នៅពេលនិយាយដល់ប្រទេសកម្ពុជាម្ដងៗ ភ្ញៀវទេសចរភាគច្រើនតែងតែគិតពីប្រទេសមួយនៃវត្តអារ៉ាមនិងប្រាសាទ ជាមួយនឹងនិមិត្តរូបដ៏លេចធ្លោគឺប្រាសាទអង្គរ។ លើសពីនេះ កម្ពុជាក៏មានឆ្នេរសមុទ្រប្រវែងជិត ៥០០ គីឡូម៉ែត្រ តាមបណ្តោយឈូងសមុទ្រថៃ ដែលមានឆ្នេរនិងកោះដ៏ស្រស់ស្អាតជាច្រើនទៀតផង។ នាពេលកន្លងមក ទេសចរណ៍ពីសមុទ្រនិងកោះ បានរួមចំណែកជួយផ្នែកទេសចរណ៍កម្ពុជារីកចម្រើន លើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ យោងតាមមជ្ឈដ្ឋានអ្នកជំនាញ ការបង្កើនការតភ្ជាប់ និងការធ្វើពិពិធកម្មផលិតផលទេសចរណ៍សមុទ្រ ដើម្បីទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាម កំពុងត្រូវបានប្រទេសកម្ពុជាយកចិត្តទុកដាក់ និងជំរុញយ៉ាងខ្លាំង។
ឆ្នេរសមុទ្រកែបទាក់ទាញភ្ញៀវទេសចរជាច្រើន។ (រូបថត៖ VOV Phnom Penh)
យោងតាមការស្ថិតិរបស់ក្រសួងទេសចរណ៍កម្ពុជា នៅឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា សម្រេចបានជាង ៥,៤ លាននាក់ កើនឡើង ១៣៩,៥% បើធៀបនឹងឆ្នាំ២០២២។ វៀតណាមបន្តជាប្រទេសដែលមានចំនួន ភ្ញៀវមកកម្ពុជាច្រើនជាងគេទីពីរ (បន្ទាប់ពីប្រទេសថៃ) ដោយមានចំនួនភ្ញៀវទេសចរជាង ១លាននាក់។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថា ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើនឡើងៗ រាជរដ្ឋាភិបាលបានអនុវត្តន៍នូវដំណោះស្រាយជាច្រើន រួមទាំងការទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាមតាមផ្លូវសមុទ្រ ដូចជា៖ ការត្រៀមរៀបចំបើកខ្សែផ្លូវទឹកអន្តរជាតិសម្រាប់ភ្ញៀវទេសចរ ដែលធ្វើដំណើររវាងកោះទន្សាយ (ខេត្តកែប) និងកោះ Phu Quoc របស់វៀតណាម ឬការកសាងកំពង់ផែសមុទ្រពហុបំណងក្នុងខេត្តកំពត។ ល។
ដោយមានទីតាំងភូមិសាស្រ្តអំណោយផល ដែលជាប្រទេសជិតខាងទាំងពីរ មានលក្ខណៈស្រដៀងគ្នាជាច្រើនខាងវប្បធម៌ ទំនៀមទម្លាប់ របៀបរស់នៅ ហើយប្រជាជននៃប្រទេសទាំងពីរមានទំនាក់ទំនងដ៏ល្អប្រសើរ ដូច្នេះហើយចំនួនភ្ញៀវទេសចរទ្វេភាគីរវាងវៀតណាមនិងកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័សនាពេលថ្មីៗនេះ។ ក្នុងចំណោមប្រទេសដែលមានភ្ញៀវទេសចរទៅកាន់កម្ពុជា វៀតណាមតែងតែស្ថិតនៅជួរមុខ។ ផ្ទុយទៅវិញ ភ្ញៀវទេសចរកម្ពុជាមក វៀតណាមក៏មានកំណើនជាវិជ្ជមានពីមួយឆ្នាំទៅមួយឆ្នាំផងដែរ (ក្នុងឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរកម្ពុជាមកវៀតណាមមានចំនួន ១៤ម៉ឺននាក់ ហើយបានកើនឡើងដល់ជាង ៤០ម៉ឺននាក់ (២៨៥%) នៅឆ្នាំ២០២៣)។ អ្នកស្រី Nguyen Thi Thanh Thuy ភ្ញៀវទេសចរមកពីទីក្រុងហូជីមិញបានចែករំលែកថា៖
“ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះម្ហូបអាហាររបស់កម្ពុជា ហើយទំនៀមទំលាប់វប្បធម៌ខាងវិញ្ញាណ នៅទីនេះក៏មានលក្ខណៈខុសគ្នាជាច្រើនបើធៀបនឹងវៀតណាមដែរ។ ជាឧទាហរណ៍ វត្តទាំងអស់គឺខុសពីវត្តវៀតណាមពីខាងក្រៅទៅខាងក្នុង។ ឆ្នេរសមុទ្រកម្ពុជាមិនមានមនុស្សច្រើនពេកដូចនៅវៀតណាមទេ ទឹកសមុទ្រថ្លា កន្លែងសម្រាកក៏ត្រជាក់ស្រួល... ជាទូទៅអ្វីៗគ្រប់យ៉ាងគឺស្រួលណាស់។ ការធ្វើដំណើរក៏មានភាពងាយស្រួល មិនពិបាកដែរ”។
