ព័ត៌មាន

ការប្រកួត “បេតិកភណ្ឌក្នុងក្រសែភ្នែករបស់ខ្ញុំ”៖ លើកតម្កើងវិចិត្រករកុមារដែលមានទេពកោសល្យ

ជាមួយនឹងប្រធានបទ “បេតិកភណ្ឌក្នុងក្រសែភ្នែករបស់ខ្ញុំ” ស្នាដៃទាំងនេះ បានបង្ហាញពីទស្សនៈដ៏បរិសុទ្ធ ច្នៃប្រឌិត ប៉ុន្តែពោរពេញដោយអារម្មណ៍របស់ជំនាន់វ័យក្មេង អំពីបេតិកភណ្ឌវៀតណាម។

គណៈកម្មការរៀបចំការប្រកួតបានប្រកាសនិងផ្តល់រង្វាន់ផ្លូវការចំនួន ៧​ ដល់បេក្ខជនឆ្នើមៗ។ (រូបថត៖ VOV)

នៅរសៀលថ្ងៃទី១០ ខែឧសភា នៅទីក្រុងហាណូយ ការប្រកួត “បេតិកភណ្ឌក្នុងក្រសែភ្នែករបស់ខ្ញុំ” ដែលរៀបចំដោយមជ្ឈមណ្ឌលសកម្មភាពវប្បធម៌វិទ្យាសាស្ត្រ Van Mieu - Quoc Tu Giám សហការជាមួយរោងសិល្បៈ Art Tree និងសាលាវិទ្យាសាស្ត្រអន្តរផ្នែកនិងសិល្បៈ - សាកលវិទ្យាល័យជាតិហាណូយ បានប្រគល់រង្វាន់ដល់ស្នាដៃឆ្នើមបំផុត។ ក្រោយពីការចាប់ផ្ដើមរយៈពេលជាង ១ ខែ ការប្រកួតនេះបានទទួលស្នាដៃគំនូរចំនួន ៤០០ ពីកុមារ និងក្មេងជំទង់ដែលមានអាយុពី ៤ ទៅ ១៥ ឆ្នាំមកពីប្រទេសវៀតណាម និងនៅបរទេស។

ជាមួយនឹងប្រធានបទ “បេតិកភណ្ឌក្នុងក្រសែភ្នែករបស់ខ្ញុំ” ស្នាដៃទាំងនេះ បានបង្ហាញពីទស្សនៈដ៏បរិសុទ្ធ ច្នៃប្រឌិត ប៉ុន្តែពោរពេញដោយអារម្មណ៍របស់ជំនាន់វ័យក្មេង អំពីបេតិកភណ្ឌវៀតណាម។ ស្នាដៃនីមួយៗគឺជារឿងរ៉ាវពិសេសមួយ ដែលឆ្លុះបញ្ចាំងពីសេចក្តីស្នេហាជាតិ មោទនភាពជាតិ និងការយកចិត្តទុកដាក់របស់ជំនាន់វ័យក្មេងក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌វៀតណាម។ ប្អូន បាវ ឡឹម សិស្សម្នាក់មកពីអនុវិទ្យាល័យ Tran Quy Cap ទីក្រុងដាណាំង ដែលបានឈ្នះរង្វាន់ក្នុងការប្រកួត បាននិយាយថា៖

"ស្នាដៃរបស់ខ្ញុំមានចំណងជើងថា 'របាំបេតិកភណ្ឌ'។ ខ្ញុំបានគូររូបនារីវ័យក្មេង ដែលកំពុងសម្តែងរបាំចាមប៉ា ជាមួយនឹងស្ថាបត្យកម្មដ៏អស្ចារ្យនៅផ្ទៃខាងក្រោយ។ ការបំផុសគំនិតរបស់ខ្ញុំបានមកពីតំបន់បេតិកភណ្ឌពីរគឺ តំបន់ប្រាសាទ My Son និងទីក្រុងបុរាណ Hoi An។ ខ្ញុំចង់បង្ហាញសារថា៖ បេតិកភណ្ឌគឺជាមោទនភាពនៃប្រទេសជាតិ ហើយសិស្សគ្រប់រូបគួរតែស្រឡាញ់និងមានមោទនភាព ដើម្បីឱ្យបេតិកភណ្ឌភ្លឺចែងចាំងជានិច្ចនាពេលអនាគត"៕


top