លទ្ធផលបោះឆ្នោតបឋម ដែលធ្វើបច្ចុប្បន្នភាពដោយគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោតកម្ពុជា (គ.ជ.ប) និងចងក្រងពីលទ្ធផលរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោតនីមួយៗ និងមណ្ឌលបោះឆ្នោតចំនួន ២៥ នៅទូទាំងប្រទេស បង្ហាញថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន ប្រាកដជាឈ្នះច្រើន លើសលប់ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ដែលធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដា។
នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន នៅការិយាល័យបោះឆ្នោត (រូបថត៖ VOV)
គិតត្រឹមម៉ោង២២ យប់ថ្ងៃទី២៣ ខែកក្កដា
ឆ្នាំ២០២៣ ជាមួយនឹងការរាប់សន្លឹកឆ្នោតបានជាង ៨០%
គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង ៨៣,២% ដោយឡែកនៅក្នុងរាជធានីភ្នំពេញ លទ្ធផលបឋមរបស់ គ.ជ.ប បង្ហាញថា
គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង ៨៤% ដោយហេតុនេះ ទទួលបានអាសនៈសភា ១១/១២
នៃរាជធានី។ ប្រការនេះមានន័យថា លោក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី
សម្តេចហ៊ុន សែន ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា
និងជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងបញ្ជីបេក្ខជនគណបក្សប្រជាជនកម្ពុជាទាំង១២រូប
ដែលឈរឈ្មោះបោះឆ្នោតនៅរាជធានីភ្នំពេញ
ស្ទើរតែនឹងក្លាយជាសមាជិករដ្ឋសភាអាណត្តិក្រោយពិតប្រកដ។
សូមគូសបញ្ជាក់ថា
កាលពីថ្ងៃទី២៣ ខែកក្កដា អ្នកបោះឆ្នោតកម្ពុជាជាង ៨.២លាននាក់
បានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ស្មើនឹង ៨៤.៥៨%
នៃចំនួនអ្នកបោះឆ្នោតសរុបជាង ៩.៧១០.០០០នាក់។ យោងតាមសេចក្តីប្រកាសរបស់ គ.ជ.ប
បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧
បានប្រព្រឹត្តទៅដោយរលូន។លទ្ធផលបឋមនៃការបោះឆ្នោតនឹងបន្តបាន គ.ជ.ប ប្រកាសចាប់ពីម៉ោង
៨ ព្រឹកនេះតាមប្រព័ន្ធផ្សព្វផ្សាយ។ លទ្ធផលផ្លូវការគ្រោងនឹងប្រកាសនៅចន្លោះថ្ងៃទី ៩
ខែសីហាដល់ថ្ងៃទី ៤ ខែកញ្ញា៕