សេចក្តីសម្រេចចិត្តលេខ 72-NQ/TW របស់ការិយាល័យនយោបាយ បានដាក់មូលដ្ឋានគ្រឹះ សម្រាប់ដំណើរការផ្លាស់ប្តូរថ្មី ដោយគ្រប់ជ្រុងជ្រោយនូវប្រព័ន្ធសុខាភិបាល។
លើកកម្ពស់សុខភាពសហគមន៍ កំពុងជាអាទិភាពមួយក្នុងចំណោមនៃការអភិវឌ្ឍ របស់ប្រទេសវៀតណាម។ សេចក្តីសម្រេចចិត្តលេខ72-NQ/TW របស់ការិយាល័យនយោបាយ បានដាក់មូលដ្ឋានគ្រឹះ សម្រាប់ដំណើរការផ្លាស់ប្តូរថ្មី ដោយគ្រប់ជ្រុងជ្រោយនូវប្រព័ន្ធសុខាភិបាល ឆ្ពោះទៅរកគោលដៅថែរក្សាសុខភាពកាន់តែប្រសើរ ជូនប្រជាជនគ្រប់រូប។
៤០ឆ្នាំបន្ទាប់ពីបន្លាស់ប្តូរថ្មី ប្រព័ន្ធសុខាភិបាលវៀតណាម ទទួលបានសមិទ្ធិផលជាច្រើន បានសហគមន៍អន្តរជាតិទទួលស្គាល់។ បណ្តាញសុខាភិបាលគ្របដណ្តប់យ៉ាងទូលំទូលាយ ពីទីក្រុងរហូតដល់តំបន់ដាច់ស្រយាល។ អាយុកាលមធ្យមរបស់ប្រជាជន បានកើនឡើងឥតឈប់ឈរ (កម្រិត ៧៤,៥ឆ្នាំ នៅឆ្នាំ២០២៤)។ តួលេខជាច្រើន អំពីសុខភាពមាតា កុមារ និងបង្ការជំងឺរាតត្បាត ទទួលបានលទ្ធផលជាវិជ្ជមាន។ បច្ចុប្បន្ន មន្ទីរពេទ្យធំៗរបស់វៀតណាម បានគ្រប់គ្រងបច្ចេកទេសឯកទេសជាច្រើនដូចជា ការផ្សាំសរីរាង្គ ការវះកាត់ដោយមនុស្សយន្ត (Robot) អន្តរាគមន៍សរសៃឈាមបេះដូង ការបណ្តុះកោសិកាដើម និងការផលិតវ៉ាក់សាំងសំខាន់ៗមួយចំនួន។
ប៉ុន្តែ ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ក៏បានដាក់ចេញនូវតម្រូវការថ្មីៗជាច្រើនផងដែរ។ វៀតណាម កំពុងស្ថិតក្នុងក្រុមប្រទេស ដែលមានអត្រាប្រជាជនចាស់ជរាលឿន ខណៈដែលជំងឺរ៉ាំរ៉ៃដូចជា ជំងឺបេះដូង ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងវិបត្តិសុខភាពផ្លូវចិត្ត កំពុងតែក្លាយជាបញ្ហាទូទៅ។ ទន្ទឹមនឹងនោះ ស្ថានភាពផ្ទុកលើសចំណុះ នៅមន្ទីរពេទ្យថ្នាក់លើមួយចំនួន គម្លាតគុណភាពសេវាកម្ម រវាងតំបន់ និងតម្រូវការនៃបន្លាស់ប្តូរឌីជីថល តម្រូវឱ្យមានដំណោះស្រាយជាលក្ខណៈរបកគំហើញ។
ខេត្តនិញប៊ិញ (Ninh Bình) អនុវត្តការពិនិត្យសុខភាពតាមកាលកំណត់ និងធ្វើតេស្តជម្រើស ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ។ រូបថត៖ VNA
កម្លាំងសុខាភិបាលឃុំវ៉ឹនហូ (Van Ho) (ខេត្តសឺនឡា
- Son
La) ផ្តល់វ៉ាក់សាំងរ៉ូតា (Rota) ដល់កុមារជនជាតិម៉ុង
(Mong)
ក្នុងកម្មវិធីពង្រីកការចាក់ថ្នាំបង្ការកម្រិតជាតិ។ រូបថត៖ វៀតគឿង/VNP
គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រៀបចំពិធីមិទ្ទិញ ក្រោមប្រធានបទ "ម្ចាស់ការក្នុងការការពារជំងឺ -
ដើម្បីប្រទេសវៀតណាមមួយ ដែលមានសុខភាពល្អ"។ នេះគឺជាព្រឹត្តិការណ៍បើកឆាកក្នុងបណ្តាសកម្មភាពនានា
ដើម្បីធានាប្រជាពលរដ្ឋគ្រប់រូប ទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព សមធម៌
ទាន់ពេលវេលា និងនិរន្តរភាព ដោយមិនទុកនរណាម្នាក់ចោលនៅពីក្រោយឡើយ ក្នុងដំណើរនៃការថែទាំសុខភាព។
រូបថត៖ VNA
ក្នុងបរិបទនោះ សេចក្តីសម្រេចចិត្តលេខ 72-NQ/TW បានកំណត់ការផ្លាស់ប្តូរផ្នត់គំនិតគឺជាមូលដ្ឋានគ្រឹះនៃដំណើរការកំណែទម្រង់។ ជំនួសឱ្យការផ្តោតតែលើការព្យាបាលជំងឺ ប្រព័ន្ធសុខាភិបាល នឹងប្តូរយ៉ាងខ្លាំងទៅរកការថែទាំសុខភាពទូលំទូលាយ ដោយយកការការពារជំងឺ ការលើកកម្ពស់កាយសម្បទា និងការរកឃើញជំងឺទាន់ពេលវេលាជាសំខាន់។ នេះបានចាត់ទុកថាជាវិធីសាស្ត្រជួយកាត់បន្ថយបន្ទុកចំណាយលើការថែទាំសុខភាព ព្រមទាំងលើកកម្ពស់គុណភាពជីវិត របស់ប្រជាជនផងដែរ។
