12/01/2015 11:00 GMT+7 Email Print Like 0

១០ ព្រឹត្តិការណ៍លេចធ្លោបំផុតលើពិភពលោក នៅក្នុងឆ្នាំ២០១៤ ដែលជ្រើសតាំងដោយទីភា្នក់ងារសារព័ត៌មានវៀតណាម

នៅឆ្នាំ២០១៤ លើពិភពលោកមានការប្រែប្រួលជាច្រើនធ្វើឲ្យមតិសាធារណៈចាប់អារម្មណ៍យ៉ាង​ពិ​សេស​។ ខាងក្រោមនេះ គឺ ១០ ព្រឹត្តិការណ៍លេចធ្លោបំផុត ដែលជ្រើស​តាំងដោយ​ទីភា្នក់ងារ​សារ​ព័ត៌មាន​វៀតណាម ៖

1. ភាពតានតឹងនៅសមុទ្រខាងកើត និងសមុទ្រចិនខាងកើក
ជម្លោះ អធិបតេយ្យភាពនៅលើសមុទ្រខាងកើត និងសមុទ្រចិនខាងកើតក្លាយទៅជា តានតឹង ពិសេសក្រោយពេល​ចិន​បណ្តាក់​ស្ថានីយ៍ខួងបូមប្រេង ហាយយឿង-៩៨១ ខុសច្បាប់នៅក្នុងតំបន់ខ្ពង់រាបបាតសមុទ្រ និង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់វៀតណាម។ សហគមន៍អន្តរជាតិសម្តែងការព្រួយបារម្ភ និងថ្កោល​ទោស​យ៉ាង​ខ្លាំង​នូវ​សកម្មភាព​ដែល​បង្ក​ហេតុ​ ក៏ដូចជាឧបាយកលរឹបយកម្នាក់ឯង នូវសមុទ្រខាងកើតរបស់ប្រទេសចិន។

នៅថ្ងៃទី៣១ ខែឧសភា ថ្លែងការក្នុងកិច្ចប្រជុំកំពូលសន្តិសុខនៃទ្វីបអាស៊ីលើកទី១៣ នៅប្រទេសសឹង្ហបុរី លោករដ្ឋមន្រ្តី​ការពារជាតិ​សហរដ្ឋ​អាមេរិក Chuck Hagel អះអាងថាសហរដ្ឋអាមេរិកប្តេជ្ញាជំទាស់នឹងប្រទេសណាមួយ ដែលប្រើបា្រស់វិធានការសម្លុត បង្ខិតបង្ខំ ឬគំ​រាមកំហែង ដោយប្រើកម្លាំង ដើម្បីទាមទារអធិបតេយ្យភាពនៅសមុទ្រខាងកើត។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានបារាំង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

2. ការវិបត្តិនៅប្រទេសអ៊ុយក្រែន
ការវិបត្តិនៅប្រទេសអ៊ុយក្រែនមានប្រភពអំពីជម្លោះបក្សពួក និងការជម្រើសផ្លូវអភិវឌ្ឍន៍ទឹកដី បាន​នាំ​ឲ្យ​ប្រធានាធិបតី Viktor Yanukovich ត្រូវទម្លាក់ងារ។ ឧបទ្វីប Crimea ផ្តាច់ចេញពីប្រទេសអ៊ុយក្រែន ហើយបញ្ចូល​ទៅ​ក្នុង​​​ប្រទេស​រុស្ស៊ី​វិញ​ក្នុងពេលដែលចលនាទាមទារឯករាជនៅតំបន់ខាងកើត កើនឡើងយ៉ាងខ្លាំងក្លា។ ការ​វិបត្តិ​នៅ​ក្នុង​ប្រទេស​អឺ​រ៉ុប​ខាង​កើតនេះ បានជម្រុញការទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិចដល់កំរិតអាក្រក់បំផុត ចាប់​តាំង​​ពី​ក្រោយ​សង្គ្រាម​ត្រជាក់។

បាតុកម្ម កុប្បកម្មនៅប្រទេសអ៊ុយក្រែន។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានបារាំង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

