22/08/2018 10:33 GMT+7 Email Print Like 0

សេដ្ឋកិច្ចពិភពលោកក្រោមការជះឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន


 ប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖  AFP)

 ស្ថានភាពតាន​តឹងក្នុងអំឡុងប៉ុន្មានខែកន្លងទៅ រវាងខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោក នោះគឺ​សហរដ្ឋ​អាមេរិក​និង​ប្រទេសចិន បានចាប់ផ្ដើមជះឥទ្ធិពល ទៅលើទីផ្សារសកល។ ក្រៅពីការធ្លាក់​ចុះនៃ​ទិផ្សារ​ភាគ​ហ៊ុន​ស្នូល​​មួយ​ចំនួន ពិភពលោកក៏កំពុងសរឲ្យឃើញ​នូវការធ្លាក់ចុះតំលៃ ​នៃរូបិយ​ប័ណ្ណក្នុង​ស្រុក​បើប្រៀប​នឹង​ប្រាក់​ដុល្លា​អាមេរិក​។ ក្នុងរយៈពេលយូរអង្វែង សង្គ្រាម​ពាណិជ្ជកម្មរវាង អា​មេរិក​និង​ចិន​កំពុង​ក្លាយ​ទៅជា​គ្រោះ​អាសន្ន​ដ៏ធ្ងន់​ធ្ងរ​បំផុតទៅលើកំណើនសេដ្ឋកិច្ចសក​ល​។
 
ការជះឥទ្ធិពលអវិជ្ជមានទៅលើទីផ្សារជាច្រើន
 
ចិន ឥណ្ឌា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និង​ប្រទេស​ផ្សេងមួយ​ចំនួន​កំពុង​ឃើញ​ដោយ​ផ្ទាល់​ផ្នែក​ការ​ធ្លាក់​ចុះតំលៃនៃ​រូបិយ​ប័ណ្ណក្នុ​ង​ស្រុកខ្លួន។ ចាប់ពីខែមិថុនាក​ន្លងមក ​តំលៃប្រាក់​រូពីរបស់​ឥណ្ឌាបា​ន​ធ្លាក់​ចុះនៅ​កម្រិត​ទាប​បំផុត​តាំង​ពីមុនមក ខណៈដែលប្រាក់យន់របស់ចិនក៏ធ្លាក់ចុះតំ​លៃប្រមាណ៣,២%ផងដែ​រ។ សង្គ្រាមពាណិជ្ជកម្ម​វាងអាមេរិក​និងចិន​បាន​បណ្ដាល​ឲ្យមជ្ឈដ្ឋាន​វិនិយោគិន​មានការ​ព្រួយបារម្ភ​ជាច្រើននា​ពេលពិចារណា​លើការបណ្ដាក់​ទុនចូលក្នុងទីផ្សារអាស៊ី។ ប្រការនេះត្រូវបានចាត់​ទុ​កថា ជាមូល​ហេតុស្នូល​ដែល​បណ្ដាល​ឲ្យកើតមាន​ឡើងការធ្លាក់​ចុះតំលៃនៃរូបិយប័ណ្ណក្នុងស្រុកនៅប្រទេសអាស៊ីនានា​។
 
ក្នុងពេ​លនោះ ចំពោះកូរ៉េខាងត្បូង ទោះបីជាប្រា​ក់វ៉ុនមិនរង​ការធ្លាក់ចុះ​តំលៃក៏ដោយ​ប៉ុន្តែប្រទេស​អាស៊ីភាគ​ឦសាន​នេះក៏ជាប្រទេសមួយ​ក្នុងចំណោមប្រទេស​ដែលរង​ផលប៉ះ​ពាល់យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិ​ក ចិន ព្រោះថានេះជាដៃគូពាណិជ្ជកម្មជួរមុ​ខទាំងពីររបស់ សេអ៊ូល។​ របាយការណ៍​របស់​សមាគមន៍​ពាណិជ្ជកម្មអន្តរជាតិកូរ៉េខាងត្បូងបានព្យាក​រណ៍ថា GDP នៃប្រទេសនេះនឹងធ្លាក់ចុះប្រមាណ​០,០១៨%​ ស្មើរនឹងទឹកប្រាក់ជាង២៣៦លានដុល្លាអាមេរិកក្នុង​រយៈពេល១ឆ្នាំខាងមុ​ខ ប្រសិន​បើអាមេរិក​និង​ចិន​​ដំឡើងពន្ធ​ប្រមាណ២៥%ទៅលើកញ្ចប់ទំនិញក្នុង​តំលៃ៥០​ពាន់លាន​ដុល្លាអាមេរិករបស់គ្នា។
 
ប៉ុន្តែ​ កូរ៉េខាងត្បូងមិនមែនជាប្រទេសដែលរងការខូចខាតដ៏ធ្ងន់ធ្ងរបំផុតទេ។ លំដាប់ថ្នាក់ទី១គឺ តំបន់​ដែន​ដី​តៃ​វ៉ាន់​ (ចិន) ដោយការធ្លាក់ចុះ GDP តាមការគ្រោងទុកគឺ០,០២​៥%។ លំដាប់ថ្នាក់ទី៣គឺប្រទេសកា​ណាដា ហើយ​បន្ទាប់មក​ទៀតគឺមិកស៊ិកនិងអៀឡង់។​
 
