10/07/2015 09:10 GMT+7 Email Print Like 0

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមជួបជាមួយព្រឹទ្ធសមាជិកនិងសមាជិកសភាជាន់ទាបអាមេរិក

នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ (តាមម៉ោងអាមេរិក) ពោលគឺយប់ថ្ងៃទី៨កក្កដា (តាមម៉ោងវៀត​ណាម​)​ នៅ​ទីស្នាក់ការរដ្ឋសភាអាមេរិក អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានមានជំនួបជាមួយព្រឹទ្ធសមាជិកនិងសមាជិកសភាជាន់ទាបអាមេរិក។ អតីតប្រធានព្រឹទ្ធសភាអាមេរិកលោក Patrick Leahy ធ្វើជាអធិបតីជំនួបនេះ។ នៅទីនេះ បណ្តាសមាជិកសភាអាមេរិកបាន សម្តែងនូវការគាំទ្រចំពោះការបង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងវៀតណាម ព្រមទាំងមានបំណងជម្រុញកិច្ច​សហប្រតិបត្តិការ​រវាងអាមេរិកនិងរដ្ឋនានារបស់អាមេរិកជាមួយវៀតណាមលើគ្រប់វិស័យ ក្នុងនោះ មានបញ្ហាពាណិជ្ជកម្មនិងសន្តិសុខ។ សមាជិកសភាអាមេរិកក៏បានសម្តែងនូវការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើសភាពការណ៍​នៅសមុទ្រខាងកើតនាពេលថ្មីៗនេះផងដែរ។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមជួបជាមួយព្រឹទ្ធសមាជិកនិងសមាជិក
សភាជាន់ទាបអាមេរិក (រូបថតៈ TTXVN)

ថ្លែងមតិក្នុងជំនួបនេះ អគ្គលេខា Nguyen Phu Trong បានឲ្យដឹងថា ទំនាក់​ទំនងនៃប្រទេសទាំងពីរវៀតណាមនិងអាមេរិកមានការអភិវឌ្ឍន៍យ៉ាងសកម្មនារយៈ២០ឆ្នាំកន្លងទៅគឺដោយសារឈរលើមូលដ្ឋានគោរពរាល់គោលការណ៍សំខាន់ក្នុងទំនាក់ទំនងអន្តរជាតិ នោះគឺគោរពគ្នាទៅវិញទៅមក ត្រៀមខ្លួនជា​ស្រេចបើកចំហររាល់កិច្ចចរចារ ដើម្បីទទួលបានការយល់ដឹងរួមលើបណ្តាបញ្ហា ដែលខ្វែងគំនិតរវាងប្រទេសទាំងពីរ។ លោកអគ្គលេខាក៏បានវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋសភាអាមេរិកសម្តែងនូវការយកចិត្តទុកដាក់ ដោយមានការរួមចំណែកយ៉ាងសកម្មចំពោះបញ្ហាសមុទ្រខាងកើត។ លោកបានអះអាងថា វៀតណាមនៅតែប្រកាន់ខ្ជាប់ការ​ផ្តូចផ្តើមគំនិតក្នុងការដោះស្រាយជំលោះដោយសន្តិវិធីតាមរយៈការគោរពច្បាប់អន្តរជាតិ អនុសញ្ញា​អ.ស.ប​ស្តីពីច្បាប់សមុទ្រ(UNCLOS)ឆ្នាំ១៩៨២។

ក៏ក្នុងថ្ងៃដដែល អគ្គលេខា Nguyen Phu Trong បានមានជំនួបសន្ទនាជាមួយព្រឹទ្ធសមាជិក John McCain ។ ក្នុង​ជំនួបនេះ ព្រឹទ្ធសមាជិក John McCain បានអះអាងថា ភាគីអាមេរិកត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសហប្រតិបត្តិការលើ​គ្រប់វិស័យជាមួយវៀតណាមជាពិសេសលើវិស័យយោធានិងសន្តិសុខ។ លោក John McCain ក៏​បានពិភាគ្សាជាមួយលោក Nguyen Phu Trong អំពីបញ្ហាអន្តរជាតិនិងតំបន់មួយចំនួនក្នុងនោះមានស្ថាន​ភាពនៅ​សមុទ្រខាងកើតនិងសន្តិសុខបណ្តាញអ៊ីនធើណែតជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