21/09/2021 23:23 GMT+7 Email Print Like 0

លោកប្រធាន Miguel Diaz-Canel៖ គុយបាមិននៅឯកោទេអាស្រ័យដោយមានចំណងសាមគ្គីភាពរបស់វៀតណាម

លោកប្រធាន Miguel Díaz-Canel បានសង្កត់ធ្ងន់ថា៖ ប្រជាជនវៀតណាមវីរភាពតែងតែស្ថិតនៅក្នុងចំណោមមិត្តស្មោះត្រង់បំផុតរបស់គុយបាក្នុងកាលៈទេសៈលំបាកបំផុត។

លោកប្រធានគុយបា Miguel Diaz-Canel  (រូបថត៖ AFP/TTXVN)



“យើងខ្ញុំតែងតែមានអារម្មណ៍ថា យើងខ្ញុំមិនឯកោទេអាស្រ័យដោយមានចំណងសាមគ្គីភាពរបស់វៀតណាម” នេះជាការបញ្ជាក់របស់លេខាទី ១ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបា Miguel Díaz-Canel នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបារបស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc។  លោកប្រធាន Miguel Díaz-Canel បានសង្កត់ធ្ងន់ថា៖ ប្រជាជនវៀតណាមវីរភាពតែងតែស្ថិតនៅក្នុងចំណោមមិត្តស្មោះត្រង់បំផុតរបស់គុយបាក្នុងកាលៈទេសៈលំបាកបំផុត។ គុយបាសូមថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់វៀតណាមចំពោះការតស៊ូរបស់គុយបាទាមទារដកការឡោមព័ទ្ធនិងបទហ៊ុំព័ទ្ធសេដ្ឋកិច្ចពាណិជ្ជកម្មនិងហិរញ្ញវត្ថុដ៏អយត្តិធម៌ដែលសហរដ្ឋអាមេរិកបណ្តុកបណ្តាក់លើគុយបា។

លោក Miguel Díaz-Canel បានលើកឡើងថា ជំងឺរាតត្បាតកូវីដ -១៩ មិនអាចរារាំងកិច្ចសន្ទនានយោបាយកម្រិតខ្ពស់បំផុតរវាងគុយបានិងវៀតណាមបានទេ។ មេដឹកនាំកំពូលនៃប្រទេសទាំងពីរនឹងបន្តផ្តល់ការយកចិត្តទុកដាក់ផ្ទាល់ខ្លួននិងអាទិភាពអតិបរមាចំពោះទំនាក់ទំនងជាគំរូរវាងប្រទេសទាំងពីរ។ ហើយគុយបានឹងបន្តបង្កើតបរិយាកាសធុរកិច្ចអំណោយផលសម្រាប់អង្គភាពអាជីវកម្ម វៀតណាមដែលកំពុងប្រតិបត្តិការនៅគុយបា។

ក្នុងឱកាសនេះលោកប្រធាន Miguel Díaz-Canel  ក៏បានផ្ញើសារទៅកាន់ប្រជាជនវៀតណាមផងដែរថា៖ ប្រសិនបើជាមួយលោកប្រធាន Fidel គុយបាបានសម្តែងឆន្ទៈរបស់ខ្លួនក្នុងការបរិច្ចាគឈាមស្រស់របស់ខ្លួនសម្រាប់ប្រទេសវៀតណាម គឺថ្ងៃនេះយើងខ្ញុំក៏ត្រៀមខ្លួនផ្តល់ជូននិងផ្ទេរបច្ចេក វិទ្យាផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ ដល់ប្រជាជនវៀតណាម។ នៅចំពោះមុខរាល់បញ្ហាប្រឈមជាសកល គុយបានិងវៀតណាមនឹងព្រួតដៃគ្នា សាមគ្គីគ្នា ហើយប្រាកដជាឈ្នះជាពុំខាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