វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការបញ្ចប់កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោម។ សមិទ្ធិផលសម្រេចបានបន្ទាប់ពីរយៈពេល ៩ ខែក្រោយពីលោកនាយករដ្ឋមន្ត្រីបំផុសការអនុវត្ត (ខែតុលា ឆ្នាំ ២០២៤ បានបង្ហាញថា នេះមិនត្រឹមតែជាកម្មវិធីសកម្មភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញជាក់ស្តែងបំផុតនៃគំនិត “មិនទុកនរណាម្នាក់ចោលនៅពីក្រោយឡើយ” ដែលជាការបញ្ជាក់អំពីស្មារតី “អភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន” ដែលត្រូវបានបក្សនិងរដ្ឋវៀតណាមអនុវត្តយ៉ាងខ្ជាប់ខ្ជួន។
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិម ដើម្បីអនុវត្តការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមទូទាំងប្រទេស (រូបថត៖ Lai Hoa/VOV)
កាលពីខែមីនាឆ្នាំមុន នៅទូទាំងប្រទេសមានប្រជាជនប្រមាណ ៣០០.០០០ គ្រួសារ ដែលកំពុងរស់នៅក្នុងផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោម ហើយគ្រួសារជាច្រើន គ្មានកន្លែងស្នាក់ផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា៖ ឆ្នាំ ២០២៥ គឺជាឆ្នាំប្រារព្ធខួបលើកទី ៩៥ នៃការបង្កើតបក្ស ខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ ខួបលើកទី ៨០ នៃការបង្កើតប្រទេសជាតិ ហើយមិនអាចទុកឱ្យប្រជាជនគ្មានទីស្នាក់នៅ ឬរស់នៅក្នុងផ្ទះបណ្តោះអាសន្ន និងផ្ទះ ទ្រុឌទ្រោមឡើយ។
តួរលេខគួរឱ្យចាប់អារម្មណ៍
យោងតាមរបាយការណ៍របស់ក្រសួងជនជាតិនិងសាសនា ស្ថាប័នអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិម ទទួលបន្ទុកការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម គិតត្រឹមថ្ងៃទី ៨ ខែកក្កដានេះ មូលដ្ឋាន ១៨/៣៤ បានបញ្ចប់ការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោម (សម្រេចបាន ៥២,៩%)។ ទីក្រុង គ្រោងនឹងប្រកាសពីការបញ្ចប់គោលដៅនៅថ្ងៃទី ១៨ ខែកក្កដា ដែលនាំឱ្យចំនួនមូលដ្ឋានសរុប ដែលបានបង្ហើយរួចជាស្រេចការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោម ឡើងដល់ ១៩/៣៤។
យោងតាមទិន្នន័យពីរបាយការណ៍របស់មូលដ្ឋាន បានធ្វើបច្ចុប្បន្នភាពរហូតដល់ថ្ងៃទី ១៧ ខែកក្កដានេះ ប្រទេសទាំងមូលបានឧបត្ថម្ភដល់ការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោមបានជិត ២៦៥ ពាន់ខ្នង (សម្រេចបានជាង ៨៤%)។
ក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការដឹកនាំមជ្ឈិមទទួលបន្ទុកអនុវត្តន៍ការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោម នាថ្ងៃទី ៩ កក្កដា នៅទីក្រុងហាណូយ បានកំណត់ពេលវេលាជាក់ស្តែងសម្រាប់ប្រទេសទាំងមូល ក្នុងការបង្ហើយរួចជាស្រេចកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន។ ពោលគឺមុនថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៥៖ ត្រូវផ្តល់ផ្ទះសម្បែងពេញលេញសម្រាប់គ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងអ្នកមានគុណូបការៈ។ មុនថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥៖ បង្ហើយរួចជាស្រេចទាំង ១០០% នៃផ្ទះបណ្ដោះអាសន្នដែលនៅសេសសល់ និងផ្ទះទ្រុឌទ្រោមទូទាំងប្រទេស ក្នុងឱកាសខួបលើកទី ៨០ នៃទិវាបុណ្យជាតិ។
