30/07/2018 09:54 GMT+7 Email Print Like 0

អ្នកបោះឆ្នោតចំនួនជាង ៨០ % ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦

ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅភ្នំពេញបានដកស្រង់លទ្ធផលជាបឋមពីគណៈកម្មា​ធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយបង្ហាញថា ការបោះឆ្នោតនៅអាណត្តិនេះ ប្រជាពលរដ្ឋបានទៅចូលរួមបោះឆ្នោតនៅទូទាំងប្រទេសចំនួនជិត ៦,៧៥០,០០០ នាក់ ក្នុងចំនួនជាង ៨,៣៨០,០០០ នាក់ស្មើនឹង ៨០,៤៩ % នៃប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី ៦ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨។


អ្នកបោះឆ្នោតទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោត
នៅក្នុងរាជធានីភ្នំពេញនាថ្ងៃទី ២៩ កក្កដា (រូបថត៖ vnanet.vn)

ចំនួននេះមានការកើនឡើងយ៉ាងខ្លាំងលើសពីឆ្នាំ ២០១៣ ដែលមានតែ ៦៩,៦០% ផងដែរ។ ក្នុងនោះ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ឲ្យដឹងថា បញ្ហាសន្ដិសុខ និងសណ្ដាប់ធ្នាប់នៃការបោះឆ្នោតអាណត្តិទី៦នេះ បានបិទបញ្ចប់ដោយភាពល្អប្រសើរ គ្មានអំពើហិង្សា គ្មានគំរាមកំហែងនិងការរំខានអ្វីមួយនោះឡើយនៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស​កម្ពុជា។

សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញនូវសារថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ ដែលបានអញ្ជើញទៅបោះឆ្នោតដ៏ច្រើនលើសលុប ដែលនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីជ្រើសរើសផ្លូវប្រជាធិបតេយ្យ និងការប្រើប្រាស់សិទ្ធិប្រជាពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

ការបោះឆ្នោតលើកនេះ មានគណបក្សនយោបាយចំនួន ២០ ចូលរួមការបោះឆ្នោតសកលនៅកម្ពុជា។ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះនឹងត្រូវប្រកាសនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ប្រសិនជាគ្មានការបោះឆ្នោតសារជាថ្មី។ ដោយឡែកលទ្ធផលផ្លូវការក៏នឹងប្រកាសនៅថ្ងៃ​ទី១៥ ខែសីហា ឆ្នាំ២០១៨ ផងដែរ៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

បណ្តាព័ត៌មានបានផ្សាយ