12/08/2021 14:46 GMT+7 Email Print Like 0

អគ្គលេខាបក្សលោក Nguyen Phu Trong៖ រដ្ឋាភិបាលធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព

នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាលបានប្រារព្ធឡើង កិច្ចប្រជុំតាមអ៊ិនធឺណែតទូទាំងប្រទេសលើកដំបូង របស់រដ្ឋាភិបាលសម្រាប់អាណត្តិ ២០២១-២០២៦ ដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្ត នៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ និងសេចក្តីសម្រេចរបស់រដ្ឋសភានីតិកាលទី ១៥ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់ដំណាក់កាល ២០២១-២០២៥។

អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើថា រដ្ឋាភិបាលសម្រាប់អាណត្តិ ២០២១-២០២៦ គួរតែបន្តលើកកម្ពស់លទ្ធផលល្អប្រសើរ សមិទ្ធផលដ៏ធំធេងនិងមេរៀនដ៏មានតម្លៃ ដែលរដ្ឋាភិបាលអាណត្តិមុនទទួលបានក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ ទន្ទឹមជាមួយគ្នានោះ ខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងថែមទៀត លើមាគ៌ាផ្លាស់ប្តូរថ្មី លើកកម្ពស់គុណភាព សុពលភាពនិងប្រសិទ្ធភាពនៃប្រតិបត្តិការនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ដើម្បីសម្រេចបានជោគជ័យនូវគោលដៅនិងភារកិច្ចដែលមហាសន្និបាតបក្សលើកទី ១៣ សន្និបាតមជ្ឈឹមលើកទី ៣ របស់បក្សនិងសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៥ បានដាក់ចេញ។

 

កិច្ចប្រជុំលើកដំបូងរបស់រដ្ឋាភិបាលអាណត្តិទី ១៥  (រូបថត៖ vov.vn)
 
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ (រូបថត៖ vov.vn) 
 
កិច្ចប្រជុំលើកដំបូងរបស់រដ្ឋាភិបាលសម្រាប់អាណត្តិ ២០២១-២០២៦ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺរណែត (រូបថត៖ vov.vn)
 

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖ “ផ្តល់អាទិភាពដល់ការអនុវត្តភារកិច្ចសំខាន់ៗចំនួន ៦ និងចំណុចលោតផ្លោះយុទ្ធសាស្ត្រចំនួន ៣ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានឆាប់រហ័សនិងប្រកបដោយនិរន្តរភាព ដោយផ្អែកលើការមូលដ្ឋាននៃការពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ភាពប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាពង្រីកនូវសក្តានុពលនិងគុណសម្បត្តិរបស់ប្រទេសជាតិ។ ទន្ទឹមជាមួយគ្នានោះ រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញដោយភ្ជាប់ជាមួយការធ្វើឱ្យប្រសើរឡើងនូវគំរូកំណើន និងអនុវត្តន៍ដំណោះស្រាយដំណាលគ្នាដើម្បីយកឈ្នះលើផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩  រួមទាំងស្តារសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ ជាងនេះទៅទៀត ត្រូវធានាជីវភាពសុខសន្តិភាពនិងសុភមង្គលជូនប្រជាជន និងផ្តោតលើការការពារបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; ពង្រឹងកិច្ចការពារជាតិនិងសន្តិសុខ; តស៊ូយ៉ាងម៉ឺងម៉ាត់ដើម្បីការពារឯករាជ្យជាតិ អធិបតេយ្យភាព បង្រួបបង្រួមនិងបូរណភាពទឹកដីនិងរក្សាបរិយាកាសសន្តិភាពនិងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ជាមួយគ្នានោះ  ធ្វើសមាហរណកម្មយ៉ាងសកម្ម លើកកម្ពស់ប្រសិទ្ធភាពកិច្ចការបរទេស តួនាទីនិងកិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ”។

ក្នុងបរិបទស្ថានភាពដែលមានភាពរហ័សរហួននិងស្មុគស្មាញនៅលើពិភពលោក និងនៅក្នុងប្រទេស អគ្គលេខាបក្សលោក Nguyen Phu Trong ក៏បានស្នើឲ្យរដ្ឋាភិបាលអាណត្តិ ២០២១- ២០២៦ បន្តរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាមួយការពង្រឹងនិងពង្រីកកិច្ចការពារជាតិនិងសន្តិសុខ ស្របតាមបាវចនា៖ “ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមគឺជាភារកិច្ចស្នូល ការធានាកិច្ចការពារជាតិនិងសន្តិសុខជាតិមានសារៈសំខាន់និងជាប្រចាំ”។ នៅក្នុងយុទ្ធសាស្ត្រទាំងអស់ ផែនការមេនិងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមត្រូវតែគិតគូរដល់បញ្ហាការពារជាតិនិងសន្តិសុខសង្គមជានិច្ច៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