នេះគឺជាពេលវេលាជាក់ស្តែងមួយ មានលក្ខណៈអំពាវនាវថ្នាក់ជាតិ ត្រូវបានកំណត់សម្រាប់គោលនយោបាយសន្តិសុខសង្គម។ គួរកត់សម្គាល់ថា គោល ដៅដើមគឺរហូតដល់ឆ្នាំ ២០៣០ ត្រូវបញ្ចប់កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម ប៉ុន្តែឥឡូវនេះកម្មវិធី បានកាត់បន្ថយត្រឹម ៥ ឆ្នាំ ដោយបង្ហាញពីការតាំងចិត្តខ្ពស់ និងស្មារតី “ធ្វើអ្វីដែលត្រូវធ្វើភ្លាមៗ ដោយមិនបង្អង់ទុកយូរ”។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងថា៖ “យើងដឹកនាំការកាត់បន្ថយពេលវេលានេះគឺមានអត្ថន័យ។ ពីព្រោះថ្ងៃទី ២ ខែកញ្ញាគឺជាខួបលើកទី ៨០ នៃទិវាបុណ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ យើងមិនចង់ឱ្យនរណាម្នាក់ស្នាក់នៅផ្ទះបណ្តោះអាសន្នឬផ្ទះទ្រុឌទ្រោមទៀតទេ។ នេះជាគោលនយោបាយបង្កប់ដោយលក្ខណៈមនុស្សសាស្ត្ររបស់បក្សនិងរដ្ឋ។ អគ្គលេខាបក្ស លោក តូ ឡឹមបានបញ្ជាណែនាំអនុវត្តន៍ការងារនេះយ៉ាងយកចិត្តទុកដាក់។ ហេតុដូច្នេះ ការបង្ហើយការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមឲ្យបានមុនថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥ គឺជាការខិតខំប្រឹងប្រែងដ៏ធំរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល”។
បក្សគ្មានគោលដៅអ្វីផ្សេងទៀត ក្រៅពីនាំមកនូវជីវភាពសម្បូរធូរធារ និងសុភមង្គលជូនប្រជាជននោះទេ
បក្ស និងរដ្ឋវៀតណាមបានអះអាងម្តងហើយម្តងទៀតថា គ្មានគោល ដៅណាផ្សេងក្រៅពីការពារឯករាជ្យ អធិបតេយ្យភាពរបស់ប្រទេសជាតិ និងនាំមកនូវសុភមង្គល និងភាពសម្បូរធូធារជូនដល់ប្រជាជន។ សេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៤២ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ របស់គណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣ ស្តីពីការបន្តការច្នៃប្រឌិត និងលើកកំពស់គុណភាពនៃគោលនយោបាយសង្គម ដើម្បីឆ្លើយតបនឹងតម្រូវការនៃការកសាងនិងការពារជាតិក្នុងដំណាក់កាលថ្មី ក៏បានកំណត់គោលដៅដល់ឆ្នាំ ២០៣០ “លុបបំបាត់ទាំងស្រុងនូវផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម សម្រាប់គ្រួសារក្រីក្រ គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិនិងការប្រែប្រូលអាកាសធាតុ”។
កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម បានអនុវត្តន៍ជាក់ស្តែង នូវគោលនយោបាយរបស់បក្ស និងគោលការណ៍ណែនាំរបស់រដ្ឋ ដោយគំនិតថា “យកប្រជាជនជាឫសគល់”; “បក្សគ្មានគោលបំណងអ្វីក្រៅតែពីនាំមកនូវជីវភាពសម្បូរធូរធារ និងសុភមង្គលជូនដល់ប្រជាជន”; អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមត្រូវតែផ្សារភ្ជាប់ជាមួយនឹងការធានានូវភាពយុត្តិធម៌ វឌ្ឍនភាព និងសន្តិសុខសង្គម; មិនលះបង់វឌ្ឍនភាពនិងយុត្តិធម៌សង្គម ដើម្បីបន្តកំណើនសេដ្ឋកិច្ចសុទ្ធសាធនោះទេ។
កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមនាពេលកន្លងមក នេះ បានបង្ហាញពីលទ្ធផលជាក់ស្តែងក្នុងទម្រង់ជាដំបូលផ្ទះថ្មីសម្រាប់ ជនក្រីក្រ និងការជឿទុកចិត្តរបស់ប្រជាជនចំពោះបក្សនិងរដ្ឋ។ ប្រការនេះក៏បង្ហាញផងដែរថា កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះឌទ្រោម មិន មែនជាគោលនយោបាយសាមញ្ញប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធនាការរួមដំណើរនិងជាបេសកកម្មរបស់សង្គមទាំងមូលទៀតផង។
នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ នៅពេលដែលប្រទេសទាំងមូល ប្រារព្ធខួបលើកទី ៨០ នៃទិវាបុណ្យជាតិ ប្រជាជនមិនត្រឹមតែបានឃើញទង់ជាតិ បក់ រវិកៗ គ្រប់ទីកន្លែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឃើញផ្ទះថ្មី និងធំទូលាយរាប់សែនខ្នង រួមជាមួយនឹងភាពសប្បាយរីករាយរបស់ជនក្រីក្រនៅគ្រប់តំបន់នៃប្រទេសជាតិទៀតផង។ ទាំងនេះជាដំបូលផ្ទះ ដែលបានសាងសង់ឡើងពីការស្រុះចិត្តគំនិតនិងសេចក្តីប្រាថ្នារបស់បក្សនិងរដ្ឋ ដែលមិនទុកនរណាម្នាក់ចោលនៅពីក្រោយឡើយ៕