ការស្វែងយល់

កសិដ្ឋានសេះហ្គ័រយូវ - ទីដែលក្ដីសុបិនក្លាយជាការពិត

នៅ​ចំកណ្ដាលជនបទស្ងប់ស្ងាត់នៃតំបន់ហ្គ័រយូវ​ (ខេត្តតីនិញ) រំពង​ឮសំឡេងជើងសេះលាយឡំនឹង​សំឡេង​សំណើច​​ក្អាកក្អាយនៃ​ក្មេងៗ។ ទីនោះ គឺជា​កសិដ្ឋានសេះរបស់លោក ភុង ជីដៃ (Phung Chi Dai)... 

នៅ​ចំកណ្ដាលជនបទស្ងប់ស្ងាត់នៃតំបន់ហ្គ័រយូវ​ (ខេត្តតីនិញ) រំពង​ឮសំឡេងជើងសេះលាយឡំនឹង​សំឡេង​សំណើច​​ក្អាកក្អាយនៃ​ក្មេងៗ។ ទីនោះ គឺជា​កសិដ្ឋានសេះរបស់លោក ភុង ជីដៃ (Phung Chi Dai) លេចឡើងដូចជា​ចំណុចពិសេស​រស់រវើក​នៅកណ្តាល​វាលស្រែ ជា​ទី​កន្លែងដែលក្ដីសុបិន​វ័យកុមារត្រូវបានបំពេញ​ និង​ក្ដីស្រឡាញ់ចំពោះសេះត្រូវបាន​ថែរក្សាដោយ​​ចំណង់ចំណូលអស់ពី​ដួង​ចិត្ត។

លំហ​ពិសេស​នៅ​ភូមិផឿក​ប៊ិញ​អា ឃុំផឿក​ថាញ​ ទីកន្លែង​ល្បី​សំឡេងជើងសេះលាយឡំជាមួយសំណើចរបស់ក្មេងៗ។
លោក ភុង ជីដៃ ជាមួយមិត្តរួមដំណើររបស់គាត់។

តាំងពីក្មេង លោកដៃបានលង់ស្នេហ៍មកលើសេះ ហើយមាន​បំណង​បង្កើត​កសិដ្ឋានមួយ - ជាផ្ទះសម្រាប់សត្វដែលគាត់ស្រឡាញ់ ព្រមទាំងបង្កើតបរិយាកាសជិតស្និទ្ធសម្រាប់កុមារ ដើម្បីទទួលបទពិសោធន៍បែប​ធម្មជាតិ។ ឥឡូវនេះ កសិដ្ឋាននៅភូមិភឿកបិញអា ឃុំភឿកថាញ់ គឺជាការពិតនៃមហិច្ឆតានោះ។ មិនត្រឹមតែជាកន្លែងសម្រាកកាយចុងសប្តាហ៍​ប៉ុណ្ណោះទេ ទីនេះនៅជា​បេសកកម្មរក្សា "ភ្លើង" សម្រាប់កីឡាប្រណាំងសេះវៀតណាម ជាសម្រស់វប្បធម៌ដែលកំពុងរសាត់បន្តិចម្តងៗ។

កសិដ្ឋានសេះរបស់លោក ភុង ជីដៃ ជាកន្លែងបណ្តុះក្តីសង្ឃឹម ដើម្បីឱ្យសេះដែលមានប្រភពមក​ពីកាដូ នៃ​មហាក្សត្រីអង់គ្លេស អាចបោះជំហានលើទីលានប្រណាំងអាជីពឡើងវិញ។
ការងារថែទាំនិងហ្វឹកហាត់​សេះ ទាមទារភាពអត់ធ្មត់ ភាពស្អិតរមួត និងការទុកចិត្តគ្នារវាងមនុស្សនិងសេះ។
 
បទដ្ឋាន​ថែទាំសេះនៅកសិដ្ឋាន​បាន​អនុវត្តយ៉ាងល្អិតល្អន់។ សេះមានតម្លៃ​នីមួយៗសុទ្ធ​តែមាន​ទ្រុងផ្ទាល់ខ្លួន រួមជាមួយឈ្មោះហៅជាទី​ស្រឡាញ់។

