កាលពីរសៀលថ្ងៃទី ២៥ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) គណៈកម្មាធិការជាតិអំពីកុមារបានរៀបចំសន្និសីទទូទាំងប្រទេសដើម្បីអនុវត្តន៍ភារកិច្ចទាក់ទងនឹងកិច្ចការកុមារក្នុងរយៈពេលខាងមុខ។
លោកស្រីឧបនាយករដ្ឋមន្ត្រី ផាម ធីថាញ់ត្រា អញ្ជើញជាអធិបតីក្នុងសន្និសីទទូទាំងប្រទេសដើម្បីអនុវត្តន៍ភារកិច្ចទាក់ទងនឹងកិច្ចការកុមារក្នុងរយៈពេលខាងមុខ។ រូបថត៖ Hà Thảo/VOV
អញ្ជើញជាអធិបតីក្នុងសន្និសីទ លោកស្រីឧបនាយករដ្ឋមន្ត្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិអំពីកុមារបានអះអាងថា ការការពារ ថែទាំ និងអប់រំកុមារគឺជាគោលជំហរដ៏សំខាន់មួយដែលបក្ស និងរដ្ឋយកចិត្តទុកដាក់ជាពិសេស។ រហូតមកដល់បច្ចុប្បន្ន ប្រព័ន្ធស្ថាប័ន និងគោលនយោបាយទាក់ទងនឹងការការពារ និងថែទាំកុមារត្រូវបានបង្ហើយជាស្ថាពរ ហើយប្រទេសវៀតណាមទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងប្រទេសជាច្រើននៅលើពិភពលោកទាក់ទងនឹងសិទ្ធិកុមារ ដោយបង្កើតឱកាស និងលក្ខខណ្ឌល្អបំផុតសម្រាប់ការអភិវឌ្ឍរបស់កុមារផងដែរ។
ដោយតំរង់ទិសសម្រាប់កិច្ចការកុមារក្នុងរយៈពេលខាងមុខ លោកស្រីឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ត្រូវកំណត់ការការពារកុមារជាភារកិច្ចអាទិភាពមួយនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍មនុស្សរបស់វៀតណាម។ ដូច្នេះ មូលដ្ឋាននានាត្រូវតែបញ្ចូលគោលដៅនិងសូចនាករទាក់ទងនឹងកុមារទៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រចាំឆ្នាំ ដោយចាត់ទុកនេះជាអាទិភាពចម្បង។ លោកស្រីឧបនាយករដ្ឋមន្ត្រីបានតម្រូវឲ្យកសាង «ខែល» ដើម្បីការពារកុមារពីគ្រួសារ សាលារៀន និងសហគមន៍ ព្រមទាំងកាត់បន្ថយហានិភ័យជាអតិបរមានៃការរំលោភបំពាន របួស និងគ្រោះថ្នាក់ផ្សេងៗទៀតចំពោះកុមារ។
ទាក់ទងនឹងបរិយាកាសអនឡាញ លោកស្រីឧបនាយករដ្ឋមន្ត្រី ផាម ធីថាញ់ត្រា បានតម្រូវឱ្យបង្កើនវិធានការដើម្បីការពារ និងគាំទ្រកុមារ ព្រមទាំងផ្លាស់ប្ដូរយ៉ាងខ្លាំងនូវការងារផ្សព្វផ្សាយ និងការអប់រំបំណិនចិញ្ចឹមកូនក្នុងយុគសម័យថ្មី និងបំណិនការពារខ្លួនឯងសម្រាប់កុមារក្នុងគ្រប់ស្ថានភាព។ លោកស្រីឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ត្រូវផ្ដល់អ្វីៗគ្រប់បែបយ៉ាងដ៏ល្អបំផុតសម្រាប់កុមារ ហើយស្រឡាញ់ ការពារ និងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារ៕
បច្ចុប្បន្នប្រទេសវៀតណាមមានកុមារប្រមាណ ២៥ លាននាក់ ដែលស្មើនឹង ១/៤ នៃចំនួនប្រជាជនសរុបរបស់ប្រទេស។
ក្នុងរយៈពេលកន្លងមក សិទ្ធិជាមូលដ្ឋានរបស់កុមារត្រូវបានធានានៅកម្រិតខ្ពស់បំផុត៖ កុមារអាយុក្រោម ៥ ឆ្នាំជិត ១០០% ត្រូវបានចុះឈ្មោះនៅពេលកើត; កុមារអាយុក្រោម ១ ឆ្នាំ ចំនួន ៩៧% បានទទួលការចាក់វ៉ាក់សាំងគ្រប់គ្រាន់; កុមារអាយុក្រោម ៦ ឆ្នាំ ១០០% ត្រូវបានផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ។
ក្នុងវិស័យអប់រំ អត្រាកុមារចូលរៀនសាលាបឋមសិក្សានៅអាយុសមស្រប បានឈានដល់ ៩៩,៧%។ រដ្ឋបានអនុវត្តការលើកលែងថ្លៃសិក្សាសម្រាប់សិស្សចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់វិទ្យាល័យ ព្រមទាំងបានអនុវត្តការសាងសង់សាលាចំណេះទូទៅជនជាតិភាគតិចអន្តរកម្រិតចំនួន ២៤៨ កន្លែងនៅតាមតំបន់ព្រំដែនផងដែរ។