3. ប្រទេសគុយបានិងសហរដ្ឋអាមេរិកសម្រេចចិត្តធ្វើប្រក្រតីភាវូបនិយកម្មទំនាក់ទំនង
ថ្ងៃទី១៧ ខែធ្នូ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ក្នុងការទំនាក់ទំនងរវាងគុយបានិងសហរដ្ឋអាមេរិក ពេល​លោក​ប្រធានរដ្ឋគុយបា Raul Castro និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama ព្រម​ៗ​គ្នា​ប្រកាស​សេចក្តី​​សម្រេចចិត្តប្រក្រតីភាវូបនិយកម្មនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្រោយពីជាង​ពាក់​កណ្តាល​សតវត្សរ៍​​​​ត្រូវបង្អាក់។  


ប្រជាជនគុយបាធ្វើក្បួនព្យុហយាត្រា គាំទ្រសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលអំពីប្រក្រតី​ភាវូបនិយកម្ម​នូវ​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​សហរដ្ឋ​អាមេរិក។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានបារាំង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

4. ការងើបឡើងនៃកម្លាំង ”រដ្ឋសាសនាអ៊ីស្លាម” ស្វ័យប្រកាស
មជ្ឈឹមបូព៌ាធ្លាក់ក្នុងស្ថានភាពអស្ថេរភាពធ្ងន់ធ្ងរ ពេលកងកម្លាំង ”រដ្ឋសាសនាអ៊ីស្លាម” (IS) ស្វ័យប្រកាស វាយ​យកតំ​បន់​​ដីជាច្រើននៅប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី។ ជាមួយសកម្មភាពភេរវកម្មព្រៃផ្សៃ និងកលល្បិច​បន្ត​ពង្រីក​ផ្ទៃ​ដី​កាន់​កាប់​ IS កំពុងក្លាយជាការគំរាមកំហែងដល់សន្ដិសុខទូទាំងពិភពលោក។ សម្ព័ន្ធភាពអន្ដរជាតិ​មួយ​មានការចូល​រួម​នៃ​ប្រទេស​ចំនួន៦០ ដោយសហរដ្ឋអាមេរិកនាំមុខ បានបង្កើតឡើងដើម្បីប្រឆាំងនឹងIS។ ក្នុងពេលនោះ បណ្តាញ​ភេរវកម្ម​ទាំង​ឡាយដូចជា៖ អាល់កៃដា ក្រុមតាលីបង់ បូកូហារ៉ាមក៏ បង្កើនសកម្មភាពយ៉ាងខ្លាំងក្លា ដោយការ​វាយប្រហារ​ជា​បន្ត​បន្ទាប់​ចាប់ចំណាប់ខ្មាំង និងសម្លាប់យ៉ាងព្រៃផ្សៃ។

ពួកបះបោរ IS សម្លាប់បុគ្គលិកសន្តិសុខអ៊ីរ៉ាក់រាប់ម៉ឺននាក់នៅខេត្ត Salaheddin។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានបារាំង / ទីភ្នាក់ងារ​សារ​ព័ត៌​មានវៀតណាម


5. តម្លៃប្រេងឆៅលើពិភពលោកធ្លាក់ចុះខ្លាំង
តម្លៃប្រេងឆៅលើពិភពលោកធ្លាក់ចុះកំរិតទាបបំផុតក្នុងរយៈពេល៥ឆ្នាំកន្លងមក មានដំណាក់កាលក្រោម៦០ដូល្លា​អាមេរិ​កក្នុងមួយធុង ជះឥទ្ធិពលខ្លាំងដល់វិស័យសេដ្ឋកិច្ចលើពិភពលោក ពិសេសគឺបណ្តា​វិស័យ​សេដ្ឋកិច្ច​ដែល​ចំ​ណុះ​ការ​នាំចេញបេ្រងរ៉ែ។

 

រោងចក្រចម្រាញ់ប្រេង Rosneft នៅទីរួមស្រុក Gubkinsky តំបន់ខាងលិចស៊ីបេរី(រុស្ស៊ី)។ រូបថត៖ ទីភ្នាក់ងារ​សារ​ព័ត៌មាន​បារាំង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

6. ការរីករាលដាលមេរោគ Ebola នៅតំបន់អាហ្រ្វិកខាងលិច
ការរីករាលដាលមេរោគ Ebola នៅតំបន់អាហ្រ្វិកខាងលិច ធ្វើឲ្យមនុស្សចំនួនជាង៧.៥០០នាក់ស្លាប់ ក្នុង​ចំណោម​ជិត​ ​២០.០០០ករណីឆ្លងមេរោគ។ ការឆ្លងរាលដាលឆាប់រហ័សនៃមេរោគនេះបង្កការព្រួយបារម្ភលើពិភពលោក។ បណ្តា​​ការ​ខិតខំស្រាវជ្រាវ សាកល្បងវ៉ាក់សាំង បង្ការមេរោគ Ebola ជំហានដំបូងផ្តល់ចម្លើយវិជ្ជមាន។