លោកដៃបានចំណាយពេលជាច្រើនឆ្នាំ ដើម្បីប្រមូល និងថែរក្សាពូជសេះកម្រ ក្នុងនោះមានពូជសេះ ដែលធ្លាប់ជាអំណោយមកពីគ្រួសាររាជវង្សអង់គ្លេស កាលពីប៉ុន្មានទសវត្សរ៍​មុន។ ចំពោះគាត់ សេះទាំងនោះគឺជា "កំណប់ទ្រព្យមានជីវិត" ជាបេតិកភណ្ឌត្រូ​វការ​អភិរក្ស និងបង្កាត់ពូជ ដើម្បីឱ្យថ្ងៃណាមួយ រូបភាពសេះវៀតណាមអាចរត់បង្កាច់ជើង នៅលើទីលានប្រណាំងអាជីពឡើងវិញ។

មកដល់កសិដ្ឋាន ភ្ញៀវទេសចរ ពិសេសគឺកុមារតូចៗ មិនត្រឹមតែអាចជិះសេះ ឬថតរូបប៉ុណ្ណោះទេ ថែមទាំងបាន​រៀនពីរបៀបធ្វើអន្តរកម្ម ថែទាំ និងយល់អំ​ពីសត្វនេះផងដែរ​។ រូបភាពក្មេងតូចម្នាក់ ស្ទាក់ស្ទើរក្នុងការឱ្យសេះស៊ី ឬក្មេងស្រីតូចម្នាក់អង្គុយយ៉ាងក្លាហាន នៅលើកែបសេះជាលើកដំបូង បង្ហាញពីតម្លៃមនុស្សធម៌យ៉ាងជ្រាលជ្រៅ៖ មនោសញ្ចេតនា​ចំពោះធម្មជាតិ និងការយល់ចិត្តគ្នា រវាងមនុស្ស និងសព្វសត្វ​ទាំងពួង។

 

 
រូបភាពគ្រូបង្វឹកជិះសេះដើរល្បាប់ បង្ហាញពីភាពស្អិតរមួត និងលើកស្ទួយសម្រស់ដ៏រឹងមាំរបស់សេះមានតម្លៃ​ទាំងនេះ។
 

នៅពីក្រោយទេសភាពស្ងប់ស្ងាត់ គឺជា​ការ​ខិតខំប្រឹងប្រែង​ស្ងៀមស្ងាត់ជាច្រើន។ ទោះបីជាការរក្សាកសិដ្ឋាននេះត្រូវបង់ខាតជាច្រើន​ក៏ដោយ ក៏លោកដៃនៅតែបន្តតាម​ចំណង់ចំណូលចិត្តរបស់គាត់ដោយខ្ជាប់ខ្ជួន​ យកក្ដីស្រឡាញ់ធ្វើ​ជាប្រភពនៃកម្លាំង។

 

ចាកចេញពីកសិដ្ឋាន អ្វីដែលនៅសេសសល់ក្នុងចិត្តរបស់មនុស្សគ្រប់រូប មិនត្រឹមតែជារូបភាពសេះដែលមានសុខភាពល្អប៉ុណ្ណោះទេ នៅទាំង​ជារឿងរ៉ាវអំពីយុវជនម្នាក់ដែលបានរស់នៅពេញលេញជាមួយក្ដីសុបិន ចង់ចូលរួមចំណែកថែរក្សាសម្រស់វប្បធម៌នៃជនបទវៀតណាម ដែល​ជាទីមនោរម្យ​ ធម្មជាតិ និងមនុស្សម្នា​បានរួមរស់ជាមួយគ្នា ក្នុងជំ​នោររលក​ជីវិតដ៏សុខសាន្ត​មួយនេះ​៕

អត្ថបទនិងរូបថត៖ ង្វៀន​ឡឹន/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


top