23/06/2020 15:01 GMT+7 Email Print Like 0

អាស៊ានប្ដេជ្ញាចិត្តជំរុញរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ានដោយមិនអើពើដល់ជំងឺឆ្លង Covid-19

នាព្រឹកថ្ងៃទី២២ មិថុនា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ ត្រៀមឲ្យកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦។

អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung (រូបថត៖ baoquocte.vn)


ថ្លែងនៅទីនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung បានឲ្យដឹងថា កិច្ចប្រជុំត្រៀមនេះផ្ដោតសំខាន់ទៅលើបញ្ហាសំខាន់ៗ របស់អាស៊ានដូចជាការកសាងសហគមន៍អាស៊ានក្រោយកិច្ចប្រជុំកំពូលពិសេសអាស៊ាននិងអាស៊ាន+៣ ទំនាក់ទំនងរវាងអាស៊ានជាមួយបណ្ដាដៃគូសន្ទនានិងសកម្មភាពត្រៀមរៀបចំឲ្យកិច្ចប្រជុំកំពូលអាស៊ានដែលនឹង ប្រព្រឹត្តទៅនាថ្ងៃទី២៦ មិថុនា ខាងមុខនេះ។ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានអះអាងថា ទោះបីជាជួបប្រទះនឹងការលំបាកសាកល្បង បង្កឡើងដោយជំងឺរាតត្បាតក៏ដោយ ប៉ុន្តែប្រទេសសមាជិកអាស៊ាននានា នឹងមិនរំលងរបៀបវារៈរបស់ខ្លួននោះឡើយ។ លោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថា៖

“នាបច្ចុប្បន្នជំងឺ Covid-19 នៅតែកំពុងមានការវិវត្តន៍យ៉ាងស្មុគស្មាញ នៅលើពិភពលោកក៏ដូចជាក្នុងតំបន់អាស៊ានផងដែរ ហើយបង្កឡើងការលំបាកឧបសគ្គទៅលើការរៀបចំកិច្ចប្រជុំដោយផ្ទាល់។ ប៉ុន្តែ ខ្ញុំជឿជាក់ថា ជំងឺរាតត្បាតមិនអាចប៉ះពាល់ដល់ការប្ដេជ្ញាចិត្តសហប្រតិបត្តិការគ្នារវាងប្រទេសអាស៊ានទាំងអស់ ក្នុងគោលដៅរួមដៃគ្នាដើម្បីជំនះពុះពារលើដំណាក់កាលដ៏លំបាកនេះ ឆ្ពោះទៅរកគោលដៅនិងអាទិភាពរួមនានា របស់អាស៊ាន”។

នៅកិច្ចប្រជុំនេះដែរ តំណាងនៃប្រទេសអាស៊ាននានាបានវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០របស់វៀតណាម ជាពិសេសគឺក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពនឹងជំងឺរាតត្បាត Covid-19 ហើយគាំទ្រចំពោះការអនុវត្តលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាននិងអាស៊ាន+៣ស្ដីពីការឆ្លើយតបនឹងជំងឺ Covid-19។ ក្រៅពីនោះ បណ្ដាប្រទេសអាស៊ានក៏បាន សន្យាបន្តសហការជាមួយវៀតណាមដើម្បីសម្រេចរួចរាល់គោលដៅអាទិ ភាពនានាតាមកម្មវិធីដែលបានដាក់ចេញផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