នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) រដ្ឋាភិបាលបានបើកសម័យប្រជុំស្តីពីការកសាងច្បាប់សម្រាប់ខែកុម្ភៈ ឆ្នាំ ២០២៦។
ទិដ្ឋភាពនៃសម័យប្រជុំ។ រូបថត៖ VOV
សមាជិករដ្ឋាភិបាលបានផ្ទៀងស្តាប់បទបង្ហាញសង្ខេប របាយការណ៍បកស្រាយ បញ្ចូលមតិយោបល់ ព្រមទាំងពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់មួយចំនួនដូចជា៖ សេចក្តីព្រាងច្បាប់ស្តីពីរដ្ឋធានី (ធ្វើវិសោធនកម្ម) សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន (ធ្វើវិសោធនកម្ម) សេចក្តីព្រាងច្បាប់ស្តីពីជំនឿ និងសាសនា...។
អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ស្ថាប័ននានាត្រូវតែដឹកនាំផ្លូវ ដោយមានគោលបំណងលុបបំបាត់ចំណុចកក់ស្ទះ និងដោះស្រាយបញ្ហាដែលកំពុងកើតឡើងក្នុងការអនុវត្ត ដោយប្រែក្លាយស្ថាប័ននានាទៅជាគុណសម្បត្តិប្រកួតប្រជែងជាតិ។ សេចក្តីសម្រេចថ្មីៗ នៃមហាសន្និបាតរបស់បក្សទាំងអស់សុទ្ធតែបានកំណត់ថា៖ ការកសាង និងសុក្រិតរបៀបរបបជាលក្ខណៈទម្លុះទម្លាយយុទ្ធសាស្ត្រមួយ ក្នុងចំណោមយុទ្ធសាស្ត្រទាំងបីនៃការអភិវឌ្ឍប្រទេសយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ ដូច្នេះ នៅក្នុងដំណើរការតាក់តែងច្បាប់ ត្រូវមានការអនុវត្តន៍ជាក់ស្តែងរាល់គោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស; លុបបំបាត់ចំណុចកក់ស្ទះ និងការលំបាកកើតចេញពីការអនុវត្តជាក់ស្តែង។ ក្នុងពេលជាមួយគ្នានេះ ចាំបាច់ត្រូវពិនិត្យ និងកាត់បន្ថយបែបបទរដ្ឋបាល កាត់បន្ថយការរអាក់រអួល និងកាត់បន្ថយការចំណាយលើការអនុលោមភាពសម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា នៅក្នុងសម័យប្រជុំលើកទីមួយនៃរដ្ឋសភានីតិកាលទី១៦ រដ្ឋាភិបាលគ្រោងនឹងដាក់ជូនរដ្ឋសភាសម្រាប់អនុម័តលើឯកសារ ចំនួន ៣៤ ក្នុងនោះមានសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចំនួន ១៥ ដែលភាគច្រើនមានការលំបាក ស្មុគស្មាញ និងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម។ ដូច្នេះ ភ្នាក់ងាររៀបចំសេចក្តីព្រាងត្រូវបញ្ចូលមតិយោបល់របស់សមាជិករដ្ឋាភិបាល ហើយក្នុងពេលជាមួយគ្នានេះ ត្រូវស្វែងរកមតិយោបល់ពីអ្នកជំនាញ អ្នកដែលរងផលប៉ះពាល់ដោយច្បាប់ ក៏ដូចជាបទពិសោធន៍អន្តរជាតិពាក់ព័ន្ធនឹងប្រទេសវៀតណាម ដើម្បីសុក្រិតរាល់សេចក្តីព្រាងសម្រាប់ដាក់ជូនអាជ្ញាធរមានសមត្ថកិច្ច៕