បុគ្គលិកសុខាភិបាលបញ្ជូនអ្នកឆ្លងជម្ងឺ Ebola ទៅមន្ទីរពេទ្យនៅ Biankouma Cote d'Ivoire នៅថ្ងៃទី១៤ ខែសីហា។ រូបថត៖ ទីភ្នាក់​ងារ​សារ​ព័ត៌មានបារាំង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


7. គ្រោះមហន្តរាយអាកាសចរណ៍ និងផ្លូវទឹកលើពិភពលោក
ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី រងគ្រោះថ្នាក់មហន្តរាយពីរករណីបន្តបន្ទាប់គ្នា ពេលដែលយន្តហោះពាក់ផ្លាក MH370 ដឹកអ្នកដំណើរ២៣៩នាក់ និងក្រុមអាកាសយានិកបាត់ខ្លួនដោយអាថ៌កំបាំង នៅថ្ងៃទី៨ ខែមិនា ក្នុងដំណើរពី គូឡាឡាំពួ ទៅកាន់ក្រុង ប៉េកាំង។ យន្តហោះពាក់ផ្លាក MH17 ត្រូវបាញ់ធ្លាក់នៅតំបន់ភាគខាងកើត នៃប្រទេស​អ៊ុយ​ក្រែន​​ នៅថ្ងៃទី១៧ ខែកក្កដា ធ្វើឲ្យអ្នកដំណើរទាំង២៩៨នាក់ និងក្រុមអាកាសយានិកបាត់បង់អាយុជីវិត។ នៅថ្ងៃទី២៣ ខែកក្កដា យន្តហោះពាក់ផ្លាក GE222 របស់ក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន TransAsia​ Airways​ ត្រូវធ្លាក់​ នៅ​ហូ​ប៉េង​ តៃ​វ៉ាន់​ (ប្រទេសចិន) ធ្វើឲ្យមនុស្ស៤៨នាក់បាត់បង់អាយុជីវិត។

មួយថ្ងៃក្រោយនោះ យន្តហោះពាក់ផ្លាក AH5017 របស់ក្រុមហ៊ុនអាកាសចរណ៍ Air Algeria ត្រូវ​ធ្លាក់​នៅ​ភាគ​ខាង​ជើង​នៃ​​ប្រទេសម៉ាលី ដោយជៀសព្យុះ ធ្វើឲ្យមនុស្ស១១៨នាក់បាត់បង់អាយុជីវិត។ នៅថ្ងៃទី១៤ ខែមេសា ករណី​លិច​នា​វា​ចម្លង SEWOL បានប្លន់យកអាយុជីវិតរបស់អ្នកដំណើរចំនួន៣០០នាក់ ហើយជាករណីគ្រោះថ្នាក់​ផ្លូវ​ទឹកធ្ងន់ធ្ងរ​បំផុត​ក្នុង​​​ប្រវិត្តិសាស្រ្តនៃប្រទេសកូរ៉េ។

ទីកន្លែងយន្តហោះពាក់ផ្លាក MH17 របស់ម៉ាឡេស៊ីត្រូវធ្លាក់នៅខេត្ត Donetsk ភាគខាងកើតនៃប្រទេសអ៊ូក្រេណា ថ្ងៃទី១៧ខែកក្កដា។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានបារាំង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


8. សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុសម្រេចបានការព្រមព្រៀង
សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២០ ( COP – ២០) នៅលីម៉ា (ប៉េរូ) នៅថ្ងៃទី១៤ ខែ​ធ្នូ​ សម្រេចបានការព្រមព្រៀងគោល សន្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ទោះបីការព្រមព្រៀង​មិន​ទាន់​នាំមក​ភាពចងភ្ជាប់ច្រើន និងមិនទាន់ដោះស្រាយបានជម្លោះមូលដ្ឋានរវាងភាគីទាំងឡាយ ប៉ុន្តែ​នេះបានចាត់​ទុក​ជា​សញ្ញា​​វិជ្ជមាន បង្កើតខឿនកសាងសេចក្តី​ព្រៀងនៃកិច្ចព្រមព្រៀង​ទូទាំង​ពិភពលោក​ស្តីពី​ការ​ប្រែ​ប្រួល​អាកាសធាតុ គ្រោង​​​នឹងយកចេញមកពិភាក្សាក្នុង COP-២១ នៅទីក្រុងប៉ារីស (បារាំង) ក្នុងឆ្នាំ២០១៥។

