ម្ហូបអាហារ

ការផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារវៀតណាមនៅកម្ពុជា

នៅពេល​ថ្មីៗ នេះ ព្រឹត្តិការណ៍ផ្សព្វផ្សាយម្ហូបអាហារវៀតណាម ត្រូវបានរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា សហការជាមួយភោជនីយដ្ឋានង៉ន (Ngon) ដើម្បីអបអរសាទរទិវាវប្បធម៌វៀតណាម នៅថ្ងៃទី ២៤ ខែវិច្ឆិកា និងទិវាមហាសាមគ្គីជនជាតិទាំងមូលនៅថ្ងៃទី ១៨ ខែវិច្ឆិកា។

ការណែនាំអំពីដំណើរការនៃហ្វឺវៀតណាម នៅភោជនីយដ្ឋានង៉ុន ក្នុងរាជធានីភ្នំពេញ (ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦)។ រូបថត៖ VNA

ថ្លែងសុន្ទរកថាក្នុងពិធីបើកនៃព្រឹត្តិការណ៍នេះ លោក ឯកអគ្គរដ្ឋទូត ង្វៀន មិញ វូ (Nguyen Minh Vu) បានគូសបញ្ជាក់ពីសារៈសំខាន់នៃទិវាវប្បធម៌វៀតណាម។ លោកបានមានប្រសាសន៍ថា រួមជាមួយការិយាល័យតំណាង វៀតណាមទូទាំងពិភពលោក ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានរៀបចំកម្មវិធី "ទិវាហ្វឺ" ដើម្បីលើកតម្កើងវប្បធម៌ម្ហូបវៀតណាម។ លោកឯកអគ្គរដ្ឋទូតបានសម្តែងជំនឿរបស់លោកថា ព្រឹត្តិការណ៍នេះ រួមជាមួយនឹងសកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកម្ពុជា ក្នុងឆ្នាំ ២០២៦ នឹងបន្តរួមចំណែកដល់ការបង្កើនការយល់ដឹង ការផ្លាស់ប្តូរវប្បធម៌ និងពង្រឹងបន្ថែមទៀតនូវសាមគ្គីភាព និងចំណងមិត្តភាពជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ។

អតិថិជនយ៉ាងច្រើនកុះករ កំពុងរីករាយហូបហ្វឺវៀតណាម នៅភោជនីយដ្ឋាន ង៉ន ក្នុងរាជធានីភ្នំពេញ ។ រូបថត៖ VNA

លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា លោកស្រីធ្លាប់បានហូបហ្វឺវៀតណាមពីមុនហើយ។ កម្ពុជា និង​វៀតណាម មានព្រំដែនគោកជាប់គ្នា និងចែករំលែកទន្លេមេគង្គរួមគ្នា ដូច្នេះ ទំនាក់ទំនងជិតស្និទ្ធ និងការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក ប្រជាជនកម្ពុជាកាន់តែច្រើន កំពុងស្គាល់ហ្វឺវៀតណាម។  លោកស្រីមើលឃើញយថា ព្រឹត្តិការណ៍ថ្ងៃនេះមានអត្ថន័យខ្លាំងណាស់៖ វាមិនត្រឹមតែណែនាំវប្បធម៌វៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីសេចក្តីស្រឡាញ់ ការតភ្ជាប់ និងការចែករំលែកទំនៀមទម្លាប់ និងប្រពៃណីផងដែរ។ តាមរយៈឱកាសនេះ ប្រជាជននៃប្រទេសទាំងពីរនឹងយល់គ្នាទៅវិញទៅមកកាន់តែច្បាស់។

ដោយមាន​ការសម្របសម្រួល និងកិច្ចខិតខំប្រឹងប្រែងពីស្ថានទូត សមាគមអាជីវកម្ម​វៀតណាម-កម្ពុជា និងសមាគម​ខ្មែរ-វៀតណាម ​ភោជនីយដ្ឋាន​ម្ហូបអាហារវៀតណាមជាច្រើន ក្នុងរាជធានីភ្នំពេញ បានចូលរួមយ៉ាងសកម្ម ក្នុងព្រឹត្តិការណ៍នេះតាមរយៈកម្មវិធីផ្សព្វផ្សាយ និងប្រូម៉ូសិន​ដ៏ទាក់ទាញ។ សកម្មភាពនេះរួមចំណែកដល់ការផ្សព្វផ្សាយម្ហូបអាហារ និងវប្បធម៌វៀតណាមដល់មិត្តភក្តិកម្ពុជា និងអន្តរជាតិ​។

ភ្ញៀវកម្ពុជាបានសម្តែងការកោតសរសើរចំពោះរសជាហ្វឺវៀតណាម។ រូបថត៖ VNA

មុននោះ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នៅទីក្រុងព្រះសីហនុ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានសហការជាមួយភោជនីយដ្ឋាន Special Combo Pho រៀបចំព្រឹត្តិការណ៍ «ទិវាហ្វឺ» ក្នុងឱកាសអបអរសាទរទិវាវប្បធម៌វៀតណាម (ថ្ងៃទី២៤ ខែវិច្ឆិកា)។

នេះជាលើកដំបូងហើយដែលព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅទីក្រុងព្រះសីហនុ ដើម្បីរួមចំណែកផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារវៀតណាមឱ្យកាន់តែខិតជិតប្រជាជន និងមិត្តភក្តិកម្ពុជាថែមទៀត។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក ង្វៀន ទ្រុង ហៀវ (Nguyen Trung Hieu) អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានសង្កត់ធ្ងន់ថា ហ្វឺមិនត្រឹមតែជាម្ហូបប្រពៃណីដែលមានប្រវត្តិយូរលង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបដ៏លេចធ្លោនៃវប្បធម៌ម្ហូបអាហារវៀតណាម ដែលកាន់តែទទួលបានការស្គាល់ និងការស្រឡាញ់ពីមិត្តភក្តិអន្តរជាតិផងដែរ។

តាមរយៈសកម្មភាពនេះ ស្ថានអគ្គកុងស៊ុលមានបំណងរួមចំណែកពង្រឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន បង្កើនចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជាតិទាំងពីរ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងកម្ពុជា ជាពិសេសរវាងខេត្តព្រះសីហនុ និងមូលដ្ឋាននានារបស់វៀតណាម។

ហ្វឺវៀតណាម។ រូបថត៖ VNP 

ព្រឹត្តិការណ៍នេះមិនត្រឹមតែរួមចំណែកផ្សព្វផ្សាយរូបភាពប្រទេសជាតិ ប្រជាជន និងវប្បធម៌វៀតណាមនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអត្ថន័យជាក់ស្តែង ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងឆ្ពោះទៅកាន់ការប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៧)។


ព្រឹត្តិការណ៍ «ទិវាហ្វឺ» នៅទីក្រុងព្រះសីហនុ បានរួមចំណែកបង្កើតស្ពានមួយនៃការផ្លាស់ប្តូរវប្បធម៌ ព្រមទាំងជួយពង្រឹងចំណងមិត្តភាព ការយោគយល់គ្នា និងភាពស្និទ្ធស្នាលរវាងប្រជាជននៃប្រទេសវៀតណាម និងកម្ពុជា៕

top