពដែលឲ្យដឹងថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិប តីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។

ថ្វីត្បិតដូច្នេះក៏ដោយ  ទាំងរុស្ស៊ីនិងអាមេរិក មិនបានបញ្ជាក់ជាផ្លូវការចំពោះព័ត៌មាននេះទេ។

យោងតាមកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ លោកដូណាល់ ត្រាំនិងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនបានពិភាក្សាគ្នាអំពីស្ថានភាពនៅអ៊ុយក្រែននិងគោលដៅនៃសន្តិភាពនៅអឺរ៉ុប។ លោកដូណាល់ ត្រាំបានបង្ហាញពីបំណងចង់បន្តការសន្ទនាដើម្បីពិភាក្សារកដំណោះស្រាយចំពោះជម្លោះនៅអ៊ុយក្រែនយ៉ាងឆាប់ៗ។

ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតរបស់ខ្លួន បេក្ខជនមកពីគណបក្សសាធារណរដ្ឋបានសន្យាថា នឹងដោះស្រាយភ្លាមៗនូវជម្លោះអ៊ុយក្រែន ប៉ុន្តែមិនបានប្រាប់ថា លោកនឹងអនុវត្តន៍គោលដៅនេះយ៉ាងដូចម្ត៉េច។  

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងនៅក្នុងថ្ងៃទី ៨ ខែវិច្ឆិកាថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានត្រៀមខ្លួនរួចជាស្រេចក្នុងការសន្ទនាជាមួយប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ប៉ុន្តែបានលើកឡើងថា នៅតែមិនមានអ្វីជាក់លាក់លើបញ្ហានេះឡើយ៕


top