09/09/2020 14:41 GMT+7 Email Print Like 0

2WAIPA អនុម័តលើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្តីពីតួនាទីរបស់សមាជិកសភាជាស្ត្រីក្នុងការធានាការងារនិងប្រាក់ចំណូលដល់និយោជិតជាស្ត្រី


តំណាងសភានៃបណ្តាប្រទេសដែលចូលរួមកិច្ចប្រជុំគណៈកម្មាធិការសភាជាស្ត្រី (WAIPA) (រូបថត៖ TTXVN)
 

ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតលើកទី ៤១ នៃក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA ៤១) នៅរសៀលថ្ងៃទី ៨ ខែកញ្ញា កិច្ចប្រជុំគណៈកម្មាធិការសភាជាស្ត្រី (WAIPA) ត្រូវបានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ បានពិភាក្សាអំពីតួនាទីរបស់សមាជិកសភាជាស្ត្រីក្នុងការធានាការងារនិងប្រាក់ចំណូលដល់កម្មការិនី ជាពិសេសក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩។
 
យោងតាមតំណាងដែលចូលរួមក្នុងកិច្ចប្រជុំនេះថា ការងារនិងប្រាក់ចំណូលសម្រាប់កម្មករនិយោជិតជាស្ត្រី គឺតែងតែទាក់ទាញចំណាប់អារម្មណ៍របស់ AIPA ក៏ដូចជាសមាជិកសភាជាស្ត្រីរបស់ AIPA ពីព្រោះថា តំបន់អាស៊ានមានប្រជាជន ចំនួន ៦០០ លាននាក់ ក្នុងនោះមានស្ត្រីជាង ៣០០ លាននាក់។

នាប៉ុន្មានឆ្នាំថ្មីៗនេះ តំបន់អាស៊ានបានប្រឹងប្រែងជាច្រើន ដើម្បីធានាសមភាពយេនឌ័រ។ ទន្ទឹមជាមួយគ្នានោះ ឯកសារនិងសេចក្តីថ្លែងការណ៍ជាច្រើនក៏ត្រូវបាននាំចេញ ហើយតំបន់ទាំងមូល ក៏សម្រេចបានវឌ្ឍភាពគួរឲ្យកត់សម្គាល់ ប៉ុន្តែនៅតែមានចំណុចខ្វះខាតនិងការងារជាច្រើនដែលត្រូវធ្វើដែរ។ យ៉ាងណាមិញ ជំងឺរាតត្បាត កូវីដ ១៩ បានធ្វើឱ្យវិសមភាពកាន់តែធ្ងន់ធ្ងរឡើង ដែលទាមទារឱ្យមានការប្តេជ្ញាចិត្តកាន់តែខ្លាំងពីសមាជិកសភាជាស្ត្រី ដើម្បីជំរុញឱ្យមានការដោះស្រាយបញ្ហាទាំងនេះនៅថ្នាក់ជាតិនិងថ្នាក់តំបន់។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ តំណាងគណៈប្រតិភូសមាជិកសភាជាស្ត្រីម៉ាឡេស៊ីបានបញ្ជាក់ថា៖ “យើងទាំងអស់គ្នា ត្រូវដើរតួនាទីសំខាន់ជាងនេះក្នុងបណ្តាបញ្ហាពាក់ព័ន្ធនឹងការធានាសុវត្ថិភាពការងារនិងប្រាក់ចំណូលរបស់កម្មករនិយោជិតជាស្ត្រី។ សមាជិកសភាជាស្ត្រីរបស់ AIPA គួរតែធ្វើជាអ្នកត្រួយត្រាយផ្លូវក្នុងការអនុវត្តវិធានការទាំងនេះ ដើម្បីកុំអោយមាននរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយ រួមទាំងបំពេញនូវគោលនយោបាយការងារសម្រាប់និយោជិតជាស្ត្រី ដោយបើកឱកាសជាច្រើនឲ្យនិយោជិតជាស្រ្តីអាចសិក្សានិងធ្វើការផងដែរ។ យ៉ាងណាមិញ យើងប្តេជ្ញាគាំទ្ររាល់វិធានការទាំងអស់ ដើម្បីធានាបាននូវការងារនិងប្រាក់ចំណូលសម្រាប់កម្មករនិយោជិតជាស្ត្រី”។

នៅក្នុងកិច្ចប្រជុំ តំណាងចូលរួមបានអនុម័តលើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តរួម ស្តីពីតួនាទីរបស់សមាជិកសភាជាស្ត្រីក្នុងការធានាការងារនិងប្រាក់ចំណូលដល់និយោជិតជាស្ត្រី។ សេចក្តីសម្រេចចិត្តនេះសំដៅទៅលើការទទួលខុសត្រូវនិងអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន ក៏ដូចជា ការទទួលខុសត្រូវរបស់សមាជិកសភា ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការអនុវត្តមុខងាររបស់ស្ថាប័ននីតិបញ្ញត្តិ ដែលជាស្ថាប័នតំណាងឱ្យប្រជាជន៕

តាម​ VOV5 -​ វិទ្យុសំឡេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