ទស្សនៈនេះ បានលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ តូឡឹម បានសង្កត់ធ្ងន់ជាច្រើន លើកច្រើនសារថា វិស័យសុខាភិបាល មិនត្រឹមតែព្យាបាលជំងឺប៉ុណ្ណោះទេ តែអ្វីដែលសំខាន់ជាងនោះ គឺការថែរក្សាសុខភាព ដើម្បីកាត់បន្ថយជំងឺ។ យោងតាមប្រសាសន៍របស់លោក វិស័យសុខាភិបាលចាំបាច់ ត្រូវកសាងយុទ្ធសាស្ត្ររួម ស្តីពីសុខភាពសហគមន៍ បង្កើនវេជ្ជសាស្ត្របម្រុង លើកទឹកចិត្តរបៀបរស់នៅប្រកបដោយផាសុខភាព ការពិនិត្យសុខភាពជាប្រចាំ និងការរកឃើញជំងឺទាន់ពេលវេលា តាមរយៈនោះ រួមចំណែកក្នុងការបង្កើនអាយុកាល និងគុណភាពធនធានមនុស្ស។
មន្ទីរពេទ្យ FV ទីក្រុងហូជីមិញ ធ្វើការវះកាត់ដោយមនុស្សយន្ត FV Da Vinci ក្នុងវិស័យជាច្រើន
ដូចជា មហារីកសួត ដុំសាច់នៅទ្រូង ដុំសាច់ក្រពេញទីមុស ការវះកាត់បំពង់អាហារ
សល្យសាស្ត្រប្រព័ន្ធរំលាយអាហារ - ថ្លើម - ប្រមាត់ - លំពែង ក្រពេញប្រូស្តាត។ល។
រូបថត៖ ឌិញហាំង/VNA
ចំណុចលេចធ្លោដ៏សំខាន់មួយ នៃសេចក្តីសម្រេចចិត្តលេខ72 គឺជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល ក្នុងវិស័យសុខាភិបាល។ វៀតណាមកំណត់គោលដៅជំរុញការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ទិន្នន័យធំ (Big Data) អ៊ីនធឺណិតនៃអ្វីៗគ្រប់យ៉ាង (IoT) និងសំណុំបែបបទសុខភាពអេឡិចត្រូនិក ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង ជំនួយការវិនិច្ឆ័យជំងឺ និងពង្រីកលទ្ធភាពទទួលបានសេវាកម្មសុខាភិបាលគុណភាពខ្ពស់។ វេទិកាពិនិត្យ និងព្យាបាលជំងឺពីចម្ងាយ (Telemedicine) ក៏នឹងបន្តបានអភិវឌ្ឍ ដើម្បីជួយប្រជាជននៅតំបន់ដាច់ស្រយាល និងកោះ មានឱកាសចូលកៀកអ្នកជំនាញ នៅមន្ទីរពេទ្យមជ្ឈិម ដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ។
ការផលិតវ៉ាក់សាំងនៅរោងចក្រផលិត របស់មជ្ឈមណ្ឌលស្រាវជ្រាវ ផលិតវ៉ាក់សាំង និងជីវផលិតផលវេជ្ជសាស្ត្រ។ រូបថត៖ វៀតគឿង/VNP
ទន្ទឹមនឹងបរិវត្តកម្មឌីជីថល វៀតណាមក៏ផ្តល់អាទិភាពលើការវិនិយោគសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍថ្នាំ វ៉ាក់សាំង ផលិតផលជីវសាស្ត្រ និងឧបករណ៍វេជ្ជសាស្ត្រ ដោយឆ្ពោះទៅរកការលើកកម្ពស់សមត្ថភាពស្វ័យភាព និងធានាសន្តិសុខសុខាភិបាលជាតិ។ ទិសដៅទាំងនេះ បានរំពឹងថានឹងបង្កើតមូលដ្ឋានគ្រឹះ សម្រាប់ប្រព័ន្ធសុខាភិបាលទំនើប ដែលមានសមត្ថភាពបន្សាំទៅនឹងបញ្ហាប្រឈមថ្មីៗ នាពេលអនាគត។
ជាមួយនឹងទិសដៅកំណែទម្រង់ដ៏ទូលំទូលាយ សេចក្តីសម្រេចចិត្តលេខ 72-NQ/TW មិនត្រឹមតែបង្កើតកម្លាំងជំរុញថ្មី សម្រាប់ការផ្លាស់ប្តូរនៅក្នុងវិស័យសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការកសាងសង្គមដែលមានសុខភាពល្អ ទីដែលប្រជាជនគ្រប់រូបអាចទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងសមធម៌កាន់តែខ្លាំង។ នេះក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីលើកកម្ពស់គុណភាពជីវិត និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ ក្នុងប៉ុន្មានឆ្នាំខាងមុខនេះផងដែរ៕
អត្ថបទ៖ ថាញ់ហ្វា - រូបថត៖ វៀតគឿង / VNP VNA