ការទប់ទល់
 
ច្បាស់លាស់​ថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន នឹងជះឥទ្ធិពលអវិជ្ជមានទៅលើសេដ្ឋកិច្ចសកល ប៉ុន្តែ​អ្នក​​ជំនាញ​ការសេដ្ឋកិច្ចមួយចំនួនក៏ចាត់ទុកថា ការធ្លាក់ចុះតំលៃនៃរូបិយប័ណ្ណអាស៊ីជាច្រើននោះ នឹងមាន​លទ្ធភាព​ជាច្រើនមិនក្លាយទៅជាវិបត្តិ។ មូ​លហេតុគឺ ស្ថាប័ន​ឯកទេស​ខាង​គោល​នយោបាយ​រូបិយវត្ថុ​នានា​នៅ​អាស៊ីបាន​ដក​បទពិសោធន៍ពីការធ្លាក់ចុះតំលៃក្នុងឆ្នាំមុ​នៗដូចនាឆ្នាំ២០១៣ ឆ្នាំ២០១៥​ និងឆ្នាំ២០១៦ ដែ​រ។ ឥឡូវ​នេះគេមាន​ប្រតិកម្មដ៏ទាន់ពេលវេលានិងមោះមុតជាង​។ នៅប្រទេសឥណ្ឌូនេស៊ី ដើម្បី​ពង្រឹងតំលៃ​ប្រាក់​រូពៀ​ ប្រទេសនេះបានដំឡើងអត្រាការប្រា​ក់៤ដងក្នុងរយៈពេល៣ខែ។ ​ឥណ្ឌានិង​ហ្វីលីពីន​ក៏ដំណើរការ​ដំឡើង​អត្រា​ការប្រាក់​ក្នុងឆ្នាំនេះផងដែរ។ ក្រៅពីនោះ នាប​ច្ចុប្បន្ន ប្រទេសអាស៊ីនានា​កំពុងផ្ទុក​បម្រុង​រូបិយ​ប័ណ្ណបរទេស​ជាច្រើនជាង​មុន ហើយគ្រប់គ្រងល្អជាងនូវការខាតបង់ថវិកា​របស់ខ្លួន។
 
ក្នុង​ពេល​នោះ ចំពោះខឿនសេដ្ឋកិច្ចផ្សេងៗដូចជាកូរ៉េខាងត្បូងគឺ គេកំពុងកាត់​បន្ថយ​ជាបណ្ដើរ​ៗ​ការពឹង​ផ្អែក​ទៅលើ​ទីផ្សារចិននិងអាមេរិកក្នុងរយៈពេលយូ​រអង្វែង ព្រមទាំងបើក​ទូលាយ​ទំនាក់​ទំនង​ភាព​ជាដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសផ្សេងៗដូចជាឥណ្ឌានិងប្លុកអា​ស៊ាន។
 
ក្នុងបរិបទនេះ​ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី​២៣ ខែសីហា ខាងមុខ អ្នកចរចាអាមេរិក​និងចិន នឹងជួបប្រ​ជុំគ្នា​នៅទី​ក្រុង​វ៉ាស៊ីនតោន សំដៅរិះរកដំណោះស្រាយសម្រាប់ការខ្វែង​គំនិតខាងពាណិជ្ជកម្ម។ ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និងប្រធានរដ្ឋចិនលោក​ Xi Jinping គ្រោងនឹងជួបគ្នានៅវេទិកាសេដ្ឋកិ​ច្ច APEC​ នាពាក់កណ្ដាលខែវិច្ឆិកាខាងមុខនៅប្រទេសប៉ាពួ ញូហ្គីណេផងដែរ។ បន្ទាប់មក គឺជំនួប​នៅកិច្ច​ប្រជុំកំ​ពូល​​ខឿន​សេដ្ឋកិច្ចអភិវឌ្ឍន៍ជួរមុខនិងទើបលេចចេញ (G20) នៅប្រទេសអាហ្សង់ទីននា​ចុងខែ​វិច្ឆិកា​ទៀត​ផង​។
 
បញ្ហាដំឡើងពន្ធលើទំនិញនាំចូល និងសង្គ្រាមពាណិជ្ជកម្មសកល អាចបណ្ដាលឲ្យកំណើន GDP សក​លធ្លាក់​ចុះ​ប្រមាណ​​១ពី៣%ក្នុង​ប៉ុន្មានឆ្នាំខាងមុខ។ ដោយហេតុនេះ រួមជាមួយការ​ចរចារវាង ខឿនសេ​ដ្ឋកិច្ច​ធំ​បំផុតពិ​ភពលោក​ទាំង២នោះ​ គឺការទប់ទល់ដោយ​ម្ចាស់ការ​និង​បត់បែន​របស់ប្រទេស​ដទៃក៏​មាន​សារសំខាន់​ដើម្បីបន្ធូ​របន្ថយ​​ការខូចខាតផងដែរ៕​​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