ដោយវាយតម្លៃពីកិច្ចសហប្រតិបត្តិការទេសចរណ៍សមុទ្ររវាងវៀតណាមនិងកម្ពុជា លោក Jesse McCaul ទីប្រឹក្សាម្នាក់នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍនិងគ្រប់គ្រងឆ្នេរសមុទ្រកម្ពុជា បានសម្តែងនូវសុទិដ្ឋិនិយមចំពោះយថាទស្សន៍នៃការតភ្ជាប់ទេសចរណ៍សមុទ្ររវាងប្រទេសទាំងពីរ អាស្រ័យដោយទីតាំងភូមិសាស្ត្រជិតគ្នា និងការបំពេញបែបបទប្រកបដោយភាពងាយស្រួល ក្នុងនោះមានគម្រោងតភ្ជាប់សាឡាងដោយផ្ទាល់រវាងកោះ Phu Quoc របស់វៀតណាម និងខេត្តជាប់មាត់សមុទ្ររបស់កម្ពុជានាពេលខាងមុខ ដោយចំណាយពេលធ្វើដំណើរតែចន្លោះពី ២០-៣០ នាទីប៉ុណ្ណោះ។
“ប្រហែលជា មនុស្សជាច្រើនបានទៅទស្សនានៅទូទាំងប្រទេសវៀតណាម ហើយគេចង់សាកពិសោធន៍ប្រទេសជិតខាងដ៏រាក់ទាក់នោះគឺកម្ពុជា ដោយមានកោះ តំបន់ទីក្រុង មជ្ឈមណ្ឌលទិញទំនិញ រមណីយដ្ឋាន អាហារគ្រប់ប្រភេទ ហើយជាពិសេសប្រជាជនមានភាពរួសរាយរាក់ទាក់ណាស់។ ការធ្វើដំណើរទៅកាន់ខេត្តជិតខាង ក៏មានភាពងាយស្រួលផងដែរ។ សូម្បីទៅភ្នំពេញត្រូវចំណាយពេលតែ ២ ម៉ោងប៉ុណ្ណោះ”។
ក្នុងនាមជាមនុស្សដែលមានបទពិសោធន៍ធ្វើដំណើរទេសចរណ៍នៅទាំងប្រទេសវៀតណាម និងកម្ពុជា លោក Rafael និងអ្នកស្រី Lucy មកពីប្រទេសបារាំងបានចែករំលែកថា៖
“នេះជាលើកដំបូងដែលខ្ញុំមកកម្ពុជា។ ខ្ញុំពេញចិត្តណាស់ ប្រទេសដ៏ស្រស់ស្អាត មានវត្ត ប្រាសាទច្រើន សកម្មភាពទេសចរណ៍ក៏ច្រើនដែរ។ អារម្មណ៍ទូទៅរបស់ខ្ញុំក្នុងអំឡុងពេល ២ សប្ដាហ៍នៅទីនេះ គឺពេញចិត្តមែនទែន។ មនុស្សគ្រប់គ្នានៅទីនេះធ្វើឱ្យយើងមានអារម្មណ៍ដូចនៅផ្ទះអញ្ចឹង។ ខ្ញុំពិតជាចង់ទទួលបទពិសោធន៍ធ្វើដំណើរតាមកប៉ាល់។ ប្រាកដណាស់ថា ប្រសិនបើមានការតភ្ជាប់តាមផ្លូវសមុទ្ររវាងកម្ពុជា និងវៀតណាម ខ្ញុំនឹងត្រៀមខ្លួនជាស្រេចសាកល្បង”។
“នៅពេលយើងនិយាយអំពីប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ដូចជាប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាម យើងនឹងឃើញអត្តសញ្ញាណដ៏លេចធ្លោដែលខុសប្លែកពីប្រទេសដទៃទៀត។ ពិតណាស់ថា មានភាពស្រដៀងគ្នាមួយចំនួនរវាងប្រទេសទាំងនេះ ប៉ុន្តែក៏មានភាពខុសគ្នាជាច្រើនផងដែរ ដើម្បីឲ្យយើងអាចស្វែងយល់ ជាពិសេសនៅក្នុងម្ហូប មនុស្ស របៀបរស់នៅ និងការប្រាស្រ័យទាក់ទងគ្នា។ ចំពោះការតភ្ជាប់តាមផ្លូវសមុទ្រ បើមាន វាពិតជាល្អណាស់ ដោយផ្តល់ជម្រើសជាច្រើនដល់ភ្ញៀវទេសចរ ពេលធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយទៀត”។
ដោយមានការយកចិត្តទុកដាក់និងជួយសម្រួលដល់ការអភិវឌ្ឍទេសចរណ៍ជាមួយនឹងគោលនយោបាយជាក់លាក់ដូចជា៖ ការកែលម្អគុណភាពសេវាកម្ម ការធ្វើពិពិធកម្មមធ្យោបាយដឹកជញ្ជូន បង្កើតលក្ខខណ្ឌងាយស្រួលដល់ការចេញចូលប្រទេសសម្រាប់ភ្ញៀវទេសចរ… ប្រាកដណាស់ថា ចំនួនភ្ញៀវទេសចរពីវៀតណាមមកកម្ពុជានឹងកាន់តែកើនឡើង។ តាមនោះ រួមចំណែកជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៥,៦ លាននាក់នៅឆ្នាំនេះ និងឈានដល់កម្រិត ៧ លាននាក់នៅឆ្នាំ ២០២៥ លើសពីកម្រិត៦,៦ លាននាក់ដែលសម្រេចបានក្នុងឆ្នាំ ២០១៩ មុនពេលផ្ទុះជំងឺកូវីដ-១៩។