 

សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២០ (COP – ២០) នៅលីម៉ា (ប៉េរូ)។ រូបថត៖ ទីភ្នាក់​ងារ​សារ​ព័ត៌មាន​បារាំង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

9. ជម្លោះបង្ហូរឈាមកើតឡើងនៅតំបន់ហ្គាហ្សា
ដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ាធ្លាក់ក្នុងការជាប់គាំង កាលថ្ងៃទី១៨ ខែកក្កដា អ៊ីស្រាអែលផ្តើមបង្កើតយុទ្ធនាការ “ខ្សែក្រវាត់​ការពារ” ដើម្បីសងសឹកចំពោះបណ្តាករណីបាញ់គ្រាប់រ៉ុក្កែតរបស់ចលនាហាម៉ាស​ពីតំបន់​ហ្គាហ្សាចូលមក​ប្រទេស​នេះ​។ យុទ្ធនាការយោធាបង្ហូរឈាមអូសបន្លាយរយៈពេល៥០ថ្ងៃ ធ្វើឲ្យជនប៉ាឡេស្ទីនជាង២.១០០នាក់បាត់​បង់​​អាយុជីវិត​ និងអ្នករងរបួសចំនួន ១១.០០០នាក់ ភាគច្រើនជាស្រ្តីនិងកុមារ។ នៅថ្ងៃទី២៦ខែ​សីហា ភាគីទាំង​ឡាយ​​សម្រេច​​បានការព្រមព្រៀងបង្អាក់បាញ់ នាំមកនូវភាពសុខសាន្តបណ្តោះអាសន្នឲ្យតំបន់ហ្គាហ្សា។


យន្តហោះអ៊ីស្រាអែលទម្លាក់គ្រាប់បែកចុះតំបន់ហ្គាហ្សា នៅថ្ងៃទី២៩ ខែមិថុនា។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានបារាំង / ទីភ្នាក់​ងារ​សារ​​ព័ត៌មានវៀតណាម

10. យានអវកាស Rosetta ដាក់មនុស្សយន្ត លើផ្ទៃនៃផ្កាយដុះកន្ទុយ
ក្រោយពេលធ្វើដំណើរអស់រយៈពេលប្រហែល១០ឆ្នាំ នៅថ្ងៃទី១២ ខែវិច្ឆិកា យានអវកាស Rosetta របស់អង្គការ​អវ​កាស​​អ៊ឺរ៉ុប បានដាក់មនុស្សយន្ត Philae លើផ្ទៃនៃផ្កាយដុះកន្ទុយ Churyumov–Gerasimenko ស្ថិតនៅចម្ងាយ ៥០០លាន​​គីឡូម៉ែត្រ ពីផែនដី។ មនុស្សយន្តនេះ មានទម្ងន់ប្រមាណ១០០គីឡូក្រាម នាំតាមសម្ភារៈវិទ្យាសាស្រ្តជាច្រើន ដើម្បី​ថតរូបនិង​ពិនិត្យផ្ទៃមុខនៃផ្កាយដុះកន្ទុយ។ នេះគឺជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្ត យានអវកាស​មួយ​ចុះ​លើ​ផ្ទៃ​នៃផ្កាយដុះកន្ទុយ បើកចេញឱកាសជាច្រើន ដើម្បីស្រាវជ្រាវប្រវត្តិកកើតប្រព័ន្ធព្រះអាទិត្យ។

រូបភាពមនុស្សយន្ត Philae ចុះលំហអាកាសឃ្លាតពីផ្ទៃនៃផ្កាយដុះកន្ទុយប្រមាណ៣គីឡូម៉ែត្រ (រូបភាពដោយ ESA ផ្តល់ឲ្យ)។ ទីភ្នាក់ងារសារព័ត៌មានបារាំង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

អនុវត្ត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម / កាសែតរូបភាពវៀតណាម

បណ្តាអត្ថបទបានផ្សាយ