ព័ត៌មាន

ការរួមបញ្ចូលគោលនយោបាយត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការធានាសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជន

នាថ្ងៃទី១៩ ខែសីហា សម័យប្រជុំវិសាមញ្ញលើកទីមួយ នៃរដ្ឋសភាវៀតណាមនីតិកាលទី១៦ បានបន្តដំណាក់កាលទី២ ដែលគ្រោងនឹងធ្វើឡើងចាប់ពីពេលនេះរហូតដល់ថ្ងៃទី២៤ ខែសីហា។
រដ្ឋសភា​បាន​ស្តាប់​សំណើ​និង​របាយការណ៍​ អំពីទិសដៅសម្រាប់ការកសាងសេចក្តីព្រាងច្បាប់ស្តីពីថវិការដ្ឋ (រួមបញ្ចូលគ្នា) ។ រូបថត៖ VNA

ក្នុងនោះ ពិភាក្សាអំពីទិសដៅសម្រាប់ការកសាងសេចក្តីព្រាងច្បាប់ស្តីពីថវិការដ្ឋ (រួមបញ្ចូលគ្នា) អង្គប្រជុំបានផ្ដល់មតិថា គោលដៅនៃការធ្វើវិសោធនកម្មលើកនេះមិនត្រឹមតែដើម្បីរូមបញ្ចូលច្បាប់ស្តីពីថវិការដ្ឋ និងច្បាប់ស្តីពីការវិនិយោគសាធារណៈ ឬដើម្បីកាត់បន្ថយនីតិវិធីប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺដើម្បីបង្កើតយន្តការគ្រប់គ្រងធនធានសាធារណៈដែលមានលក្ខណៈឯកភាព បត់បែន និងកំណត់យ៉ាងច្បាស់លាស់នូវការទទួលខុសត្រូវ ខណៈពេលដែលរក្សាបាននូវវិន័យថវិកា។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សមាជិកសភានៃទីក្រុងហាយហ្វុង បានចាត់ទុកថា៖

“តាមពិតទៅ យើងទាំងអស់គ្នាប្រើប្រាស់ថវិការដ្ឋ។ ដូច្នេះហើយ មិនចាំបាច់មានច្បាប់ពីរទេ។ ច្បាប់ទាំងពីរនេះគួរតែត្រូវបានបញ្ចូលគ្នា។ នេះជាការងារសមស្របទាំងស្រុង។ បច្ចុប្បន្ននេះ យើងមានផែនការហិរញ្ញវត្ថុរយៈពេល ៥ ឆ្នាំ និងផែនការកម្មវិធីវិនិយោគសាធារណៈរយៈពេលមធ្យម ៥ ឆ្នាំ។ ទាំងអស់នេះគឺជាការចំណាយពីថវិការដ្ឋ ដូច្នេះការរួមបញ្ចូលគ្នាគឺចាំបាច់ដើម្បីដោះស្រាយបញ្ហាដែលត្រួតស៊ីគ្នា និងសម្រួលនីតិវិធី”។

ទាក់ទងនឹងគោលជំហររួមបញ្ចូលកម្មវិធីគោលដៅជាតិចំនួន ៤ ទៅជាកម្មវិធីតែមួយ មតិជាច្រើនបានស្នើថា ការរួមបញ្ចូលមិនត្រូវកាត់បន្ថយគោលដៅ កម្រិតអាទិភាព ឬសិទ្ធិនិងផលប្រយោជន៍របស់ក្រុមគោលដៅ និងតំបន់ដែលជួបការលំបាកនោះទេ។ សមាជិកាសភា លោកស្រីឡេ គីមអាញ បានលើកមតិថា៖ “អនុវត្តន៍ការគ្រប់គ្រងតាមគោលការណ៍ "មុខសញ្ញាមួយ សំណុំឯកសារមួយ គោលនយោបាយសមស្របច្រើន" ដែលជួយរកឃើញការត្រួតស៊ីគ្នា និងជៀសវាងការរំលងមុខសញ្ញា និងជួយសម្របសម្រួលធនធានតាមតម្រូវការជាក់ស្តែង។ ដើម្បីធានាបាននូវការចូលរួមពិតប្រាកដពីប្រជាជន ប្រជាជនមិនត្រឹមតែគួរចូលរួមក្នុងការឃ្លាំមើលប៉ុណ្ណោះទេ ថែមទាំងក្នុងការកំណត់តម្រូវការ ការជ្រើសរើសអាទិភាព និងការវាយតម្លៃលទ្ធផលទៀតផង។ ជាពិសេស ត្រូវមានយន្តការដើម្បីធានាថា សំឡេងរបស់ស្ត្រី ជនក្រីក្រ ជនជាតិភាគតិច ជនពិការ និងក្រុមងាយរងគ្រោះផ្សេងទៀត ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងដំណើរការតាក់តែងនិងអនុវត្តន៍គោលនយោបាយ”៕


top