ម្ហូបអាហារ

កង្កែបដុតបំពង់ឬស្សី - រសជាតិនៃតំបន់ព្រៃភ្នំភាគពាយ័ព្យ

ភាគពាយ័ព្យ ជាព្រៃភ្នំមហិរមា និងមានភូមិលាក់ខ្លួនក្នុងពពក មិនត្រឹមតែល្បីល្បាញដោយសារទេសភាពដ៏គួរអោយទាក់ទាញប៉ុណ្ណោះទេ ថែមទាំងមានមុខម្ហូបប្លែកៗ ...

ភាគពាយ័ព្យ ជាព្រៃភ្នំមហិរមា និងមានភូមិលាក់ខ្លួនក្នុងពពក មិនត្រឹមតែល្បីល្បាញដោយសារទេសភាពដ៏គួរអោយទាក់ទាញប៉ុណ្ណោះទេ ថែមទាំងមានមុខម្ហូបប្លែកៗ ដែលពោរពេញទៅដោយអត្តសញ្ញាណផងដែរ។ ក្នុង​ចំណោម​មុខ​ម្ហូប​ពិសេស​របស់​តំបន់ភ្នំខ្ពស់ កង្កែប​ដុត​​បំពង់​ឬស្សី​គួរ​តែ​លើក​ឡើង​មុន​គេ។ ម្ហូបនេះមិនត្រឹមតែជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងបានបង្កប់នូវរឿងរ៉ាវអំពីជីវិត វប្បធម៌ និងប្រជាជននៃភូមិភាគពាយ័ព្យទៀតផង។

 

សាច់​កង្កែប​សម្បូរ​ប្រូតេអ៊ីន និង​ល្អ​សម្រាប់​សុខភាព​មនុស្ស​ ពេល​កែច្នៃ​តាម​បែប​ប្រពៃណី​របស់ប្រជាជននៃ​ភូមិភាគ​ពាយ័ព្យ វា​បាន​ក្លាយ​ជា​ម្ហូប​ពិសេស។ សាច់កង្កែបឆ្ងាញ់ រួមផ្សំជាមួយគ្រឿងទេសពិសេស​នៃតំបន់​ភ្នំពាយ័ព្យដូចជា ម្រេចព្រៃ (វៀតណាម​ហៅ​ថា​ម៉ាក់ខែន (mac khen)) ម្ទេស ទំពាង និងបន្លែមួយ​ចំនួនប្រភេទទៀតនឹងបង្កើតមុខម្ហូបមួយដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ និងមិនអាចបំភ្លេចបានឡើយ។

សាច់​កង្កែប​ស្រស់​លាង​សម្អាត​ បកស្បែក​ចេញ​ ហើយ​ហាន់ជា​ដុំៗ រួច​ប្រឡាក់​ជាមួយម្រេច (គ្រឿង​ទេស​ពិសេសមួយ​ប្រភេទនៃតំបន់​ពាយ័ព្យ) អំបិល ទំពាំង និង​ជីរគ្រប់មុខហាន់តូចៗ។ សាច់​កង្កែប​ប្រឡាក់គ្រឿងទេស ទុក​មួយ​ភ្លេត ​រួច​ដាក់​ចូល​ក្នុង​បំពង់​ឬស្សី ​បិទមាត់បំពង់​ដោយ​ស្លឹក​ចេក​យ៉ាង​តឹង​។ ដុតបំពង់ឬស្សីលើធ្យូង រហូតដល់បំពង់ឡើងពណ៌ត្នោតមាស ដើម្បីឱ្យសាច់កង្កែបខាងក្នុងឆ្អិនទន់។


សាច់​កង្កែប​ស្វិតនិង​ឆ្ងាញ់ ជ្រាបគ្រឿង​ទេស រួម​ផ្សំ​នឹង​ក្លិន​ពិសេស​របស់​បំពង់ឬស្សី ដែលបង្កើត​រសជាតិ​មិន​អាច​បំភ្លេច​បាន។

កង្កែបដុតបំពង់ឬស្សី គឺជាមុខម្ហូបប្រពៃណីរបស់ប្រជាជននៃភាគពាយ័ព្យ ដែលបាន​បន្តវេនជាច្រើនជំនាន់។ មុខម្ហូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងជីវិតប្រចាំថ្ងៃ ជាពិសេសក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណី បុណ្យទាន។ ការប្រើបំពង់ឬស្សីដើម្បីដុតកង្កែបបង្ហាញពីភាពប៉ិនប្រសប់ និងភាពច្នៃប្រឌិតរបស់ប្រជាជន ក្នុងការឆ្លៀតយក ​និង​ប្រើប្រាស់វត្ថុធាតុ​ដើម​ដែលមានស្រាប់ក្នុងធម្មជាតិ។ បំពង់ឬស្សី មិនត្រឹមតែជាឧបករណ៍ធ្វើម្ហូបប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យភាពសាមញ្ញនៃជីវភាពប្រចាំថ្ងៃនៅតំបន់ជនបទផងដែរ។ ម្ហូបនេះរួមផ្សំនឹងគ្រឿង​ផ្សំស្រស់ៗរបស់​តំបន់ព្រៃភ្នំភាគពាយ័ព្យ​ ដូចជា កង្កែប គ្រឿងទេស និងបន្លែព្រៃ។ វិធីកែច្នៃគឺសាមញ្ញ ប៉ុន្តែនាំមកនូវរសជាតិឆ្ងាញ់ពិសេស ដែលបង្ហាញពីសោភណ្ឌភាពនៃមុខម្ហូបរបស់ប្រជាជននៅទីនេះ។


កង្កែបដុតក្នុងបំពង់ឬស្សី មិនត្រឹមតែជាមុខម្ហូបប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជានិមិត្តសញ្ញាវប្បធម៌របស់ប្រជាជនភាគពាយ័ព្យផងដែរ។ លើសពីនេះ កង្កែប​ដុត​បំពង់​ឬស្សីបបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុង​ជីវភាពខាងស្មារតីរបស់ប្រជាជននៅទីនេះ។ ប្រសិនបើអ្នកមានឱកាសមកកាន់ភាគពាយ័ព្យ កុំភ្លេចពិសាម្ហូបពិសេសនេះ ដើម្បីទទួលអារម្មណ៍យ៉ាងពេញលេញនូវភាពស្រស់ស្អាតនៃទឹកដី និងប្រជាជននៅទីនេះ។

អត្ថបទ៖ ថាវវី រូបថត៖ ត្រឹន​ថាញ​យ៉ាង/ កាសែតរូបភាពវៀតណាម

ប្រែសម្រួលដោយង្វៀន​យ៉ាង


top