08/07/2021 12:44 GMT+7 Email Print Like 0

អាស៊ាន និងរុស្ស៊ីខិតខំប្រឹងប្រែងជំរុញការស្ដារឡើងវិញ និងរចនាសម្ព័ន្ធតំបន់អាស៊ី - ប៉ាស៊ីហ្វិក

ទិដ្ឋភាពនៃកិច្ចប្រជុំ
 

នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២១ កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - រុស្ស៊ី តាមប្រព័ន្ធវីដេអូ បានប្រព្រឹត្តិទៅក្រោមសហ អធិបតីភាពរបស់លោក Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov។

នៅក្នុងកិច្ចប្រជុំនេះ តំណាងភាគីនានាបានឯកភាពគ្នាថា នឹងចាប់ផ្ដើម យន្តការ ពិគ្រោះយោបល់មួយចំនួនរវាងអាស៊ាននិងសហព័ន្ធរុស្ស៊ី។ ក្នុងបរិបទដែល ជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ ភាគីទាំងពីរបានអះអាងថា ចាំបាច់ត្រូវសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ សំដៅរុញថយក្រោយការឆ្លងរាលដាលនៃជំងឺរាតត្បាតបំប្លែងថ្មី ព្រមទាំងសម្របសម្រួលក្នុងតំបន់ និងពិភពលោកក្នុងការចែកចាយវ៉ាក់សាំងដល់ប្រជាជនគ្រប់រូបក្នុងតំបន់។ បណ្ដាប្រទេសអាស៊ានបានឯកភាពគ្នាសហប្រតិបត្តិការយ់ាងជិតស្និទ្ធិជាមួយសហព័ន្ធរុស្ស៊ី ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ រក្សាខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងសហភាពសេដ្ឋកិច្ចអាស៊ី អឺរ៉ុប (EAEU) ជាមួយអាស៊ាន។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានស្នើ ភាគីទាំងពីរចាំបាច់ត្រូវរួមសហការគ្នាដោយឥតឈប់ឈរកសាងជំនឿទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក គោរពច្បាប់អន្តរជាតិ ដើម្បីឆ្លើយតបនឹងរាល់បញ្ហាប្រឈមនានាដែលគំរាមកំហែងដល់ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់របស់រុស្ស៊ីនិងអាស៊ាន។ លោករដ្ឋមន្រ្តី Bui Thanh Son បានអះអាងពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការអនុវត្ត សេចក្ដីថ្លែងការណ៍ ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)ប្រកបដោយប្រសិទ្ធភាព និងសម្រេចការចរចាលើ ក្រមប្រតិបត្ដិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ។

បញ្ចប់កិច្ចប្រជុំនេះ រុស្ស៊ី និងឥណ្ឌូនេស៊ីបានចេញសេចក្តីថ្លែងការណ៍របស់សហប្រធានកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេស អាស៊ាន - រុស្ស៊ី។ ក្នុងឱកាសនេះ រុស្ស៊ីបានស្នើឱ្យរៀបចំកិច្ចប្រជុំកំពូលអាស៊ាន - រុស្ស៊ីលើកទី ៤ នៅខែតុលាឆ្នាំ ២០២១ ខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